Tuesday, 15 August 2017

បក្ស​កាន់​អំណាច​បដិសេធ​រឿង​ឲ្យ​អាជ្ញាធរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នៅ​ឃុំ​ឃ្សឹម


ដោយ ម៉ែន សុធីរ
2017-08-15

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ថា​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា សមាជិក និង​មេ​ភូមិ ថា​ពួក​គេ​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់​លើ ក្នុង​ការ​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នេះ។



អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​អនុវត្ត​គោលការណ៍​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់​ទេ ហើយ​សិទ្ធិ​សម្រេច​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​របស់​ពលរដ្ឋ ជា​ការ​សម្ងាត់។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​គោល​នយោបាយ​តម្រូវ​ឲ្យ​សួរ​ដេញដោល​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ទេ។

ចំពោះ​ព័ត៌មាន​ដែល​ឮ​ថា ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phouc) របស់​វៀតណាម ជាង ៧០០​គ្រួសារ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល អាជ្ញាធរ​នឹង​ប្រគល់​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ បើ​ពួក​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា​គឺ​ជា​រឿង​មិន​ពិត។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ព្រួយ​បារម្ភ​រឿង​នេះ ប្រសិន​បើ​ពលរដ្ឋ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់។

លោក សុខ ឥសាន បន្ត​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ ហើយ​ដី​ណា​គ្មាន​ប្លង់​រឹង ឬ​ប័ណ្ណ​កម្មសិទ្ធិ គេ​ដោះស្រាយ​តាម​រយៈ​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ តែ​បើ​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ ឬ​ប្លង់​រឹង ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។

លោក សុខ ឥសាន ថា​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​ឋានានុក្រម នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​ពាក់ព័ន្ធ មក​សួរនាំ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿង​នេះ ប្រសិន​បើ​អាជ្ញាធរ​ភូមិ​ពិត​ជា​ដើរ​សួរនាំ​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា៖ «គណបក្ស​ប្រជាជន​កម្ពុជា អត់​មាន​គោលការណ៍​អី​ដែល​ធ្វើ​ឲ្យ​ច្បាប់​ទេ កាលណា​សួរ​ចឹង​បាន​ន័យ​ថា យើង​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ហើយ ព្រោះ​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ឋិត​ក្នុង​លក្ខណៈ​សម្ងាត់»។

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល បាន​ទៅ​ប្រឹក្សា​ផ្នែក​ច្បាប់​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) រឿង​អាជ្ញាធរ​បាន​ដើរ​ស្រង់​ឈ្មោះ និង​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​អ្នក​ភូមិ​មាន​មន្ទិល និង​បារម្ភ​ពី​សុវត្ថិភាព និង​រឿង​ផ្ទាល់​ខ្លួន ប្រសិន​បើ​ពួក​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណា​មួយ​ដែល​គេ​ចង់​បាន។

ទោះ​ជា​យ៉ាង​ណា សមាជិក​ភូមិ​ត្រពាំងឈូក ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី មួយ​រូប​ដែល​បាន​ដើរ​សួរនាំ​ពលរដ្ឋ លោក ឈុំ សាមុត ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​សួរ​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ជំរឿន​ងាយស្រួល​គ្រប់គ្រង។ លោក​បញ្ជាក់​ថា កិច្ច​ការងារ​នេះ​គឺ​ជា​បទបញ្ជា​ពី​ថ្នាក់​លើ៖ «គោល​បំណង​ចឹង បើ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គេ​នឹង​វាស់វែង​ដី​ឲ្យ​ឆាប់ៗ តែ​បើ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​គិតគូរ​ឲ្យ​ទេ»។

អនុប្រធាន​ភូមិ​ត្រពាំងឈូក ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី លោក ឃី ឆាយ ទទួល​ស្គាល់​ដែរ​ថា លោក​ពិត​ជា​បង្គាប់​ឲ្យ​សមាជិក​ភូមិ ស្រង់​ឈ្មោះ​ពលរដ្ឋ​មែន តែ​ការ​ស្រង់​នោះ​ដើម្បី​ធ្វើ​ជំរឿន​សមាជិក​បក្ស​កាន់​អំណាច ពុំ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ទេ ហើយ​ទង្វើ​នេះ​ត្រូវ​អនុវត្ត​គ្រប់​ឃុំ​ទាំងអស់​នៅ​ស្រុក​ស្នួល៖ «ការងារ​បក្ស​គេ​ស្រង់​តាម​សមាជិក​បក្ស​គេ​ទេ»។

ប៉ុន្តែ​ជំទប់​ទី​១ ឃុំ​ឃ្សឹម មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ សំអុល បដិសេធ​ថា អាជ្ញាធរ​ពុំ​បាន​បង្គាប់​ឲ្យ​សមាជិក​ភូមិ ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​រឿង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទេ។ លោក​ថា រឿង​នេះ​គឺ​ជា​រឿង​មិន​ពិត៖ «ខ្ញុំ​អត់​បាន​ដឹង​ដែរ​ទេ»។

ចំណែក​ឯ​ជំទប់​ទី​២ ឃុំ​ឃ្សឹម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម ជី ទទួល​ស្គាល់​ថា មេ​ឃុំ​ពិត​ជា​បង្គាប់​ឲ្យ​មេ​ភូមិ និង​សមាជិក​ភូមិ ចុះ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ និង​បារម្ភ​ពី​សុវត្ថិភាព។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​សុំ​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក ហើយ​កិច្ច​ការងារ​នេះ មេ​ឃុំ​ឃ្សឹម បាន​ចាត់​តាំង​ជំទប់​ទី​១ លោក សាយ សំអុល ជា​អ្នក​ចាត់ចែង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ណា​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៖ «តែ​ខ្ញុំ​សួរ​ទៅ​ថ្នាក់​ឃុំ គឺ​តម្រូវ​ពី​ថ្នាក់​ស្រុក​ឲ្យ​ធ្វើ​ចឹង»។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​ថា សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ ដែល​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង ៧០០​គ្រួសារ​បារម្ភ​ខ្លាចក្រែង​អាជ្ញាធរ​មិន​ដោះស្រាយ​ដីធ្លី​ជូន ប្រសិន​បើ​គាត់​ឆ្លើយ​ថា​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា សមាគម​អាដហុក នឹង​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ឆាប់ៗ និង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ដែល​លោក​ចាត់​ទុក​ថា​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់៖ «យើង​នឹង​ចុះ​ជួប​ជាមួយ​មេ​ឃុំ ឬ​អាជ្ញាធរ​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការងារ​ហ្នឹង តាម​រយៈ​ពលរដ្ឋ​ដែល​បាន​ប្ដឹង​ពួក​យើង»។

រដ្ឋធម្មនុញ្ញ​មាត្រា​៣៤ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ចំណែក​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

1 comment:

Anonymous said...

By looking at Ah Kantorb Sok Insane's face, we can understand how deep Yuon's root is in Cambodia.