Saturday, 16 September 2017
លោក ហ៊ុន សែន បបួលអាមេរិកចរចាជាកញ្ចប់ក្រោយការប្រកាសផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីការបរទេស
ដោយ អាស៊ីសេរី
2017-09-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ចេញមុខបបួលសហរដ្ឋអាមេរិក ចរចាជាកញ្ចប់ដើម្បីដោះស្រាយបញ្ហាដែលសហរដ្ឋអាមេរិក ប្រកាសផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេស និងក្រុមគ្រួសារកាលពីពេលថ្មីៗនេះ។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺក្រោយពីលោកប្រកាសផ្អាកកិច្ចសហការជាមួយសហរដ្ឋអាមេរិក ដើម្បីរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាម។
នេះជាលើកទី១ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខជាសាធារណៈប្រកាសនូវវិធានការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលផ្អាកផ្ដល់ទិដ្ឋាការប្រភេទ B1 និង B2 ដល់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ថា បើអាមេរិកផ្អាកមិនផ្ដល់ទិដ្ឋាការ កម្ពុជាក៏ផ្អាកមិនសហការរឿងរុករកអដ្ឋិធាតុទាហានអាមេរិកនោះដែរ។ ទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាមមានចំនួន ៩០នាក់ រកឃើញចំនួន ៤១នាក់ ចំណែក ៤៩នាក់ទៀត សហរដ្ឋអាមេរិក និងកម្ពុជា កំពុងសហការគ្នារុករក។ តែពេលនេះ លោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីកម្ពុជា ផ្អាកធ្វើរឿងនេះសិនរហូតទាល់តែមានដំណោះស្រាយ៖ «»។
មូលហេតុដែលសហរដ្ឋអាមេរិក ផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីក្រសួងការប្រទេសកម្ពុជា ដោយសារតែប្រទេសមហាអំណាចមួយនេះខកចិត្តនឹងរដ្ឋាភិបាលកម្ពុជា ដែលមិនសហការពេញលេញក្នុងការទទួលយកជនជាតិខ្មែរប្រព្រឹត្តកំហុសដែលសហរដ្ឋអាមេរិក បញ្ជូនមកកម្ពុជា វិញ ដែលកន្លងទៅកម្ពុជា ចាត់ទុកថា ជាសកម្មភាពអមនុស្សធម៌មួយដោយសារតែជាការបំបែកបំបាក់គ្រួសាររបស់ពលរដ្ឋខ្មែរទាំងនោះ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនបានបញ្ចប់នូវកិច្ចព្រមព្រៀងទទួលយកពលរដ្ឋខ្មែរជាមួយសហរដ្ឋអាមេរិកនេះទេ គឺបានស្នើសុំឲ្យមានការពិគ្រោះយោបល់ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្ម។ លោកថា ក្នុងពេលជាមួយគ្នា ក្រសួងមហាផ្ទៃកម្ពុជា ក៏ត្រៀមបញ្ជូនពលរដ្ឋខ្មែរចំនួន ២៦នាក់ចុងក្រោយដែលសហរដ្ឋអាមេរិក គ្រោងបញ្ជូនមកកម្ពុជា វិញទៀតផង។លោក ហ៊ុន សែន ថា ប្រតិកម្មរបស់អាមេរិកនេះ មានន័យថា សហរដ្ឋអាមេរិក បានលុបចោលកិច្ចព្រមព្រៀងនេះជាឯកតោភាគី។
លោក ហ៊ុន សែន ថ្លែងខឹងសម្បាចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ ថាកុំឲ្យឯកអគ្គរដ្ឋទូតដែលចេះនិយាយភាសាខ្មែរតិចតួច និងមានភរិយាជាពលរដ្ឋខ្មែររូបនេះមកតាំងខ្លួនធ្វើជាឪម៉ែរបស់កម្ពុជា។ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យពលរដ្ឋខ្មែរងើបឈរឡើងដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ខ្លួន៖ «»។
លោក ហ៊ុន សែន ថ្លែងដូចនេះ គឺសំដៅទៅលើលោក កឹម សុខា ប្រធានបក្សប្រឆាំងដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ដោយចោទប្រកាន់ថា ក្បត់ជាតិក្រោយពេលអ្នកលេងហ្វេសប៊ុក (Facebook) ទម្លាយវីដេអូឃ្លិបដែលលោកបានថ្លែងនៅក្រៅប្រទេសកាលពីឆ្នាំ២០១៤។ ករណីលោក កឹម សុខា នេះ លោក ហ៊ុន សែន ក៏ស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចេញមុខពន្យល់ថា តើវាពិតជាមានពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកដែរ ឬយ៉ាងណា?
ក្រៅពីនេះ លោក ហ៊ុន សែន ក៏ចាត់ទុកការប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិក ឲ្យពលរដ្ឋខ្លួននៅកម្ពុជា ប្រុងប្រយ័ត្នចំពោះសន្តិសុខ អាចជាចេតនាមិនល្អដើម្បីបំភ័យពលរដ្ឋខ្មែរ។ លោក ហ៊ុន សែន ក៏ស្នើឲ្យលោក វីល្លៀម ហៃដ្ត បកស្រាយអំពីបញ្ហានេះ ហើយបើអាមេរិក យល់ថា កម្ពុជាគ្មានសន្តិសុខយកល្អអាមេរិកដកក្រុម Peace Corps ចេញពីកម្ពុជា វិញទៅ។
ឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ទាំងអម្បាលម៉ាណនេះ មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក អារ៉េនដ៍ ស្វតចិស្ស (Arend Zwartjies) ថ្លែងប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក (Email) នៅថ្ងៃទី១៥ កញ្ញា ថា កម្ពុជា និងសហរដ្ឋអាមេរិក បានបន្តកិច្ចសហការរឹងមាំក្នុងការរុករកអដ្ឋិធាតុទាហានបាត់ខ្លួននេះ ហើយកម្ពុជា ទទួលបានការដឹងគុណជាអនេកនៅសហរដ្ឋអាមេរិក។ លោកថា ថ្ងៃនេះជាទិវាជាតិរំលឹកយុទ្ធជនឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងបេសកកម្មនៅសហរដ្ឋអាមេរិក ហើយដំណឹងអំពីការផ្អាកនេះ នឹងទាញការចាប់អារម្មណ៍ខ្លាំង។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបណ្ឌិត មាស នី មើលឃើញថា របៀបនៃការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងហាក់អាស្រ័យលើតែការយល់ឃើញរបស់អ្នកនយោបាយ ដោយមិនសូវឆ្លងកាត់ការពិនិត្យមើលរបស់រដ្ឋសភា ដែលនេះផ្ទុយពីការឆ្លើយតបរបស់អាមេរិក មកលើកម្ពុជា។ ទោះជាយ៉ាងណា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ លោកថា សហរដ្ឋអាមេរិកមិនមានអ្វីត្រូវខាតប្រយោជន៍ពីកម្ពុជា នោះទេ គឺមានតែកម្ពុជាទេដែលខាតប្រយោជន៍ច្រើនដោយសារ តែទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិកនេះ៕
Subscribe to:
Post Comments (Atom)
2 comments:
ចាប់ខ្មោចធ្វើចំណាប់ខ្មាំង ចិត្តខ្លាំងព្រោះគេមិនអោយចូលស្រុកអាគាំង។
Kanh CHOP Morth Ah Kwack Muoy Dai !!
Post a Comment