ដោយ សន ចាន់រដ្ឋា
2017-08-11
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល លើកបដាតវ៉ារកអន្តរាគមន៍ពីអាជ្ញាធរ ឲ្យបញ្ឈប់ការបូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់រស់នៅ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។
RFA/Leng Maly
តុលាការខេត្តកណ្ដាល នៅថ្ងៃទី១០ ខែសីហា នេះ បានចេញដីកាកោះហៅពលរដ្ឋចំនួន ៣នាក់ ទៅសាកសួរពីបទប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាដល់ការវិនិយោគ បន្ទាប់ពីក្រុមពលរដ្ឋបានប្រមូលផ្តុំគ្នាតវ៉ាចំពោះក្រុមហ៊ុនមួយឈ្មោះ ឡេង ជីង ពាក់ព័ន្ធនឹងការបូមខ្សាច់កាលពីថ្ងៃទី៩ ខែសីហា។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លាវ ស្រេង បានចេញដីកាកោះហៅពលរដ្ឋទាំងបីនាក់នោះ មានលោកស្រី មុត ប៉ុម លោកស្រី លី លាភ និងលោក ហែម ហឿន តាមបណ្ដឹងរបស់ស្រ្តីឈ្មោះ វណ្ណ គឹមផា។
ដីកាកោះហៅអ្នកទាំងបីឲ្យចូលទៅបំភ្លឺតាមបណ្ដឹងនេះ ក្នុងថ្ងៃខុសៗគ្នា គឺលោកស្រី មុត ប៉ុម និងលោកស្រី លី លាភ ចូលទៅឆ្លើយបំភ្លឺនៅថ្ងៃទី២៤ ខែសីហា ចំណែកលោក ហែម ហឿន នឹងត្រូវចូលទៅបំភ្លឺនៅថ្ងៃទី២៥ ខែសីហា។
ពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់ ដែលត្រូវតុលាការកោះហៅ គឺលោកស្រី លី លាភ មានប្រសាសន៍ថា លោកស្រីមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះទេ។ លោកស្រីបញ្ជាក់ថា ការជួបជុំគ្នាតវ៉ានោះ គឺគ្រាន់តែចង់ឲ្យក្រុមហ៊ុន និងអាជ្ញាធរបកស្រាយចំពោះសកម្មភាពរបស់ក្រុមហ៊ុនបូមខ្សាច់ ពលរដ្ឋមើលឃើញថា បានល្មើសនឹងកិច្ចសន្យាដែលធ្លាប់ព្រមព្រៀងគ្នាកន្លងមកប៉ុណ្ណោះ៕
No comments:
Post a Comment