Thursday, 14 September 2017

សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​គឺ​ជា​គំរាមកំហែង


ដោយ ថា កិត្យា
2017-09-14
rfa
លោក ហ៊ុន វណ្ណៈ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
លោក ហ៊ុន វណ្ណៈ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo provided



អង្គការ​ដែល​ធ្វើ​ការ​ផ្នែក​បរិស្ថាន និង​សិទ្ធិមនុស្ស​សម្ដែង​ការ​សោកស្ដាយ​ដែល​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ ២​នាក់​ក្នុង​ពន្ធនាគារ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។ ពួកគេ​ចាត់​ទុក​ថា ការ​សម្រេច​របស់​តុលាការ​គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​គំរាមកំហែង​ដល់​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ។



សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​អះអាង​ថា ពួកគេ​ពុំបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

​សកម្មជន​មាតា​ធម្មជាតិ អ្នកនាង លីម គីមស័រ រៀប​រាប់​ថា ការ​ឃុំ​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ ២​នាក់​នោះ គឺ​ជា​រឿង​ហួសចិត្ត និង​អយុត្តិធម៌​បំផុត ព្រោះ​ចំណាត់​ការ​នេះ​មាន​ចេតនា​រារាំង​សកម្មភាព​របស់​ពួកគាត់​ដែល​ឈឺ​ឆ្អាល​រឿង​ការពារ​ធនធាន​ធម្មជាតិ៖ «សម្រាប់​ពួក​ខ្ញុំ ដូចជា​រឿង​ធម្មតា​ទៅ​ហើយ វា​ដូច​ជា​អត់​មាន​រឿង​អី​ដែល​ធ្វើ​អោយ​ពួក​ខ្ញុំ​បារម្ភ​ភ័យ​ខ្លាច​អី​ផង ព្រោះ​កន្លង​មក​យុវជន​យើង​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ហើយ។ ម្សិលមិញ​នេះ សួរ​នាំ​យុវជន​យើង​ពីរ​នាក់ និង​ដាក់​ពន្ធនាគារ​ហើយ ក៏​មាន​ដីកា​ថ្មី​មួយ​ទៀត កោះ​ហៅ​យុវជន​យើង ៣​នាក់ ដែល​ជាប់​ពន្ធនាគារ​លើក​មុន​នោះ​ឲ្យ​ចូល​ទៅ​ចៅក្រម​ម្តង​ទៀត​នៅ​ក្នុង​ខែ​១១ ខាង​មុខ​នេះ។ អ្វី​ដែល​គេ​ធ្វើ​នេះ វា​គ្រាន់តែ​ជា​ការ​គំរាមកំហែង​ដើម្បី​ឲ្យ​ពួក​យើង​បញ្ឈប់​សកម្មភាព ប៉ុន្តែ​វា​ដូចជា​អត់​មាន​រឿង​អី​ដែល​យើង​ត្រូវ​បញ្ឈប់​ទេ ព្រោះ​ការងារ​ទាំង​អស់​នេះ គឺ​យើង​ធ្វើ​ដើម្បី​សង្គម​ជាតិ និង​តម្លាភាព»។

​កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ឃុំខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់ មាន​លោក ឌឹម គុណឌី និង​លោក ហ៊ុន វណ្ណៈ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ដោយ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល។

​សំណុំ​រឿង​នេះ អង្គការ​មាតា​ធម្មជាតិ បាន​ពឹង​ពាក់​មេធាវី​ពីរ​រូប​ឲ្យ​ជួយ​ការពារ​ក្ដី​សកម្មជន​របស់​ខ្លួន​ហើយ ប៉ុន្តែ​ខាង​មេធាវី​នៅ​មិន​ទាន់​បាន​ជួប​ជាមួយ​កូន​ក្ដី​នៅ​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។ទោះ​យ៉ាង​ណា មេធាវី​ការពារ​ក្ដី​បញ្ជាក់​ថា កិច្ចការ​ដំបូង​ដែល​ពួកគេ​នឹង​ធ្វើ គឺ​ស្នើសុំ​តុលាការ​អនុញ្ញាត​ឲ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

​មាត្រា ៣០២ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា អំពើ​ថតរូប​ភាព​នៃ​បុគ្គល​នៅ​ក្នុង​ទឹកដី​កន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​បុគ្គល​នោះ​ទេ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ២​លាន​រៀល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន រិះគន់​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ មិន​សម​ហេតុផល។ លោក​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់ និង​សម្រេច​ឃុំ​ខ្លួន​នេះ គឺ​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ការពារ​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស៖ «យើង​អង្គការ​សង្គម​ស៊ីវិល​យើង​ស្នើ​ឲ្យ​អាជ្ញាធរ​នឹង​លោក​ធ្វើ​យ៉ាង​ណា​បញ្ចៀស​ការ​ដាក់​ពន្ធនាគារ ហើយ​និង​យើង​អាច​និយាយ​គ្នា​បាន​តើ បទល្មើស​តូចតាច​ណាស់ ហើយ​យើង​ចេះ​តែ​ចាប់​ពួក​គាត់​យក​មក​ចោទ​អ៊ីចឹង​វា​ដូចជា​អត់​សម​ហេតុផល»។

​សកម្មជន​ទាំង​ពីរ​នាក់ ត្រូវ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ប្ដឹង​ឲ្យ​អាជ្ញាធរ​ឃុំ​ព្រែកខ្សាច់ ឃាត់​ខ្លួន​នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ខណៈ​អ្នក​ទាំង​ពីរ​នាក់ កំពុង​ជិះ​ទូក​ថត​រូប និង​វីដេអូ កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។
​ការ​ឃាត់​ខ្លួន​នេះ ក្រោយ​ពី​សកម្មជន​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស​ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន​ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​បាន​ឡើយ​ជុំវិញ​ករណី​នេះ។

អ្នកនាង លីម គីមស័រ បញ្ជាក់​ថា តាម​សម្ដី​ប្រជា​សហគមន៍ និង​អ្នក​បើកទូក​ជូន​សកម្មជន​ទាំង ២​នាក់​ទៅ​ថតរូប​នោះ គឺ​ពួក​គ​ពុំបាន​ចូល​ទៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នោះ​ទេ ពោល​គឺ​ពួកគេ​ថត​នៅ​ឆ្ងាយ និង​ពុំ​បាន​ទៅ​ញុះញង់​អ្នក​ណា​ម្នាក់​ឡើយ។ អ្នកនាង​សោកស្ដាយ​ដែល​ថា រដ្ឋាភិបាល​តែងតែ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ការពារ​ធនធាន​ធម្មជាតិ ប៉ុន្តែ​នៅ​ពេល​ពួកគាត់​ចូលរួម​បែរ​ជា​ត្រូវ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​វិញ៕

No comments: