Sunday, 13 August 2017
ប្រធានគណបក្សអំណាចខ្មែរត្រូវសមត្ថកិច្ចចាប់ខ្លួន
ដោយ សឿង ភារៈ 13/08/2017 13/08/2017
rfi
លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។
សហការី
លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមផ្លូវពីកំពង់ចាម មកភ្នំពេញនារសៀលនេះ។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីលោកសួន សេរីរដ្ឋា បានរិះគន់លើកម្លាំងយោធាកម្ពុជាបន្ទាប់ពីកម្ពុជាមានករណីវិវាទព្រំដែនជាមួយនឹងប្រទេសឡាវ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោកសួន សេរីរដ្ឋា ដែលនិយមរិះគន់រដ្ឋាភិបាលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៣ ខែសីហា។ នេះបើតាមលោកខៀវ សុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថាការឃាត់ខ្លួននេះគឺដោយសារតែបទល្មើសជាក់ស្តែង ជុំវិញការផ្សព្វផ្សាយរបស់លោក សួន សេរីរដ្ឋា តាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងកងទ័ពកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះមិនអាចបញ្ជាក់បានទេថា រូបលោកសួន សេរីរដ្ឋា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅពេលណានោះ។ ប៉ុន្តែតាមនីតិវិធីគឺសមត្ថកិច្ចអាចឃាត់ខ្លួនពី២៤ម៉ោង ទៅ៧២ម៉ោងប៉ុណ្ណោះ។
កាលពីថ្ងៃទី១២ ខែសីហា លោកសួន សេរីរដ្ឋាបានសរសេរតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ។ លោកថា គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា... ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។
ការរិះគន់របស់លោកសួន សេរីរដ្ឋា ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់ឱសានវាទឲ្យកងទ័ពរបស់ឡាវចេញពីទឹកដីកម្ពុជា និងបញ្ជាទ័ពឲ្យត្រៀមលក្ខណៈ ដើម្បីប្រឆាំងនឹងការចូលមកក្នុងទឹកដីកម្ពុជារបស់ទ័ពឡាវ។
លោកសួង សុភ័ណ្ឌ ដែលទើបតែក្លាយជាអនុប្រធានគណបក្សអំណាចខ្មែរថ្មីៗនេះ បានបញ្ជាក់ថាអត្ថបទរបស់លោកសួន សេរីរដ្ឋា ដែលបាននិយាយពាក់ព័ន្ធនឹងកងទ័ពកម្ពុជានោះ លោកពិនិត្យឃើញថាមិនខុសឆ្គងអ្វីនោះទេ។ លោកបន្ថែមថា អ្វីដែលលោកសួន សេរីរដ្ឋាសរសេរ គឺសង្កត់ធ្ងន់ទៅលើមេទ័ព ព្រោះខ្លាចមេទ័ពដេកម៉ាស៊ីនត្រជាក់ ហើយបណ្តោយឲ្យកូនទាហានធ្វើការងារលំបាក។ លោកបញ្ជាក់ថាសារនោះ មិនមែនបន្ទោសបង្អាប់កងកម្លាំង ឬកូនទាហានកម្ពុជានោះទេ។
សូមបញ្ជាក់ថាលោក សួន សេរីរដ្ឋា ធ្លាប់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៧ឆ្នាំ និងដាក់ពិន័យជាប្រាក់ប្រមាណ ២៥លានរៀល តាមសាលដីកាស្ថាពរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។ ប៉ុន្តែលោកត្រូវបាន ព្រះមហាក្សត្រាស់បង្គាប់លើកលែងទោស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment