Khmer Circle: Very good conclusion indeed. Even blatant violations of civil rights and grievous acts of national treason such as the giving away of land to the country's traditional land invaders for 99 years and the open-door policy on immigration are all in line with the Constitution ...
ដោយ អាស៊ីសេរី
2017-09-28
ក្រុមប្រឹក្សាធម្មនុញ្ញ។ រូបថតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rann Samnang
RFA/Rann Samnang
ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា រដ្ឋាភិបាលកម្ពុជាតែងតែគោរពរដ្ឋធម្មនុញ្ញបានល្អ ក្នុងរយៈ២៤ឆ្នាំ ដើម្បីធានាឲ្យប្រទេស មានសុខសន្តិភាព និងប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងអ្នកវិភាគវិញមើលឃើញផ្ទុយពីនេះ ពោលគឺរដ្ឋាភិបាលមិនបានអនុវត្តស្របតាមរដ្ឋធម្មនុញ្ញនោះទេ ដោយពួកគេអះអាងថា រដ្ឋាភិបាល បានបំផ្លាញរដ្ឋធម្មនុញ្ញទៅវិញទេក្នុងការដឹកនាំរបស់ខ្លួន។
អ្នកវិភាគនយោបាយ និងគណបក្សប្រឆាំង ចាត់ទុកការដឹកនាំរបស់រដ្ឋាភិបាលដើរបញ្ច្រាសពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដែលស្ថាប័ននីតិប្រតិបត្តិ គ្រប់ដណ្ដប់លើស្ថាប័ននីតិ បញ្ញត្តិ និងតុលាការ។
ការលើកឡើងបែបនេះ នៅស្របពេលក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយមានភារកិច្ច ធានាការពាររដ្ឋធម្មនុញ្ញ បានប្រកាសនៅថ្ងៃទី២៧កញ្ញាថា រដ្ឋាភិបាលដឹកនាំប្រទេសគោរពតាម មាគ៌ារដ្ឋធម្មនុញ្ញជានិច្ច។ ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ជាថ្ងៃដែលព្រះរាជក្រមប្រកាសឲ្យប្រើជាផ្លូវការ។ គិតមកទល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៧ ជាថ្ងៃគម្រប់ខួបនៃការបង្កើតរដ្ឋធម្មនុញ្ញ ២៤ឆ្នាំហើយ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា រដ្ឋាភិបាល ដឹកនាំប្រទេស ដើរផ្ទុយពីរដ្ឋធម្មនុញ្ញ ដោយលោកបានលើកយកករណីថ្មីៗនេះ ដែលបានកើតឡើង ពោលគឺពលរដ្ឋបានបង់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន សិទ្ធិក្នុងការធ្វើបាតុកម្ម សិទ្ធិក្នុង ការទទួលព័ត៌មាន និងផ្សព្វផ្សាយ អយុត្តិធម៌សង្គមជាដើម៖ «សិទ្ធសេរីភាពរបស់ពលរដ្ឋសិទ្ធិក្នុងការមានលំនៅឋាន សិទ្ធិនេះមិនត្រូវបានការពារទេ ពួកគេត្រូវបានគេចាប់ដាក់ពន្ធនាគារជាដើម»។
កម្ពុជា បានក្លាយជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ កាលពីថ្ងៃទី២៦ សីហា ឆ្នាំ១៩៩២។ មាត្រា៣១នៃរដ្ឋធម្មនុញ្ញ ធានាអនុសញ្ញានេះថា ជាផ្នែកមួយនៃច្បាប់កម្ពុជា ហើយមាត្រាដទៃទៀតគូសបញ្ជាក់ឡើងវិញ ស្ដីពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធានាថា ប្រជាពលរដ្ឋកម្ពុជា ទាំងអស់អាចអាស្រ័យនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេ តាមវិសាលភាពពេញលេញបំផុតតាមតែអាចធ្វើទៅបាន។
មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
ប្រធានក្រមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បានប្រកាសនៅក្នុងសន្និសីទស្ដីពី សមិទ្ធផល២៤ឆ្នាំ នៃការអនុវត្តរដ្ឋធមនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដើម្បីរំលឹកខួបឆ្នាំទី២៤ នៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី២៧ កញ្ញា ថា ចាប់ពីឆ្នាំ១៩៩៣មក គឺរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានកសាងមូលដ្ឋានគតិយុត្តិ បាន៤៧០ ក្នុងនោះច្បាប់ចំនួន២៨១ និងផ្ដល់សច្ចាប័នលើលិខិតតូបករណ៍ និងកិច្ចព្រមព្រៀងអន្តរជាតិនានាចំនួន១៨៩ទៀត។
លោក បន្ថែមទៀតថា កម្ពុជាមានប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ រឹងមាំមានស្ថិរភាព អាចជឿទុកចិត្តបាន តាមមាគ៌ានៃនីតិរដ្ឋ និងមានបរិមាណ និងគុណភាពសឹងគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសំណូមពរ នៃការអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះទៀត កម្ពុជាមានសុខសន្តិភាពយ៉ាងពិតប្រាកដ ដែលរដ្ឋាភិបាលអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព ក្នុងដំណើរឆ្ពោះទៅសម្រេចយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ដែលជាភារកិច្ចចម្បងមួយរបស់រាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវចំពោះសង្គម។
ទោះជាមានការអះអាងបែបនេះក្ដី អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា រដ្ឋាភិបាលប្រើប្រាស់កងកម្លាំងរបស់ខ្លួន ហួសហេតុ ដូចជា ការចាប់ចងតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភាទាំងមានអភ័យឯកសិទ្ធិ ការវាយដំតំណាងរាស្ត្រទាំងកំរោល ការបិទប្រព័ន្ធផ្សព្វផ្សាយ ការបិទសិទ្ធិពលរដ្ឋធ្វើឲ្យពលរដ្ឋភ័យខ្លាច ការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ តុលាការមិនឯករាជ្យ ពលរដ្ឋជាច្រើនរងនូវភាពអយុត្តិធម៌សង្គម ដែលសិទ្ធិទាំងនេះ ត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញ៖ «ដូចជាតំណាងរាស្ត្របានសរសេរលិខិតកោះហៅរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីមកសួរនាំទៅរដ្ឋសភាជាដើម តែមិនត្រូវបានមកឆ្លើយទេ នេះជាការរំលោភរដ្ឋធម្មនុញ្ញ»។
ក្រៅពីនេះទៀត សហគមន៍ជាតិ និងអន្តរជាតិ បានរិះគន់រដ្ឋាភិបាលចំពោះការប្រើប្រាស់តុលាការ ជាឧបករណ៍នយោបាយរបស់ខ្លួន ដោយទាំងកងកម្លាំងប្រដាប់អាវុធ និងតុលាការ ដើម្បីចាត់ការ អ្នករិះគន់របស់ខ្លួន ក្រោមហេតុផលថា អនុវត្តច្បាប់។
ជំពូកទី១១ ក្នុងចំណោមជំពូកទាំង១៦ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺនិយាយពីអំណាចរបស់តុលាការ។ មាត្រា ១២៨ និងមាត្រា ១២៩ ថ្មី កំណត់ថា អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឲ្យអស់ពីដួងចិត្ត ព្រមទាំងសម្បជញ្ញៈរបស់ខ្លួន។
ក៏ប៉ុន្តែសម្រាប់ការអនុវត្តជាក់ស្ដែងវិញ សម្រាប់ក្រុមឃ្លាំមើលពីបញ្ហាសង្គម និងសហគមន៍អន្តរជាតិមើលឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្នុងរយៈពេល ២៤ឆ្នាំមកនេះ មានការឆ្លើយតបតិចតួចនៅឡើយដល់ជនរងគ្រោះ។ ការជំនុំជម្រះកម្រទទួលបានយុត្តិធម៌ណាស់ ប្រសិនបើគេពុំបានបើកផ្លូវជាមុនក្នុងការចរចា ឬហៅតាមមួយបែបទៀតថា រត់ការក្នុងសំណុំរឿងទោះជាប្រភេទសំណុំរឿងព្រហ្មទណ្ឌ ឬជាសំណុំរឿងរដ្ឋប្បវេណី។
ចាប់តាំងឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ សភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៦លើក និងដាក់បន្ថែមមួយលើក។ លើកទី១ ឆ្នាំ១៩៩៤ ត្រង់ចំណុចការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រពេលទ្រង់អវត្តមាន។ លើកទី២ នៅឆ្នាំ១៩៩៩ ស្ដីពីការបង្កើតស្ថាប័នព្រឹទ្ធសភា។ មួយលើកទៀត គឺក្នុងឆ្នាំ២០០១ គឺព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ។ ចំណែកពីរលើកទៀតក្នុងឆ្នាំ២០០៥ និង២០០៦ គឺបានកែប្រែត្រង់ចំណុចកូរ៉ុមប្រជុំ និងសំឡេងអនុម័តរបស់រដ្ឋសភា ព្រឹទ្ធសភា។
រីឯការកែប្រែក្នុងឆ្នាំ២០០៨ គឺការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល។ ដោយឡែកក្នុងឆ្នាំ២០០៤ គឺនៅជិតមួយឆ្នាំក្រោយការជាប់គាំងនយោបាយ ការបោះឆ្នោត តំណាងរាស្ត្របក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើធម្មនុញ្ញបន្ថែមខ្លីមួយមាន ៧មាត្រា។ ធម្មនុញ្ញបន្ថែមនោះគឺមានគោលដៅធានាអោយស្ថាប័នជាតិ មានដំណើរការជាប្រក្រតី ពោលគឺ ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសភា និងរដ្ឋាភិបាលជាកញ្ចប់ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រមុខរដ្ឋ។
លោក សុន ឆ័យ បញ្ជាក់ថា ការវិសោធនកម្មធម្មនុញ្ញបន្ថែមនេះហើយ ជាការធ្វើវិសោធនកម្មដ៏អាក្រក់ជាទីបំផុត។
ចំពោះក្រុមប្រឹក្សាធម្មនុញ្ញវិញ ទោះជាស្ថាប័នជាតិកំពូលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានសមត្ថកិច្ចធានា ការពាររដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ព្រមទាំងមានសិទ្ធិពិនិត្យនិងសម្រេចអំពីករណីវិវាទកម្ម ទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្ដី ប៉ុន្តែស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនេះ នៅតែមិនឯករាជ្យ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា មូលហេតុដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនឯករាជ្យ នោះ ដោយសារតែសមាជិកទាំងនោះ មួយចំនួនជាសមាជិកគណបក្សកាន់អំណាច។
ការសិក្សាពីឯកសារប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ រដ្ឋធម្មនុញ្ញធ្វើឡើងតម្រូវតាមសេចក្ដីត្រូវការចាំបាច់សម្រាប់ប្រជាជាតិនីមួយៗ ហើយមិនអាចផ្ដាច់ចេញដាច់ស្រឡះពីវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់នៃប្រជាជាតិឡើយ។ ឧទាហរណ៍ដូចជារដ្ឋធម្មនុញ្ញខ្មែរសព្វថ្ងៃ ហាមមិនឲ្យមានទោសប្រហារជីវិតពលរដ្ឋខ្មែរជាដើម។
រដ្ឋធម្មនុញ្ញនៃប្រទេសខ្លះ ផ្ដើមឡើងនៅក្នុងជំពូកទី១ និយាយអំពីសិទ្ធិមនុស្សជាពលរដ្ឋ និងមិនមែនប្រជាពលរដ្ឋ ហើយនិងច្បាប់ មានដូចជារដ្ឋធម្មនុញ្ញ ចក្រភពអង់គ្លេសជាដើម។
រដ្ឋធម្មនុញ្ញប្រទេសខ្លះ ផ្ដើមឡើងក្នុងជំពូកទី១ និយាយអំពីអំណាចនីតិប្បញ្ញត្តិ គឺសភាជាតិ មានដូចជា រដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិកជាដើម។ រដ្ឋធម្មនុញ្ញប្រទេសខ្លះទៀត ផ្ដើមឡើងក្នុងជំពូកទី១ និយាយអំពីអធិបតេយ្យ មានដូចជា រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាជាដើម។ មានប្រទេសខ្លះទៀត ដូចជាប្រទេស ថៃ ជាដើម រដ្ឋធម្មនុញ្ញរបស់ថៃផ្ដើមក្នុងជំពូកទី១ និយាយអំពីអង្គព្រះមហាក្សត្រ។
អ្នកច្បាប់អះអាងថា បញ្ហាសំខាន់ដែលរដ្ឋាភិបាលបិទសិទ្ធិមិនឲ្យមានការជួបជុំគ្នា ការចាប់ចងសកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង ការចាប់ចងសមាជិកសភា ព្រឹទ្ធសភា និងការចាប់ចងមេបក្សប្រឆាំង លោក កឹម សុខា ក្រោមហេតុផលអនុវត្តច្បាប់នោះ ដោយសារតែរដ្ឋាភិបាលភ័យខ្លាចប្រជាពលរដ្ឋ ទាមទារឲ្យលោកចុះចេញពីតួនាទី ពីព្រោះរដ្ឋាភិបាលបានឃើញបទពិសោធន៍នៅប្រទេសប៉ែកមជ្ឈិមបូព៌ា នៅខណៈមេដឹកនាំប្រទេសបង្កឲ្យមានវិបត្តិសង្គមជាច្រើនកើតឡើង ហើយរដ្ឋាភិបាល តែងចោទប្រកាន់ចំពោះ ក្រុមជួបជុំគ្នាទាំងនោះ ថា ជាក្រុមចង់ធ្វើបដិវត្តពណ៌ ចង់ផ្ដួលរំលំរដ្ឋាភិបាលជាដើម៕
No comments:
Post a Comment