Thursday, 14 September 2017
សហរដ្ឋអាមេរិកឈប់ផ្ដល់ទិដ្ឋាការឲ្យមន្ត្រីក្រសួងការបរទេសកម្ពុជា
ដោយ ម៉ម មុនីរតន៍
2017-09-13
គេហទំព័រស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ Screenshot
Screenshot
សហរដ្ឋអាមេរិក សម្រេចមិនផ្ដល់ទិដ្ឋាការទៅដល់មន្ត្រីបម្រើការនៅក្នុងក្រសួងការបរទេសកម្ពុជា និងសាច់ញាតិ នៅពេលចង់ទៅសហរដ្ឋអាមេរិក។ ការប្រកាសជំហរដូចនេះ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែឈានទៅរកភាពប្រេះឆាផ្នែកចំណងការទូតមួយរយៈពេលចុងក្រោយនេះ។
មកដល់ពេលនេះ ក្រសួងការបរទេសកម្ពុជា បន្តស្ថិតនៅក្នុងភាពស្ងប់ស្ងាត់នៅឡើយ ចំពោះការព្រមានរបស់សហរដ្ឋអាមេរិក ដែលប្រកាសបិទទិដ្ឋាការមន្ត្រីរបស់ខ្លួនចូលប្រទេសមហាអំណាចមួយនេះ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា បានសរសេរថា សហរដ្ឋអាមេរិក សម្រេចផ្អាកមិនផ្ដល់ទិដ្ឋាការទៅដល់មន្ត្រីបម្រើការនៅក្នុងក្រសួងការបរទេស ចាប់ពីថ្ងៃទី១៣ ខែកញ្ញា នេះទៅ។ ប្រភពបន្តថា សេចក្ដីសម្រេចនៃការបិទទិដ្ឋាការនេះ គឺរាប់ចាប់ពីថ្នាក់អគ្គនាយក រហូតដល់មន្ត្រីកំពូលៗរបស់ក្រសួងការបរទេសកម្ពុជា រួមទាំងសមាជិកសាច់ញាតិផង។ ប៉ុន្តែការព្រមានផ្អាកផ្ដល់ទិដ្ឋាការរបស់សហរដ្ឋអាមេរិក មកលើកម្ពុជា នេះ នឹងមិនប៉ះពាល់ចំពោះពលរដ្ឋកម្ពុជា នោះទេ។
បើទោះជាបែបណា មកដល់ពេលនេះ ពុំមានប្រតិកម្មណាមួយពីមន្ត្រីរបស់ក្រសួងការបរទេសកម្ពុជា នៅឡើយនោះទេ ចំពោះការព្រមានរបស់សហរដ្ឋអាមេរិកនេះ។
អាស៊ីសេរី ព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប៉ុន្តែពុំមានអ្នកទទួលនៅថ្ងៃទី១៣ ខែកញ្ញា។
យ៉ាងណាក៏ដោយ ការព្រមានរបស់សហរដ្ឋអាមេរិកលើកនេះ ពុំបានបញ្ជាក់ឲ្យលម្អិតថាតើផ្ដើមចេញពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ។ ប៉ុន្តែគេដឹងថា ការព្រមានរបស់ស្ថានទូតប្រទេសមហាអំណាចមួយនេះ ទំនងទាក់ទិនរដ្ឋាភិបាលកម្ពុជា បដិសេធមិនទទួលយកពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក ដែលប្រព្រឹត្តកំហុសលើទឹកដីប្រទេសនេះ ហើយត្រូវបញ្ជូនត្រឡប់មកកម្ពុជា។
អ្នកវិភាគនយោបាយយល់ឃើញថា ការព្រមានតាមរបៀបការទូតរបស់សហរដ្ឋអាមេរិកនេះ នឹងជាការបង្ហាញសាច់ដុំឲ្យរដ្ឋាភិបាលឃើញពីភាពខ្លាំងរបស់ខ្លួន។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ការខ្វែងគំនិតលើទិដ្ឋភាពនយោបាយរវាងសហរដ្ឋអាមេរិក និងកម្ពុជា ចៀសមិនផុតពីផលអាក្រក់ចំពោះរដ្ឋាភិបាលឡើយ។ ជាងនេះទៀត ជំហររបស់សហរដ្ឋអាមេរិកនេះ ជាសម្ពាធកាន់តែខ្លាំងដល់រដ្ឋាភិបាល ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសប៉ះពាល់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជា៖ «»។
មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា កាន់តែមានភាពល្អក់កករ និងតានតឹងឡើងៗ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់សហរដ្ឋអាមេរិកថា ជាបាតដៃទី៣ និងជាអ្នកស្ថិតនៅពីក្រោយនៃនយោបាយបដិវត្តន៍ពណ៌របស់បក្សប្រឆាំង។
ជុំវិញរឿងនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញមុខបញ្ជាក់ជំហរ និងភាពស្អាតស្អំរបស់ខ្លួនជាញឹកញាប់ថា បេសកកម្មរបស់សហរដ្ឋអាមេរិក នៅកម្ពុជានេះ មិនបង្កជម្លោះនោះឡើយ។
សហរដ្ឋអាមេរិក បានប្រតិកម្មទាំងតាមសេចក្ដីថ្លែងការណ៍ និងសម្ដីផ្ទាល់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ដោយបានហៅការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងសហរដ្ឋអាមេរិកថា ជារឿងដែលឈឺចាប់ និងភ្ញាក់ផ្អើល។ មិនតែប៉ុណ្ណោះ ការចោទប្រកាន់នេះគឺសុទ្ធតែខុសទាំងអស់។
អ្នកវិភាគនយោបាយយល់ឃើញថា ការអួតអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានចិន នៅពីក្រោយខ្នងនេះ អាចជារឿងខកចិត្តទៅវិញទេ ព្រោះសេដ្ឋកិច្ច និងទីផ្សារធំរបស់កម្ពុជា គឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក មិនមែនចិនឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
That's great news for people in the world.
Post a Comment