Friday, 11 August 2017
ឧទ្ធរណ៍បន្តដាក់ទោសលោក សម រង្ស៊ី ២០ខែពីបទចោទរដ្ឋអំណាចសម្លាប់បណ្ឌិត កែម ឡី
ដោយ ម៉ម មុនីរតន៍
2017-08-11
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ RFA
Photo: RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តឈ្នះក្ដីនៅតុលាការមួយសំណុំរឿងទៀតហើយ ជាមួយនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី។ សភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចរក្សាបទចោទ និងស្ថានទម្ងន់ទោសប្រឆាំងលោក សម រង្ស៊ី ដូចដែលតុលាការក្រុងភ្នំពេញ បានសម្រេចរួចហើយដែរ ជុំវិញបទចោទថា រដ្ឋាភិបាលជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
សាលដីកាដែលសម្រេចដោយកំបាំងមុខប្រឆាំងលោក សម រង្ស៊ី នៅពេលនេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍លោក ញូង ធុល ចាត់ទុកថា សាលក្រមព្រហ្មទណ្ឌរបស់តុលាការក្រុងភ្នំពេញ និងនីតិវិធីសវនាការដេញដោល កាលពីខែមីនា នោះ គឺមានតម្លៃគតិយុត្តិត្រឹមត្រូវតាមផ្លូវច្បាប់។
កាលពីព្រឹកថ្ងៃទី១១ ខែសីហា សាលាឧទ្ធរណ៍បានលើកយកសំណុំរឿងលោក សម រង្ស៊ី ដែលចោទប្រកាន់ថា រដ្ឋអំណាចដែលដឹកនាំដោយលោក ហ៊ុន សែន គឺជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មកជំនុំជម្រះ។ អតីតមេបក្សប្រឆាំងរូបនេះ រងការចោទប្រកាន់ថា បានបរិហារកេរ្តិ៍លោក ហ៊ុន សែន ជាសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តនៅក្នុងអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៦។
លោក គី តិច មេធាវីតំណាងដោយអាណត្តិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់សវនាការថា សាលដីកាដែលសម្រេចដោយសាលាឧទ្ធរណ៍នៅពេលនេះ បានផ្ដល់យុត្តិធម៌ត្រឹមត្រូវដល់ដើមចោទ គឺលោក ហ៊ុន សែន។ លោកបន្តថា នេះគឺជាការឆ្លើយតបដែលមេធាវីដើមចោទ ចង់ឲ្យតុលាការរក្សាបទចោទ និងស្ថានទម្ងន់ទោសដូចសាលក្រមព្រហ្មទណ្ឌរបស់តុលាការក្រុងភ្នំពេញ សម្រេចដែរ៖ «បាទ! នេះជាសំណូមពរខាងភាគីខ្ញុំ គឺសូមតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូង។ ដូច្នេះសាលាឧទ្ធរណ៍បានតម្កល់ហើយមិញនេះ»។
ថ្វីបើសវនាការដែលបន្តកាត់ក្ដីដោយអវត្តមានទាំងមេធាវី គឺលោក សំ សុគង់ និងលោក សម រង្ស៊ី នៅក្នុងបន្ទប់ជំនុំជម្រះ ក៏សភាស៊ើបសួរសាលាឧទ្ធរណ៍អាចដំណើរការក្ដីបាន ដោយយោងលើសំអាងហេតុ ៤ចំណុចរបស់លោក សម រង្ស៊ី គឺមានបទសម្ភាសន៍ជាមួយអាស៊ីសេរី ការថ្លែងរបស់អតីតមេបក្សប្រឆាំងនៅប្រទេសបារាំង សារដែលត្រូវបានដកចេញពីគណនីហ្វេសប៊ុក (Facebook) ផ្ទាល់របស់លោក សម រង្ស៊ី និងការចុះផ្សាយរបស់កាសែតក្នុងស្រុក។
ក្រៅពីនេះ នៅមានការសំអាងហេតុបន្ថែមទៀត ដែលបើកផ្លូវឲ្យសាលាឧទ្ធរណ៍កាត់ក្តីបាននោះ គឺតុលាការយល់ឃើញថា មាត្រា ៣៦២ នៃក្រុមនីតិវិធីព្រហ្មទណ្ឌ ក៏ជាផ្នែកមួយអាចឲ្យសវនាការដោយកំបាំងមុខជនជាប់ចោទបានដែរ។ ម្យ៉ាងទៀត លោក សម រង្ស៊ី តែងបោះបង់សិទ្ធិចូលរួមសវនាការគ្រប់នីតិវិធីរួចមកហើយ។
បើទោះជាបែបណា ការកាត់ក្តីកាលពីព្រឹកថ្ងៃទី១១ សីហា សង្កេតឃើញថា តុលាការហាក់ពុំបានសួរដេញដោលឲ្យបានស៊ីជម្រៅនោះទេ ដោយគ្រាន់តែបង្គាប់ឲ្យបញ្ចាំងស្លាយអំពីវីដេអូ និងសំឡេងលោក សម រង្ស៊ី បន្តិច ក៏សម្រេចសេចក្ដីយកតែម្ដង។ ប៉ុន្តែដើម្បីឲ្យប្រាកដកាន់តែច្បាស់អំពីភស្តុតាងសំអាងហេតុក្នុងការដាក់បន្ទុកនេះ តុលាការបានបង្គាប់ឲ្យមន្ត្រីនគរបាលបច្ចេកទេសផ្នែកកោសល្យវិច័យនៃនាយកដ្ឋានវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ចំនួន ៣នាក់ ចូលការពារភស្តុតាងនេះថែមទៀតផង នៅក្នុងបន្ទប់ជំនុំជម្រះលើកនេះ។ មន្ត្រីនគរបាលទាំងនោះបានបញ្ជាក់ថា សំឡេង និងរូបភាព ដែលទទួលបានពីតំណាងអយ្យការគឺប្រាកដជាលោក សម រង្ស៊ី មែន។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក អ៊ី ថាវរៈ បានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហ៊ុន សែន។ អំណាចសាលក្រមនេះ សម្រេចផ្ដន្ទាទោសអតីតមេបក្សប្រឆាំងដាក់ពន្ធនាគារ ១ឆ្នាំ ៨ខែ និងពិន័យប្រាក់ចូលរដ្ឋ ១០លានរៀល។ ក្រៅពីនេះ នៅមានសំណងជំងឺចិត្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០រៀលថែមទៀត។
លោក សំ សុគង់ មេធាវីការពារឲ្យលោក សម រង្ស៊ី អះអាងថា លោកពុំបានទទួលលិខិតអញ្ជើញមេធាវីឲ្យចូលរួមការពារក្ដីទេ ហើយលោកហាក់នៅមិនទាន់ប្រាកដដែរថា តើនឹងប្ដឹងសាទុក្ខទៅតុលាការកំពូលបន្ត ឬយ៉ាងណានៅឡើយទេ៖ «ចំពោះខ្ញុំជាមេធាវីការពារឯកឧត្ដម សម រង្ស៊ី ហ្នឹងអត់បានទទួលលិខិតអញ្ជើញទេ។ នេះជាក់ស្ដែង»។
នៅក្នុងសំណុំរឿងដូចគ្នានេះ បានធ្វើឲ្យមានមនុស្សចំនួន ៤នាក់ហើយ រួមទាំងលោក សម រង្ស៊ី ផង ត្រូវជាប់បណ្ដឹងតាមផ្លូវតុលាការ និងមានអ្នកខ្លះក្នុងចំណោមនោះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ ព្រោះតែចោទលោក ហ៊ុន សែន ថា បានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment