Friday, 29 September 2017
លោក ហ៊ុន សែន បន្តចំអកឲ្យអាមេរិកថា មិនអើពើជួយសម្អាតគ្រាប់បែកគីមី
ដោយ អាស៊ីសេរី
2017-09-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួបពិភាក្សាគ្នានៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
Photo courtesy of U.S. Embassy Phnom Penh's facebook page
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ កញ្ញា បន្តធ្វើជំនួញវោហារសាស្ត្រប្រឆាំងអាមេរិក តាមរយៈការលើកឡើងពីករណីគ្រាប់បែកគីមីកប់ក្នុងដីចំនួន ២ គ្រាប់ ដែលត្រូវបានរកឃើញនៅវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៧នេះ។ លោក ហ៊ុន សែន បានចំអកឲ្យអាមេរិកថា មិនអើពើនឹងការស្នើសុំរបស់លោកឲ្យជួយសម្អាតគ្រាប់បែកនេះ។
មន្ត្រីជំនាញនៃអាជ្ញាធរជាតិអាវុធគីមី អាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៩ ខែកញ្ញា នេះ ចុះទៅពិនិត្យទីតាំងដែលបង្កប់គ្រាប់បែកគីមីនេះផ្ទាល់ ដើម្បីធ្វើការសិក្សាវាយតម្លៃផលប៉ះពាល់បន្ថែមទៀត មុននឹងឈានសម្រេចសម្អាតទីតាំងគ្រាប់បែកគីមីនេះ។
អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា ធ្លាប់សរសេរនៅលើបណ្ដាញហ្វេសប៊ុក (Facebook) របស់លោកថា ករណីគ្រាប់បែកគីមីនៅវត្តគគីរនេះ មានភាពស្មុគស្មាញទាំងបច្ចេកទេស ពេលវេលា និងសុវត្ថិភាព ជាពិសេសពាក់ព័ន្ធនឹងពេលវេលាសិស្សានុសិស្សជាប់សិក្សា ព្រោះកិច្ចប្រតិបត្តិការអាចត្រូវការយូរថ្ងៃដែរ។
អាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីអាជ្ញាធរជាតិអាវុធគីមី ប៉ុន្តែពុំទទួលបានការឆ្លើយតបណាមួយឡើយ ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
អគ្គនាយកអាជ្ញាធរជាតិអាវុធគីមី លោកឧត្ដមសេនីយ៍ ជ័យ ស៊ុន ធ្លាប់ប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីខែកុម្ភៈកន្លងទៅថា តាមការប៉ាន់ស្មាន អាជ្ញាធររបស់លោកត្រូវការថវិកាដើម្បីសម្អាតទីតាំងគ្រាប់បែកនេះ យ៉ាងហោចណាស់ចំនួនបីសែនដុល្លារ សម្រាប់ចំណាយដល់ក្រុមការងារបោសសម្អាតគ្រាប់បែកគីមី សំលៀកបំពាក់ការពារ និងសារធាតុសម្អាតផ្សេងៗទៀត។ កាលណោះ លោកក៏បានទម្លាយឲ្យកាសែតដដែលនេះដឹងដែរថា នឹងមិនចាំបាច់តម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋមូលដ្ឋានឡើយ ហើយថាការសម្អាតចំណាយពេលតែប៉ុន្មានសប្ដាហ៍ ហើយអ្វីដែលក្រុមការងារលោកត្រូវការគឺថវិកានេះតែប៉ុណ្ណោះ។
អាជ្ញាធរខ្មែរអះអាងថា យ៉ាងហោចណាស់ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកជិត ៣លានតោន កាលពីអំឡុងទសវត្សរ៍ទី៦០ និង៧០ ក្នុងសម័យសង្គ្រាមវៀតណាម។ ចាប់តាំងពីទសវត្សរ៍ទី៩០ រហូតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១៦០លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយដោះមីន និងគ្រាប់បែកមិនទាន់ផ្ទុះនៅកម្ពុជានេះ។ ឯកអគ្គរដ្ឋទូតអាមេរិកលោក វីល្លៀម ហៃដ៍ (William Heidt) ធ្លាប់លាតត្រដាងថា ពាក់កណ្ដាលនៃទឹកប្រាក់នេះ ត្រូវបានប្រើសម្រាប់លុបបំបាត់យុទ្ធភណ្ឌដែលទម្លាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែ លោកអះអាងថា ប្រាក់ចំនួនពាក់កណ្ដាលទៀត ត្រូវបានប្រើសម្រាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិចប្រទេស ពោលគឺនៅតាមចម្ការមីនដែលមានគ្រោះថ្នាក់ ១០ដង លើសគ្រាប់ដែលទម្លាក់ដោយអាមេរិក។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៅថ្ងៃទី២៨ ខែកញ្ញា នេះ លោក ហ៊ុន សែន បានចំអកដាក់អាមេរិកថា មិនដែលអើពើនឹងការស្នើសុំរបស់លោក ឲ្យជួយសម្អាត និងប្រមូលយកគ្រាប់បែកគីមីកប់ក្នុងដីទាំងនេះចេញឡើយ បើទោះជាលោកត្រូវរង់ចាំរហូតដល់ថ្ងៃស្លាប់ក៏ដោយ។ ក្នុងន័យចង់បញ្ឈឺអាមេរិក លោក ហ៊ុន សែន ថា រដ្ឋាភិបាលលោកនឹងដោះស្រាយបញ្ហានេះ ដោយខ្លួនឯង តាមរយៈការប្រើប្រាស់កញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាល៖ «ឥឡូវ គ្រាប់បែកគីមីនេះ វានៅខេត្តស្វាយរៀងរបស់យើង អញ្ចឹងដើម្បីយកវាចេញត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់នាក់ ប៉ុន្មានពាន់គ្រួសារនោះ បើទោះបីយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។ ខ្ញុំបាននិយាយថា សុំឲ្យអាមេរិកមកយក ប៉ុន្តែចាំទៅ ដេកទាល់តែថ្ងៃងាប់ទៀត ក៏មិនទាន់អាមេរិក មកយកដែរគ្រាប់[បែក]ហ្នឹងនោះ អញ្ចឹងទេ សុវត្ថិភាពខ្លួនឯង យើងត្រូវដោះស្រាយបញ្ហានេះ តាមរយៈគណៈកម្មការជាតិ អាវុធគីមីរបស់យើង»។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានថ្លែងបញ្ជាក់លម្អិតពីចំនួនថវិកាជាក់លាក់ដែលត្រូវយកមកប្រើប្រាស់សម្រាប់ការងារនេះឡើយ ដោយលោកគ្រាន់តែថា នឹងត្រូវជម្លៀសពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅជុំវិញតំបន់នោះ ជាពិសេសសិស្សានុសិស្សដែលនឹងត្រៀមចូលកង។
សារថ្លែងចំអករបស់លោក ហ៊ុន សែន នេះ ធ្វើឡើងតែមួយថ្ងៃ ក្រោយពេលដែលលោកបានបបួលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) ទៅមើលគ្រាប់បែកគីមីចំនួនពីរគ្រាប់កំពុងកប់ក្នុងដីនៅខេត្តស្វាយរៀងនេះ។ ពេលនោះ លោក ហ៊ុន សែន បានថ្លែងប្រកាសថា អាមេរិកត្រូវយកយន្តហោះរបស់ខ្លួនមកដឹកគ្រាប់បែកគីមីពីខេត្តស្វាយរៀងយកទៅប្រទេសខ្លួនវិញ ព្រោះថា បើទុកក្នុងដីធ្វើឲ្យពលរដ្ឋក្នុងតំបន់នោះមានការព្រួយបារម្ភ ហើយបើយកទៅកម្ទេចចោល នឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលកម្ទេចគ្រាប់បែកនោះ។
ការនិយាយថ្លែងពីរឿងគ្រាប់បែកអាមេរិកកាលពីសម័យសង្គ្រាមនេះ ស្ទើរតែក្លាយជាប្រធានបទដែលលោក ហ៊ុន សែន លើកមកនិយាយស្ទើរតែជាប្រចាំទៅហើយ នៅរៀងរាល់ពេលដែលលោកថ្លែងសារជាសាធារណៈក្នុងឆ្នាំ២០១៧នេះ។ ការរកឃើញគ្រាប់បែកគីមីនៅខេត្តស្វាយរៀងនេះ ហាក់គាប់ជួនពេលដែលរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមយុទ្ធនាការសង្គ្រាមពាក្យសម្ដី និងបង្កើនវោហារសាស្ត្រប្រឆាំងអាមេរិកតាំងពីដើមឆ្នាំ២០១៧នេះមក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment