Thursday, 14 September 2017

សហរដ្ឋអាមេរិក​ឈប់​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា


ដោយ ម៉ម មុនីរតន៍
2017-09-13

គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ Screenshot
គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ Screenshot
 Screenshot


សហរដ្ឋអាមេរិក សម្រេច​មិន​ផ្ដល់​ទិដ្ឋាការ​ទៅ​ដល់​មន្ត្រី​បម្រើការ​នៅ​ក្នុង​ក្រសួង​ការបរទេស​កម្ពុជា និង​សាច់ញាតិ នៅ​ពេល​ចង់​ទៅ​សហរដ្ឋអាមេរិក។ ការ​ប្រកាស​ជំហរ​ដូច​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក កាន់​តែ​ឈាន​ទៅ​រក​ភាព​ប្រេះឆា​ផ្នែក​ចំណង​ការទូត​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។



មក​ដល់​ពេល​នេះ ក្រសួង​ការបរទេស​កម្ពុជា បន្ត​ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​នៅ​ឡើយ ចំពោះ​ការ​ព្រមាន​របស់​សហរដ្ឋអាមេរិក ដែល​ប្រកាស​បិទ​ទិដ្ឋាការ​មន្ត្រី​របស់​ខ្លួន​ចូល​ប្រទេស​មហា​អំណាច​មួយ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា បាន​សរសេរ​ថា សហរដ្ឋអាមេរិក សម្រេច​ផ្អាក​មិន​ផ្ដល់​ទិដ្ឋាការ​ទៅ​ដល់​មន្ត្រី​បម្រើការ​នៅ​ក្នុង​ក្រសួង​ការបរទេស ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ​ទៅ។ ប្រភព​បន្ត​ថា សេចក្ដី​សម្រេច​នៃ​ការ​បិទ​ទិដ្ឋាការ​នេះ គឺ​រាប់​ចាប់​ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​មន្ត្រី​កំពូលៗ​របស់​ក្រសួង​ការបរទេស​កម្ពុជា រួម​ទាំង​សមាជិក​សាច់ញាតិ​ផង។ ប៉ុន្តែ​ការ​ព្រមាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក មក​លើ​កម្ពុជា នេះ នឹង​មិន​ប៉ះពាល់​ចំពោះ​ពលរដ្ឋ​កម្ពុជា នោះ​ទេ។

បើ​ទោះ​ជា​បែប​ណា មក​ដល់​ពេល​នេះ ពុំ​មាន​ប្រតិកម្ម​ណា​មួយ​ពី​មន្ត្រី​របស់​ក្រសួង​ការបរទេស​កម្ពុជា ​នៅ​ឡើយ​នោះ​ទេ ចំពោះ​ការ​ព្រមាន​របស់​សហរដ្ឋអាមេរិក​នេះ។

អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

យ៉ាង​ណា​ក៏​ដោយ ការ​ព្រមាន​របស់​សហរដ្ឋអាមេរិក​លើក​នេះ ពុំ​បាន​បញ្ជាក់​ឲ្យ​លម្អិត​ថា​តើ​ផ្ដើម​ចេញ​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​ដឹង​ថា ការ​ព្រមាន​របស់​ស្ថានទូត​ប្រទេស​មហា​អំណាច​មួយ​នេះ ទំនង​ទាក់ទិន​រដ្ឋាភិបាល​កម្ពុជា បដិសេធ​មិន​ទទួល​យក​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​អាមេរិក ដែល​ប្រព្រឹត្ត​កំហុស​លើ​ទឹកដី​ប្រទេស​នេះ ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ព្រមាន​តាម​របៀប​ការទូត​របស់​សហរដ្ឋអាមេរិក​នេះ នឹង​ជា​ការ​បង្ហាញ​សាច់ដុំ​ឲ្យ​រដ្ឋាភិបាល​ឃើញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ការ​ខ្វែង​គំនិត​លើ​ទិដ្ឋភាព​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ចៀស​មិន​ផុត​ពី​ផល​អាក្រក់​ចំពោះ​រដ្ឋាភិបាល​ឡើយ។ ជាង​នេះ​ទៀត ជំហរ​របស់​សហរដ្ឋអាមេរិក​នេះ ជា​សម្ពាធ​កាន់​តែ​ខ្លាំង​ដល់​រដ្ឋាភិបាល ទាំង​នៅ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ជាពិសេស​ប៉ះពាល់​មុខមាត់ និង​កិត្យានុភាព​របស់​កម្ពុជា៖ «»។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​កម្ពុជា កាន់​តែ​មាន​ភាព​ល្អក់កករ និង​តានតឹង​ឡើងៗ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​បាតដៃ​ទី៣ និង​ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​នៃ​នយោបាយ​បដិវត្តន៍​ពណ៌​របស់​បក្ស​ប្រឆាំង។

ជុំវិញ​រឿង​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​មុខ​បញ្ជាក់​ជំហរ និង​ភាព​ស្អាតស្អំ​របស់​ខ្លួន​ជា​ញឹកញាប់​ថា បេសកកម្ម​របស់​សហរដ្ឋអាមេរិក នៅ​កម្ពុជា​នេះ មិន​បង្ក​ជម្លោះ​នោះ​ឡើយ។

សហរដ្ឋអាមេរិក បាន​ប្រតិកម្ម​ទាំង​តាម​សេចក្ដី​ថ្លែងការណ៍ និង​សម្ដី​ផ្ទាល់​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ដោយ​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​សហរដ្ឋអាមេរិក​ថា ជា​រឿង​ដែល​ឈឺ​ចាប់ និង​ភ្ញាក់ផ្អើល។ មិន​តែ​ប៉ុណ្ណោះ ការ​ចោទ​ប្រកាន់​នេះ​គឺ​សុទ្ធ​តែ​ខុស​ទាំងអស់។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​អួតអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ចិន នៅ​ពី​ក្រោយ​ខ្នង​នេះ អាច​ជា​រឿង​ខក​ចិត្ត​ទៅ​វិញ​ទេ ព្រោះ​សេដ្ឋកិច្ច និង​ទីផ្សារ​ធំ​របស់​កម្ពុជា គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក មិន​មែន​ចិន​ឡើយ៕

1 comment:

Anonymous said...

That's great news for people in the world.