Khmer Circle: So, one logical conclusion to draw here is that it was actually the accursed CIA who arranged Kem Ley's assassination? The plot thickens...
ដោយ វ៉ាន វណ្ណដេត
2017-09-11
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីបដិវត្តន៍ពណ៌នៅលើពិភពលោក និងសោកនាដកម្មក្រោយបដិវត្តន៍ពណ៌ នារាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
RFA/Nuon Soksarim
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ចាត់ទុកការធ្វើបាតុកម្មដែលមានហិង្សាប្រឆាំងរដ្ឋាភិបាលកម្ពុជា កន្លងទៅ គឺជាសញ្ញានៃបដិវត្តន៍ពណ៌ដែលរៀបចំដោយទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក ហៅកាត់ថា ស៊ី.អាយ.អេ (CIA)។ លោកបន្តថា ប្រធានបក្សប្រឆាំង លោក កឹម សុខា ជាកូនអុករបស់សហរដ្ឋអាមេរិក។
បាតុកម្មហិង្សាដែលលោក សុខ ទូច វាយតម្លៃថាជាជំហាននៃបដិវត្តន៍ពណ៌ មានដូចជាបាតុកម្មនៅស្ទឹងមានជ័យ និងបាតុកម្មនៅស្ពានក្បាលថ្នល់កាលពីឆ្នាំ២០១៣ ជាដើម។ មិនតែប៉ុណ្ណោះ លោក សុខ ទូច ដែលមានងារជាឯកឧត្តមបណ្ឌិតសភាចារ្យ និងជាប្រធានអង្គភាពដឹកនាំបញ្ញវន្តមួយស្ថិតក្រោមស្ថាប័នរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានធ្វើការសន្និដ្ឋានផ្អែកលើវីដេអូឃ្លីបដែលរដ្ឋាភិបាលចោទប្រកាន់លោក កឹម សុខា ថាក្បត់ជាតិ ហើយថាព្រឹត្តិការណ៍ស្លាប់របស់លោកបណ្ឌិត កែម ឡី ក៏ជាជំហាននៃបដិវត្តន៍ពណ៌រៀបចំដោយ ស៊ី.អាយ.អេ (CIA) ដើម្បីធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែរ៖ «ខ្ញុំស្ដាប់អ្វីដែលឯកឧត្តម កឹម សុខា មានប្រសាសន៍នៅអូស្ត្រាលី (Australia) អត់ខុសអំពីបដិវត្តន៍នៅអ៊ុយក្រែន (Ukraine) ហើយនិងបដិវត្តន៍នៅយូហ្គោស្លាវី (Yugoslavia) ដូចគ្នាបេះបិទ គឺការរៀបចំដោយ សេ.អ៊ី.អា ... ស៊ី.អាយ.អេ (CIA) គឺរៀបចំជាយន្តការតែម្ដង ហើយតាក់ទិចវ៉ៃដូចគ្នាបេះបិទ។ ទី១ផ្លូវវ៉េងស្រេង ទី២ ស្ពានក្បាលថ្នល់ ឬក៏ហៅស្ពានច្បារអំពៅ។ ចុងក្រោយមកព្រឹត្តិការណ៍គេជេរខ្ញុំពេញហ្វេសប៊ុក (facebook) ព្រឹត្តិការណ៍ កែម ឡី។ ហេតុអ្វីបានជាមានរឿងចឹងមក? យើងគិតមើលសុទ្ធតែជាហេតុការណ៍ដែលកើតមកដែលរុញឲ្យទៅជាបដិវត្តន៍ពណ៌»។
ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីបដិវត្តន៍ពណ៌នៅលើពិភពលោក និងសោកនាដកម្មក្រោយបដិវត្តន៍ពណ៌នៅព្រឹកថ្ងៃទី១១ ខែកញ្ញា នៅឯរាជបណ្ឌិត្យសភាកម្ពុជា នារាជធានីភ្នំពេញ។ លោក សុខ ទូច សោកស្ដាយដែលតំណាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងអ្នកវិភាគសង្គម លោកបណ្ឌិត មាស នី សន្យាថាមកចូលរួមកម្មវិធីលោក ហើយបែរមិនចូលរួមវិញ។
កាលពីថ្ងៃទី៣ ខែកញ្ញា ក្រោយការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអធ្រាត្របានប៉ុន្មានម៉ោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់សហរដ្ឋអាមេរិក ថាជាប្រទេសបាតដៃទី៣ ដែលលោកអះអាងថា លោកកំពុងរកមុខជាយូរមកហើយដោយសហរដ្ឋអាមេរិក នាំឲ្យកម្ពុជា ជួបគ្រោះអាក្រក់តាំងពីក្នុងសម័យលោកសេនាប្រមុខ លន់ នល់។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីថ្លែងថា ការចាប់ដៃគូជាមួយលោក កឹម សុខា លើកនេះ ក៏មិនខុសពីប្រវត្តិសាស្ត្រកាលពីជាង ៣០ឆ្នាំមុននោះដែរ គឺនឹងធ្វើឲ្យសន្តិភាពដែលរកបានមកដោយលំបាកនោះ ត្រូវរលាយទៅវិញព្រោះតែសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក និងលោក កឹម សុខា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ កញ្ញា បានបញ្ជាឲ្យស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធមួយចំនួនទាក់ទងនឹងសំណុំរឿងកម្មករធ្វើបាតុកម្មនៅផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ផងដែរ។
ទោះជាយ៉ាងណាក្ដី ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កន្លងទៅធ្លាប់បដិសេធការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា នេះ។ ចំណែកឯបក្សប្រឆាំងតាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៣ កញ្ញា បានហៅការចាប់ខ្លួនលោក កឹម សុខា ថាធ្វើឡើងយ៉ាងតក់ក្រហល់ក្នុងហេតុផលនយោបាយ និងជាទង្វើរំលោភច្បាប់ ខណៈដែលលោកជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។
ឆ្លើយតបការលើកឡើងរបស់លោក សុខ ទូច តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ យល់ថា លោក សុខ ទូច និយាយដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សុន ឆ័យ ចាត់ទុកលោក សុខ ទូច ជាអ្នកប្រាជ្ញ ប៉ុន្តែមិនគួរសន្និដ្ឋានមុនតុលាការនោះទេ៖ «ប្រសិនបើតុលាការយើងជាតុលាការឯករាជ្យ មានវិជ្ជាជីវៈអ្វីច្បាស់លាស់ យើងជាអ្នក... ហៅថាអ្នកប្រាជ្ញចុះ! គេមិនដែលទៅសន្និដ្ឋានមុនតុលាការគេកាត់សេចក្តីនោះទេ»។
សាម ស៊ុនឌឿន ២០១៧ ៦២២
អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន ផ្ដល់បទសម្ភាសន៍នារាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ RFA/Nuon Soksarim
អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធីនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ថា កម្ពុជា មានប្រវត្តិធ្វើបដិវត្តន៍តែម្ដងគត់ គឺចលនាព្រះសង្ឃនាំគ្នាបាំងឆត្រកាលពីសម័យរបបអាណានិគមបារាំង៖ «អ្នកដឹកនាំរដ្ឋាភិបាលថាអាហ្នឹងជាសញ្ញា តែខ្ញុំមើលទៅវាអត់ឃើញ ឃើញតែថាប្រជារាស្ត្រ កម្មករ គ្នាប្រាក់ខែតិច គ្នាមិនរស់ គ្នាខំប្រឹងងើបឡើង ហើយមានបក្ស មានអង្គការមួយចំនួន សហជីពអី ដឹកនាំធ្វើ គេក៏នាំគ្នាធ្វើទៅ»។
លោក សាម ស៊ុនឌឿន ថ្លែងថា ដើម្បីទប់ស្កាត់កុំឲ្យកម្ពុជា មានបដិវត្តន៍ពណ៌ រដ្ឋាភិបាលត្រូវឲ្យពលរដ្ឋបញ្ចេញមតិឲ្យបានពេញលេញ កុំបិទទីលានប្រជាធិបតេយ្យ កុំបង្កើតច្បាប់ ឬអនុក្រឹត្យដែលបំបិទសិទ្ធិពលរដ្ឋ ឲ្យពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានពីវិទ្យុឯករាជ្យដែលមានវិជ្ជាជីវៈ រដ្ឋសភាត្រូវបំពេញការងារឲ្យបានពេញលេញ ដោយធ្វើច្បាប់ដើម្បីបម្រើពលរដ្ឋ កុំធ្វើច្បាប់ដើម្បីជិះជាន់ពលរដ្ឋ។ ទោះយ៉ាងណា លោក សាម ស៊ុនឌឿន គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់បានដៃគូខ្លាំងមកប្រកួតជាមួយ។ ចំណែកការស៊ើបអង្កេតប្រភពថវិកាវិញ អនុប្រធានបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឲ្យមានការស៊ើបអង្កេតប្រភពថវិការបស់គណបក្សកាន់អំណាចផង។
លោកយល់ថា ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ គណបក្សទាំងពីរ គឺបក្សកាន់អំណាច និងបក្សប្រឆាំង ក៏គួរឈប់និយាយពីរឿងបដិវត្តន៍ពណ៌ ហើយនិយាយពីការសាមគ្គីគ្នាវិញ។ លោកបន្តថា ការចោទបដិវត្តន៍ពណ៌មិនបានចំណេញដល់គណបក្សនយោបាយនោះទេ ហើយពលរដ្ឋចេះវិនិច្ឆ័យច្បាស់លាស់ណាស់។ បើទោះជាពលរដ្ឋមិនហ៊ានបញ្ចេញមតិ ឬបាតុកម្ម លោក សាម ស៊ុនឌឿន ថាអ្នកដែលមិនពេញចិត្ត បានបញ្ចេញអាកប្បកិរិយាផ្សេងៗដើម្បីសម្ដែងចេញ ដូចជាការឈប់យកចង្ហាន់ទៅវត្តណាដែលមាននិន្នាការគាំទ្រនយោបាយ (បិណ្ឌទី៤ វត្តឧណ្ណាលោម ខ្វះចង្ហាន់ ខណៈវត្តផ្សេងៗមានចង្ហាន់ហូរហៀរ) ឬមិនចូលរួមកម្មវិធីរបស់លោក សុខ ទូច ជាដើម៕
1 comment:
The idiot Sok Touch is not a PhD guy. He confused himself and wants to show off his stupid ass when he blah blah blah.
Post a Comment