ដោយ រាជ វិញ្ញូ
2017-09-12
មន្ត្រីគណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែតស្ដីពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា ក្នុងទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
RFA/Cheu Sideth
គណបក្សសង្គ្រោះជាតិប្រកាសថា នឹងមិនបោះបង់ការចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨ឡើយ។ ការប្រកាសជំហរនេះ ដោយបក្សប្រឆាំងរំពឹងថា ស្ថានភាពនយោបាយដែលកំពុងតានតឹងមិនឈប់ឈរនាពេលបច្ចុប្បន្ន គឺនឹងវិលមករកភាពធម្មតាវិញ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ។
ជំហរចុងក្រោយរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតស្ដីពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ ក្នុងទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងសន្និសីទនេះ គណបក្សប្រឆាំង ក៏បានបកស្រាយចំពោះមាត្រាច្បាប់នានាដែលរដ្ឋាភិបាល យកមកដាក់បន្ទុកសម្រាប់ចាប់ខ្លួនលោក កឹម សុខា ទាំងអភ័យឯកសិទ្ធិសភា ថាការអះអាងនូវច្បាប់ទាំងនោះ គឺមិនត្រឹមត្រូវអ្វីសោះឡើយ។
ការធ្វើសន្និសីទកាសែតបង្ហាញជំហរមិនបោះបង់ការចូលរួមបោះឆ្នោតនេះ បន្ទាប់ពីមន្ត្រីបក្សប្រឆាំងខ្លះបានថ្លែងថា គណបក្សនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតឡើយ ប្រសិនបើលោក កឹម សុខា ប្រធានគណបក្ស មិនត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ៕
1 comment:
ចង់ចូលរួមម្តេចទៅ បើអាដែកចោវារុំលាយបក្សទៅហើយ វាថាអត់ប្រធាន តាមពិតវាចង់ឲ្យលោក សុន ឆៃ ធ្វើជាប្រធាន សង្រ្គោះជាតិ សុំចាំមើលទៀតទៅ តើពិតទេ?
Post a Comment