Tuesday, 12 September 2017
ម្ចាស់ស្ថានីយវិទ្យុFMដែលចាក់ផ្សាយពីអាស៊ីសេរីសុំការអត់អោនពីក្រសួងព័ត៌មាន
ដោយ សាន សែល
2017-09-12
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA
ការប្រកាសឲ្យបិទស្ថានីយវិទ្យុអេហ្វអ៊ឹម (FM) ដែលចាក់ផ្សាយកម្មវិធីព័ត៌មានពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ធ្វើឲ្យម្ចាស់ស្ថានីយFMមួយចំនួន ត្អូញត្អែរពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ។ ពួកគេ ស្នើឲ្យក្រសួងព័ត៌មានពិនិត្យឡើងវិញ ដើម្បីឲ្យស្ថានីយទាំងនោះ អាចដំណើរការឡើងវិញបាន។
ម្ចាស់ស្ថានីយវិទ្យុកំពង់ចាម លោក ថាន សុរិទ្ធិ ឲ្យដឹងថា ម្ចាស់ស្ថានីយមួយចំនួន បានខ្ចីប្រាក់ពីធនាគារដើម្បីដំណើរការផ្សាយវិទ្យុ។ ដូច្នេះ ការបិទវិទ្យុនេះ ធ្វើឲ្យពួកគេមិនអាចរកប្រាក់ចំណូល ដើម្បីបង់រំលស់ប្រាក់ឲ្យគេវិញបាន។
លោកបន្ថែមថា បុគ្គលិកដែលបម្រើនៅស្ថានីយដែលត្រូវបិទទាំងនោះ ក៏ត្រូវអស់ការងារធ្វើ។ លោក ថាន សុរិទ្ធិ ទទូចឲ្យក្រសួងព័ត៌មាន ដកបម្រាមដំណើរការស្ថានីយវិទ្យុ ដោយលោក អះអាងថា ខាងម្ចាស់ស្ថានីយយល់ព្រមបង់ការផាកពិន័យ និងធ្វើកិច្ចសន្យា ឬទិញប្រេកង់វិទ្យុចាស់ឡើងវិញ។ «សំឡេង»
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ឆ្លើយតបថា ដំណោះស្រាយរឿងនេះ ត្រូវការជជែកផ្ទាល់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់បកស្រាយថា រឿងបិទស្ថានីយទាំងអស់នោះ គឺជាការអនុវត្តទៅតាមផ្លូវច្បាប់សុទ្ធសាធ។
ម្ចាស់ស្ថានីយវិទ្យុចំនួន៥ រួមមានវិទ្យុកំពង់ចាម វិទ្យុស្ទឹងខៀវខេត្តបាត់ដំបង វិទ្យុកូនខ្មែរខេត្តកំពត វិទ្យុអង្គររដ្ឋាខេត្តសៀមរាប និងវិទ្យុមហានគរនៅភ្នំពេញ ដែលបានផ្សាយបន្តកម្មវិធីព័ត៌មានវិទ្យុវីអូអេ និងអាស៊ីសេរី និងបក្សប្រឆាំង កាលពីថ្ងៃទី២៨ ខែសីហា បានដាក់លិខិតរួមគ្នាសុំជួបពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកលិខិតនេះថាធ្វើឡើងមិនទាន់ត្រឹមត្រូវ ហើយថា ម្ចាស់ស្ថានីយវិទ្យុដែលចង់តវ៉ា ឬពិភាក្សាជាមួយក្រសួង គឺត្រូវនាំយកឯកសារពាក់ព័ន្ធមួយចំនួន ដូចជាសេចក្ដីប្រកាសអនុញ្ញាតធ្វើអាជីវកម្មសោតទស្សន៍ ទៅជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលជាមួយក្រុមមន្ត្រីជំនាញរបស់ក្រសួង មុននឹងឲ្យកិច្ចការងារនោះទៅឲ្យរដ្ឋមន្ត្រី។
នៅថ្ងៃទី១២ កញ្ញា តំណាងរាស្ត្រគណបក្សប្រឆាំង ក៏បានដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីឲ្យឆ្លើយបំភ្លឺរឿងបិទស្ថានីយវិទ្យុនេះ។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងនេះ ឲ្យដឹងថា លោកមិនទាន់ឃើញលិខិតនោះនៅឡើយ។
អង្គការលីកាដូ (LICADHO) រកឃើញថា វិទ្យុក្នុងស្រុកចំនួន ៣២ ស្ថានីយទូទាំងប្រទេស ត្រូវបង្ខំបិទការផ្សាយ។ ស្ថានីយទាំងនោះ បានផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។ លីកាដូ យល់ថា វិធានការរបស់រដ្ឋាភិបាល ដែលបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិទទួលបានព័ត៌មាន៕
Subscribe to:
Post Comments (Atom)
1 comment:
This guy is worried to lose his womanized heaven. He looks very ugly.
Post a Comment