Saturday, 16 September 2017

លោក ហ៊ុន សែន បបួល​អាមេរិក​ចរចា​ជា​កញ្ចប់​ក្រោយ​ការ​​ប្រកាស​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការបរទេស


ដោយ អាស៊ីសេរី
2017-09-15

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចេញមុខ​បបួល​សហរដ្ឋអាមេរិក ចរចា​ជា​កញ្ចប់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សហរដ្ឋអាមេរិក ប្រកាស​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួង​ការបរទេស និង​ក្រុម​គ្រួសារ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​ក្រោយពី​លោក​ប្រកាស​ផ្អាក​កិច្ច​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម។



​​នេះ​ជា​លើក​ទី​១ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខជា​សាធារណៈ​ប្រកាស​នូវ​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ប្រភេទ B1 និង B2 ដល់​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។

លោក ហ៊ុន សែន ថា បើ​អាមេរិក​ផ្អាក​មិន​ផ្ដល់​ទិដ្ឋាការ កម្ពុជា​ក៏​ផ្អាក​មិន​សហការ​រឿង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នោះ​ដែរ។ ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​មាន​ចំនួន ៩០​នាក់ រក​ឃើញ​ចំនួន ៤១​នាក់ ចំណែក ៤៩​នាក់​ទៀត សហរដ្ឋអាមេរិក និង​កម្ពុជា កំពុង​សហការ​គ្នា​រុករក។ តែ​ពេល​នេះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​កម្ពុជា ផ្អាក​ធ្វើ​រឿង​នេះ​សិន​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ៖ «»។

​មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួង​ការ​ប្រទេស​កម្ពុជា ដោយសារ​តែ​ប្រទេស​មហាអំណាច​មួយ​នេះ​ខក​ចិត្តនឹង​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​សហការ​ពេញលេញ​ក្នុង​ការ​ទទួល​យក​ជន​ជាតិខ្មែរ​ប្រព្រឹត្ត​កំហុស​ដែល​សហរដ្ឋអាមេរិក បញ្ជូន​មក​កម្ពុជា វិញ ដែល​កន្លងទៅ​កម្ពុជា ចាត់​ទុក​ថា ជា​សកម្មភាព​អមនុស្សធម៌​មួយ​ដោយសារតែ​ជា​ការ​បំបែក​បំបាក់​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​បាន​បញ្ចប់​នូវ​កិច្ច​ព្រមព្រៀង​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ជាមួយ​សហរដ្ឋអាមេរិក​នេះ​ទេ គឺ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ធ្វើ​វិសោធនកម្ម។ លោក​ថា ក្នុង​ពេល​ជាមួយ​គ្នា ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​ត្រៀម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ២៦​នាក់​ចុង​ក្រោយ​ដែល​សហរដ្ឋអាមេរិក គ្រោង​បញ្ជូន​មក​កម្ពុជា វិញ​ទៀត​ផង។លោក ហ៊ុន សែន ថា ប្រតិកម្ម​របស់​អាមេរិក​នេះ មាន​ន័យ​ថា សហរដ្ឋអាមេរិក បាន​លុបចោល​កិច្ច​ព្រមព្រៀង​នេះ​ជា​ឯកតោ​ភាគី។

លោក ហ៊ុន សែន ថ្លែង​ខឹងសម្បា​ចំពោះ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ ថា​កុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​តិចតួច និង​មាន​ភរិយា​ជា​ពលរដ្ឋ​ខ្មែរ​រូប​នេះ​មក​តាំង​ខ្លួន​ធ្វើ​ជា​ឪ​ម៉ែ​របស់​កម្ពុជា។ លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើបឈរ​ឡើង​ដើម្បី​ឯករាជ្យ សេរីភាព និង​អធិបតេយ្យភាព​របស់​ខ្លួន៖ «»។

​លោក ហ៊ុន សែន ថ្លែង​ដូច​នេះ គឺ​សំដៅ​ទៅ​លើ​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ដោយ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ​ក្រោយ​ពេល​អ្នក​លេង​ហ្វេសប៊ុក (Facebook) ទម្លាយ​វីដេអូ​ឃ្លិប​ដែល​លោក​បាន​ថ្លែង​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​២០១៤។ ករណី​លោក កឹម សុខា នេះ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចេញ​មុខ​ពន្យល់​ថា តើ​វា​ពិត​ជា​មាន​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​ដែរ ឬ​យ៉ាង​ណា?

​ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​ចាត់​ទុក​ការ​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ឲ្យ​ពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា ប្រុង​ប្រយ័ត្ន​ចំពោះ​សន្តិសុខ អាច​ជា​ចេតនា​មិន​ល្អ​ដើម្បី​បំភ័យ​ពលរដ្ឋ​ខ្មែរ។ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​លោក វីល្លៀម ហៃដ្ត បកស្រាយ​អំពី​បញ្ហា​នេះ ហើយ​បើ​អាមេរិក យល់​ថា កម្ពុជា​គ្មាន​សន្តិសុខ​យក​ល្អ​អាមេរិក​ដក​ក្រុម Peace Corps ចេញ​ពី​កម្ពុជា វិញ​ទៅ។

​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទាំង​អម្បាលម៉ាណ​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក អារ៉េនដ៍ ស្វតចិស្ស (Arend Zwartjies) ថ្លែង​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា កម្ពុជា និង​សហរដ្ឋអាមេរិក បាន​បន្ត​កិច្ចសហការ​រឹងមាំ​ក្នុង​ការ​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​នេះ ហើយ​កម្ពុជា ទទួល​បាន​ការ​ដឹង​គុណ​ជា​អនេក​នៅ​សហរដ្ឋអាមេរិក។ លោក​ថា ថ្ងៃ​នេះ​ជា​ទិវា​ជាតិ​រំលឹក​យុទ្ធជន​ឈ្លើយ​សឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​បេសកកម្ម​នៅ​សហរដ្ឋអាមេរិក ហើយ​ដំណឹង​អំពី​ការ​ផ្អាក​នេះ នឹង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី មើល​ឃើញ​ថា របៀប​នៃ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​ហាក់​អាស្រ័យ​លើ​តែ​ការ​យល់​ឃើញ​របស់​អ្នកនយោបាយ ដោយ​មិន​សូវ​ឆ្លង​កាត់​ការ​ពិនិត្យ​មើល​របស់​រដ្ឋ​សភា ដែល​នេះ​ផ្ទុយ​ពី​ការ​ឆ្លើយ​តប​របស់​អាមេរិក មក​លើ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ លោក​ថា សហរដ្ឋអាមេរិក​មិន​មាន​អ្វី​ត្រូវ​ខាត​ប្រយោជន៍​ពី​កម្ពុជា នោះ​ទេ គឺ​មានតែ​កម្ពុជា​ទេ​ដែល​ខាត​ប្រយោជន៍​ច្រើន​ដោយសារ តែ​ទំនាក់ទំនង​មិនល្អ​ជាមួយ​សហរដ្ឋអាមេរិក​នេះ៕

2 comments:

Anonymous said...



ចាប់ខ្មោចធ្វើចំណាប់ខ្មាំង ចិត្តខ្លាំងព្រោះគេមិនអោយចូលស្រុកអាគាំង។


Anonymous said...

Kanh CHOP Morth Ah Kwack Muoy Dai !!