Monday, 18 September 2017
មេដឹកនាំបណ្ដាញសារព័ត៌មានសេរីវៀតតាន់រងការវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជា
ដោយ អាស៊ីសេរី
2017-09-17
rfa
សេចក្តីប្រកាសព័ត៌មានផ្សាយតាមគេហទំព័ររបស់បណ្តាញសារព័ត៌មានសេរី វៀតតាន់ (Viet Tan)។
Screenshot
ភ្នាក់ងារសន្តិសុខវៀតណាម បានបើកការវាយប្រហារដោយស្រោចទឹកអាស៊ីដទៅលើជនជាតិវៀតណាម ចំនួន ៤នាក់ នៅក្នុងទឹកដីប្រទេសកម្ពុជា ហើយក្នុងនោះមានម្នាក់ជាសមាជិកជាន់ខ្ពស់នៃបណ្ដាញសារព័ត៌មានសេរី វៀតតាន់ (Viet Tan)។
បណ្ដាញសារព័ត៌មានវៀតតាន់ ចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែកញ្ញា នេះថា ភ្នាក់ងារសន្តិសុខវៀតណាម មួយក្រុមបានជិះម៉ូតូរួចជះទឹកអាស៊ីដទៅលើជនរងគ្រោះជនជាតិវៀតណាម ចំនួន ៤រូប នៅរាត្រីថ្ងៃទី២ ខែកញ្ញា កន្លងទៅ ខណៈដែលពួកគេកំពុងដើរនៅតាមដងវិថីមួយក្នុងរាជធានីភ្នំពេញ។
លោក ង្វៀង ង៉ុកឌុក (Nguyen Ngoc Duc) ជាសមាជិកម្នាក់នៃថ្នាក់ដឹកនាំបណ្ដាញសារព័ត៌មានសេរីវៀតតាន់ បានទទួលរងគ្រោះធ្ងន់ធ្ងរ ហើយបច្ចុប្បន្នលោកត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសបារាំង។ ដោយឡែកជនរងគ្រោះ ៣នាក់ផ្សេងទៀត ទទួលរងនូវការរលាកខ្លួនប្រាណក្នុងកម្រិតស្រាល។
លោក ង្វៀង ង៉ុកឌុក កើតក្នុងឆ្នាំ១៩៥៥ ជាវិស្វករកុំព្យូទ័រ ស្នាក់នៅប្រទេសបារាំង។ លោកគឺជាសមាជិកជាន់ខ្ពស់ម្នាក់របស់បណ្ដាញសារព័ត៌មានសេរីវៀតតាន់ ហើយជាគ្រូបង្គោលអំពីការកសាងចលនាអហិង្សាបែបយុទ្ធសាស្ត្រ។
បណ្តាញសារព័ត៌មានវៀតតាន់ ដែលធ្វើការដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយសេរីក្នុងប្រទេសវៀតណាម បានហៅទង្វើនេះថា ជាភេរវកម្មគាំទ្រដោយរដ្ឋអំណាចវៀតណាម ហើយថា ការវាយប្រហារចុងក្រោយពីសំណាក់ចារកម្មវៀតណាម ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាឈ្នាន់នេះ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងគឃ្លើនពីសំណាក់ប្រទេសវៀតណាម មកលើប្រទេសកម្ពុជា។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានសម្រេចប្រើវិធីសាស្ត្រគំរាមកំហែង ការបំភ័យរូបកាយ និងអំពើហិង្សា ដើម្បីបំបិទមាត់សកម្មជន និងក្រុមអ្នកការពារសិទ្ធិមនុស្ស។
បណ្ដាញសារព័ត៌មានដដែលនេះ ក៏បានចេញមុខថ្កោលទោសទង្វើរខាងលើនេះ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ ត្រូវទាមទារឲ្យរដ្ឋាភិបាលក្រុងហាណូយ ទទួលខុសត្រូវចំពោះករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរមួយនេះ។
យោងតាមរបាយការណ៍សេរីភាពអន្តរសាសនាឆ្នាំ២០១៦ ចេញផ្សាយដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅ អាជ្ញាធរខ្មែរក៏ធ្លាប់បានបើកដៃឲ្យអាជ្ញាធរវៀតណាម សួរចម្លើយជនជាតិដើមភាគតិចម៉ុងតាញ៉ា-វៀតណាម កាន់សាសនាគ្រិស្តប្រមាណ ១៥០នាក់នៅក្នុងទីក្រុងភ្នំពេញ ខណៈដែលពួកគេកំពុងស្វះស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន។ របាយការណ៍ដដែលឲ្យដឹងទៀតថា ករណីនេះបណ្តាលឲ្យមានចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរខ្មែរអនុញ្ញាតឲ្យអាជ្ញាធរបរទេស ធ្វើការសួរចម្លើយជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងនេះនៅក្នុងទឹកដីរបស់ខ្លួនយ៉ាងដូច្នេះ?
អាជ្ញាធរខ្មែរ ជាពិសេសក្រសួងមហាផ្ទៃ នៅមិនទាន់ឆ្លើយចំពោះការចោទប្រកាន់នេះ នៅឡើយទេ៕
Subscribe to:
Post Comments (Atom)
1 comment:
The government allows the Vietnamese ‘real’ spies to roam freely in the country, when has Cambodia been part of Vietnam to allow this to happen?
Meanwhile Hun Sen is chasing his ‘imaginary and fabricated’ American spies.
Whatever Hun Sen does now is to protect his hanging on to power he does not do it for the good of the country and the people.
Post a Comment