Saturday, 16 September 2017
មន្ត្រីគ.ជ.បស្នើឱ្យអ្នកសារព័ត៌មានកុំយករឿងនយោបាយមកពាក់ព័ន្ធជាមួយគ.ជ.ប
ដោយ អាស៊ីសេរី
2017-09-15
លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅឯភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ RFA
Photo: RFA
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យអ្នកសារព័ត៌មានកុំភ្ជាប់រឿងនយោបាយទៅនឹងការងាររបស់ គ.ជ.ប។ គ.ជ.ប បានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាមួយដើម្បីឱ្យអ្នកសារព័ត៌មានស្វែងយល់ឱ្យបានច្បាស់អំពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត២០១៧ និងដើម្បីឱ្យអ្នកសារព័ត៌មានប្រើប្រាស់តួនាទីរបស់ខ្លួនឱ្យបានអព្យាក្រឹត្យស្របតាមច្បាប់បោះឆ្នោត និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប ធ្វើការងារគោរពទៅតាមការកំណត់នៃច្បាប់ និងការងារបច្ចេកទេសរបស់ខ្លួនប៉ុណ្ណោះ ហើយមិនជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនយោបាយឡើយ។ លោកថា កន្លងមកគឺអ្នកសារព័ត៌មានតែងតែភ្ជាប់ការងាររបស់ គ.ជ.ប ទៅជារឿងនយោបាយ៖ «អ្នកសារព័ត៌មានខ្លួនឯង គឺដឹងរឿងខ្លួនឯងហើយ មិនចាំខ្ញុំឆ្លើយសំណួរនេះទេ ប៉ុន្តែគ្រាន់តែខ្ញុំមិនចង់និយាយរឿងនយោបាយ»។
ការលើកឡើងពីមន្ត្រី គ.ជ.ប នេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅឯភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី១៥ ខែកញ្ញា។ លោក ហង្ស ពុទ្ធា បន្តថា គ.ជ.ប នឹងក្រើនរំលឹកឱ្យអ្នកសារព័ត៌មានគោរពតាមក្រមសីលធម៌ ប៉ុន្តែក៏អាចពិចារណាផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលធ្វើផ្ទុយពីច្បាប់ដែរ៖ «ប៉ុន្តែ គ.ជ.ប មិនមានបំណងទេ យើងចង់ឱ្យការបោះឆ្នោតធ្វើអោយរលូន ហើយយើងមិនចង់ឱ្យការបោះឆ្នោតមួយដើម្បីដាក់ទោសអ្នកព័ត៌មានទេ»។
គ.ជ.ប បានឱ្យដឹងថា សកម្មភាពរបស់អ្នកសារព័ត៌មានដែលចាត់ចូលជាការរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ ដូចជាការផ្សព្វផ្សាយព័ត៌មានធ្វើឱ្យភ័ន្តច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការបន្លំឱ្យយល់ខុសតាមរយៈសរសេរបញ្ឆិតបញ្ឆៀងដើម្បីឲ្យសាធារណជនសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ ក្រុម ឬបក្សណាមួយ ការផ្សព្វផ្សាយដែលមានលក្ខណៈមូលបង្កាច់ បរិហារកេរ្តិ៍ និងជេរប្រមាថដល់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រណាមួយ ការប្រើប្រាស់ភាសាញុះញង់ ឬវាយប្រហារដែលអាចបង្កភាពគ្មានសណ្ដាប់ធ្នាប់ ឬអាចឱ្យមានអំពើហិង្សា និងការធ្វើសម្ភាសន៍នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតជាដើម។
មន្ត្រី គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា ក្រមសីលធម៌គឺជាចំណែកមួយដ៏សំខាន់ ដើម្បីធ្វើឱ្យបរិយាកាសរៀបចំការបោះឆ្នោតធ្វើឡើងដោយរលូន និងអាចកាត់បន្ថយជម្លោះ និងអំពើហិង្សាផ្សេងៗបាន។
ចំណែកមន្ត្រីសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល ̣̣(COMFREL) លោក កន សាវាង្ស លើកឡើងថា ស្ថានការណ៍នយោបាយជារឿងរបស់គណបក្សនយោបាយ រីឯការចុះឈ្មោះបោះឆ្នោត គឺជារឿងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែលោកយល់ថា ស្ថានភាពទាំងពីរនេះ គឺមានការពាក់ព័ន្ធគ្នា។
លោកលើកឧទាហរណ៍ថា ដំណើរការចុះឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់ គ.ជ.ប ប៉ុន្តែការអប់រំពលរដ្ឋឱ្យទៅចុះឈ្មោះ មិនមែនជាការងារដែល គ.ជ.ប អាចធ្វើតែម្នាក់ឯងបានឡើយ គឺទាមទារការចូលរួមពីភាគីពាក់ព័ន្ធ ដែលជាគណបក្សនយោបាយនីមួយ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ប្រសិនស្ថានការណ៍នយោបាយកើតមានបញ្ហា គឺការអប់រំចុះឈ្មោះឆ្នោត ក៏ជួបបញ្ហាដែរ៖
«អាក់ខានក្នុងការផ្សព្វផ្សាយនេះដែលខ្ញុំចង់និយាយថា វាពិបាកក្នុងការបែងចែករវាងស្ថានភាពនយោបាយ និងស្ថាប័នដំណើរការចុះឈ្មោះបោះឆ្នោត ព្រោះស្ថានភាពហ្នឹងវាពាក់ព័ន្ធអ៊ីចឹង»។
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ គឺកើតមានការផ្ទុះបាតុកម្មតវ៉ាដ៏ធំនៅរាជធានីភ្នំពេញ បន្ទាប់ពី គ.ជ.ប ត្រូវរងការចោទប្រកាន់ថា ជាស្ថាប័នមិនឯករាជ្យ និងថាបានបន្លំសន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន។
លោក កន សាវាង្ស លើកឡើងថា ដើម្បីឱ្យ គ.ជ.ប មានឯករាជភាពពិតប្រាកដ គឺ គ.ជ.ប ត្រូវបំពេញតាមតួនាទី ភារកិច្ច និងការអនុវត្តច្បាប់របស់ខ្លួនឱ្យបានល្អប្រសើរ ដូចជាការយកចិត្តទុកដាក់អប់រំឱ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត និងការបន្ធូរបន្ថយលក្ខខណ្ឌជួយឱ្យពលរដ្ឋងាយស្រួលទៅចុះឈ្មោះបោះឆ្នោតជាដើម។
ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ចាប់ពីថ្ងៃទី១ កញ្ញា មកដល់ថ្ងៃទី១៤ ខែកញ្ញា ក្នុងចំណោមអ្នកទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកមិនទាន់បោះឆ្នោតជាង ១,៦លាននាក់ គឺមានអ្នកទៅចុះឈ្មោះក្នុងឆ្នាំ២០១៧ កើនដល់ចំនួន ៩៤.២១១នាក់ហើយ។ ចំនួននេះគឺទាបនៅឡើយ ប៉ុន្តែលោក ហង្ស ពុទ្ធា រំពឹងថា ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនឹងទៅចុះឈ្មោះបានគ្រប់គ្នា ព្រោះលោកថា ដំណើរចុះឈ្មោះថ្មីនេះ មានរយៈពេល ៧០ថ្ងៃ។ បើទោះបីជា លោក ហង្ស ពុទ្ធា បញ្ជាក់ថា ពលករនៅក្រៅប្រទេសអាចជួបភាពលំបាកដើម្បីមកចុះឈ្មោះ ក៏លោកថា គ.ជ.ប នឹងមិនទាន់សម្រេចថា នឹងបន្ថែមថ្ងៃសម្រាប់ការចុះឈ្មោះដែរ។
គ.ជ.ប នឹងដំណើរការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ-អន្តរជាតិ មកពីអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍តំណាងគណបក្សនយោបាយសម្រាប់ចូលរួមតាមដានការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលបានចាប់ផ្ដើមពីខែសីហា នេះ នឹងបន្តរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨៕
Subscribe to:
Post Comments (Atom)
1 comment:
Dear SOV,
Would you please post the link of YouTube in the following:
https://www.youtube.com/watch?v=s2oFRnfLt3o
Thank you and your time and effort will be much appreciated.
Khmer Yeurng
Post a Comment