Friday, 11 August 2017
លោក ហ៊ុន សែន ព្រមានវាយកងទ័ពឡាវបើមិនព្រមដកទ័ពចេញពីទឹកដីកម្ពុជា
ដោយ ខែ សុណង
2017-08-11
យោធារបស់កម្ពុជា ដែលកំពុងឈរជើងនៅតំបន់ព្រំដែនឋិតនៅឃុំថ្មកែវ ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo Provided
Photo Provided
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា មួយសប្ដាហ៍ទៀត កម្លាំងរដ្ឋាភិបាលកម្ពុជា នឹងវាយកម្ទេចកងកម្លាំងយោធារបស់ប្រទេសឡាវ ដែលចូលទឹកដីកម្ពុជា តំបន់អូរអាឡៃ ក្នុងខេត្តស្ទឹងត្រែង យ៉ាងយូរថ្ងៃទី១៧ ខែសីហា ប្រសិនបើរដ្ឋាភិបាលនេះមិនព្រមដកទ័ពចេញពីទឹកដីកម្ពុជា ជាប់ព្រំដែននោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យកងទ័ពកម្ពុជា ដាក់កម្លាំងត្រៀមវាយទ័ពប្រទេសឡាវ ដែលបានចូលទឹកដីខេត្តស្ទឹងត្រែង ស្របពេលដែលលោកគ្រោងនឹងចេញទៅជួបពិភាក្សាបញ្ហាព្រំដែនជាមួយនាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃទី១២ សីហា។
លោក ហ៊ុន សែន មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ លោកបានផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីឡាវ ហើយ ពីករណីដែលកងកម្លាំងរបស់ឡាវ ឆ្លងទន្លេសេកុង ចូលទឹកដីកម្ពុជា ក្នុងហេតុផលទប់ស្កាត់កម្ពុជា មិនឲ្យធ្វើផ្លូវលើដីកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៧ ហើយភ្លាមៗកម្ពុជា ក៏ព្រមផ្អាកសកម្មភាពធ្វើផ្លូវនោះដើម្បីបញ្ចៀសបញ្ហាជាបណ្ដោះអាសន្ន ប៉ុន្តែរហូតមកពេលនេះ លោកថា ភាគីឡាវ មិនទាន់តបលិខិតលោកវិញនៅឡើយ។ លោកបន្តថា លោកគ្រោងទៅជួបនាយករដ្ឋមន្ត្រីឡាវ ភ្លាមៗ បើសិនឡាវ ព្រមជួបជជែកគ្នាពីការដកកម្លាំងចេញពីទឹកដីកម្ពុជា។
លោក ហ៊ុន សែន អះអាងថា លោកធ្លាប់ហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីឡាវ រួចហើយពីករណីនេះ ប៉ុន្តែគ្មានលទ្ធផលរហូតដល់លោកចង់ទៅជួបមេដឹកនាំឡាវ តែម្ដង ដើម្បីសួរឲ្យច្បាស់មុននឹងកម្ពុជា សម្រេចប្រើកម្លាំង៖ «បើសិនជាបងប្អូនឃើញមានការចល័តកងទ័ពសូមកុំភ្ញាក់ផ្អើល គឺគោលដៅទៅស្ទឹងត្រែង ព្រំដែនឡាវ។ មិនអាចឲ្យនរណាមួយជាន់ដីខ្មែរដែលយើងមិនបានគិតនោះទេ មិត្តភ័ក្ដិគឺមិត្តភ័ក្ដិហើយ តែបើមិត្តមកជាន់ក្បាលអ៊ីចឹងមិនបានទេ។ ខ្ញុំសូមបញ្ជូនសារពីទីនេះ អំពាវនាវចំពោះឯកឧត្ដមនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ ហើយឱសានវាទយូរបំផុតគឺនៅថ្ងៃទី១៧ បើមិនចង់មានរឿងគឺដក»។
លោកថ្លែងដូចនេះក្នុងពិធីប្រកាស និងផ្ទេរភារកិច្ចថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែសីហា។
តាមគម្រោងគឺថ្ងៃទី១២ ខែសីហា លោក ហ៊ុន សែន នឹងទៅប្រទេសឡាវ ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ ជាលើកចុងក្រោយ ដើម្បីពិភាក្សាបញ្ហាព្រំដែន។ ជំនួបនេះអាចនឹងលុបចោល បើសិនជាភាគីឡាវ ដកទ័ពចេញ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា បើសិនឡាវ អះអាងថា ទីតាំងដែលកងកម្លាំងខ្លួនកំពុងឈរជើងនោះជាទឹកដីរបស់ឡាវ លោកស្នើប្រទេសឡាវ ប្ដឹងទៅតុលាការអន្តរជាតិឡាអេ ទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហានេះ។
លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនចង់បង្កសង្គ្រាម ឬវាយប្រហារប្រទេសណាទេ តែដើម្បីការពារទឹកដីកម្ពុជា នោះលោកត្រូវតែធ្វើ៖ «បើមិនអស់ចិត្តគ្នា ថាដីនរណាអីនរណា ឥឡូវស្ម័គ្រចិត្តឡើងតុលាការទាំងអស់គ្នា បើសិនជាឡាវ ព្រមឥឡូវហ្នឹង ទៅតុលាការឡាអេ ទាំងអស់នេះជៀសវាងហូរឈាម»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានទស្សនៈថា ឲ្យតែមានការរំលោភគ្នាទៅវិញទៅមកត្រូវតែប៉ះពាល់ចំណងមិត្តភាពហើយ។ លោកថា ការព្រមានរបស់នាយករដ្ឋមន្ត្រី លោកសង្ឃឹមថា មិនអាចឈានទៅរកការប្រឈមប្រដាប់អាវុធដាក់គ្នាទេ ប៉ុន្តែជាសារមួយផ្ញើទៅឲ្យរដ្ឋាភិបាលឡាវ ដើម្បីចូលខ្លួនមកកាន់តុចរចាគ្នាដែរ៖ «ខ្ញុំគិតថា នេះជាសេចក្ដីថ្លែងការណ៍ដែលមេដឹកនាំក្នុងប្រទេសនីមួយៗត្រូវតែធ្វើ កាលណាមានការរំលោភបំពាននៅក្នុងលក្ខខណ្ឌដែលនិយាយគ្នាហើយ ព្រមាននេះត្រូវធ្វើឡើងហើយ។ ជួនកាលការព្រមាននេះវាអាចជាដំណោះស្រាយមួយដែរ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋាភិបាលឡាវ បានចាប់ផ្ដើមបញ្ជូនកងកម្លាំងយោធាប្រដាប់អាវុធរបស់ខ្លួន មករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាង៉ាវ និងអូរអាឡៃ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បន្តមកទៀត យោធាឡាវក៏បន្តឈរជើងលើទឹកដីខ្មែរនៅកោះឫស្សីដដែល ពុំមានអ្វីប្រែប្រួលទេ បំណងរារាំងកងកម្លាំងវិស្វកម្មកម្ពុជា មិនឲ្យស្ថាបនាផ្លូវនៅតំបន់នោះ និងចង់គ្រប់គ្រងទីនោះដដែល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment