Monday, 18 September 2017

មេ​ដឹកនាំ​បណ្ដាញ​សារព័ត៌មាន​សេរី​​វៀតតាន់​រង​ការ​វាយប្រហារ​ដោយ​ទឹកអាស៊ីដ​នៅ​កម្ពុជា



ដោយ អាស៊ីសេរី
2017-09-17
rfa

សេចក្តីប្រកាសព័ត៌មានផ្សាយតាមគេហទំព័ររបស់បណ្តាញសារព័ត៌មានសេរី វៀតតាន់ (Viet Tan)។
សេចក្តីប្រកាសព័ត៌មានផ្សាយតាមគេហទំព័ររបស់បណ្តាញសារព័ត៌មានសេរី វៀតតាន់ (Viet Tan)។
 Screenshot



ភ្នាក់ងារ​សន្តិសុខ​វៀតណាម ​បាន​បើក​ការ​វាយប្រហារ​ដោយ​ស្រោច​ទឹក​អាស៊ីដ​ទៅ​លើ​ជនជាតិ​វៀតណាម ​ចំនួន​ ៤​នាក់​ នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ ហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​សមាជិក​ជាន់ខ្ពស់​នៃ​បណ្ដាញ​សារព័ត៌មាន​សេរី​ វៀតតាន់​ (Viet Tan)




បណ្ដាញ​សារព័ត៌មាន​​វៀតតាន់​ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី​១៤​ ខែ​កញ្ញា ​នេះ​ថា ភ្នាក់ងារ​សន្តិសុខ​វៀតណាម មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​រួច​ជះ​ទឹក​អាស៊ីដ​ទៅ​លើ​ជន​រងគ្រោះ​ជនជាតិ​វៀតណាម ចំនួន ៤​រូប នៅ​រាត្រី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ កន្លង​ទៅ​ ខណៈ​ដែល​ពួកគេ​កំពុង​ដើរ​នៅ​តាម​ដង​វិថី​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ ង្វៀង ង៉ុកឌុក (Nguyen Ngoc Duc) ជា​សមាជិក​ម្នាក់​នៃ​ថ្នាក់​ដឹក​នាំ​បណ្ដាញ​សារព័ត៌មាន​សេរី​វៀតតាន់​ បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ ហើយ​បច្ចុប្បន្ន​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​បារាំង។ ដោយ​ឡែក​ជនរងគ្រោះ​ ៣​នាក់​ផ្សេង​ទៀត​ ទទួល​រង​នូវ​ការ​រលាក​ខ្លួន​ប្រាណ​ក្នុង​កម្រិត​ស្រាល។

លោក​ ង្វៀង​ ង៉ុកឌុក​ កើត​ក្នុង​ឆ្នាំ​១៩៥៥ ជា​វិស្វករ​កុំព្យូទ័រ​ ស្នាក់នៅ​ប្រទេស​បារាំង។ លោក​គឺ​ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​របស់​បណ្ដាញ​សារព័ត៌មាន​សេរី​វៀតតាន់​ ហើយ​ជា​គ្រូ​បង្គោល​អំពី​ការ​កសាង​ចលនា​អហិង្សា​បែប​យុទ្ធសាស្ត្រ។

បណ្តាញ​សារព័ត៌មាន​វៀតតាន់​ ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ក្នុង​ប្រទេស​វៀតណាម​ បាន​ហៅ​ទង្វើ​នេះ​ថា ជា​ភេរវកម្ម​គាំទ្រ​ដោយ​រដ្ឋអំណាច​វៀតណាម​ ហើយ​ថា ការ​វាយប្រហារ​ចុង​ក្រោយ​ពី​សំណាក់​ចារកម្ម​វៀតណាម ដោយ​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​ឈ្នាន់​នេះ​ គឺ​ជា​ការរំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​គឃ្លើន​ពី​សំណាក់​ប្រទេស​វៀតណាម​ មក​លើ​ប្រទេស​កម្ពុជា។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​វៀតណាម​ បាន​សម្រេច​ប្រើ​វិធីសាស្ត្រ​គំរាមកំហែង​ ការ​បំភ័យ​រូបកាយ និង​អំពើ​ហិង្សា​ ដើម្បី​បំបិទ​មាត់​សកម្មជន​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

បណ្ដាញ​សារព័ត៌មាន​ដដែល​នេះ​ ក៏​បាន​ចេញ​មុខ​ថ្កោលទោស​ទង្វើរ​ខាង​លើ​នេះ​ ដោយ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ ត្រូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ ទទួល​ខុសត្រូវ​ចំពោះ​ករណី​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​នេះ។

យោង​តាម​របាយការណ៍​​សេរីភាព​​អន្តរ​​សាសនា​​ឆ្នាំ​​២០១៦ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា កន្លង​ទៅ ឲ្យ​ដឹង​​ថា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ អាជ្ញាធរ​ខ្មែរ​ក៏​ធ្លាប់​បាន​បើក​ដៃ​ឲ្យ​អាជ្ញាធរ​វៀតណាម សួរ​ចម្លើយ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-​វៀតណាម កាន់​សាសនា​គ្រិស្ត​ប្រមាណ ១៥០​នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​ពួក​គេ​កំពុង​ស្វះ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀស​ខ្លួន។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ​បណ្តាល​ឲ្យ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បរទេស ធ្វើ​ការ​សួរ​ចម្លើយ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ទាំងនេះ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​យ៉ាង​ដូច្នេះ?

អាជ្ញាធរ​ខ្មែរ​ ជាពិសេស​ក្រសួង​មហាផ្ទៃ​ នៅ​មិន​ទាន់​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...



The government allows the Vietnamese ‘real’ spies to roam freely in the country, when has Cambodia been part of Vietnam to allow this to happen?
Meanwhile Hun Sen is chasing his ‘imaginary and fabricated’ American spies.
Whatever Hun Sen does now is to protect his hanging on to power he does not do it for the good of the country and the people.