Wednesday, 13 September 2017

លោក សុខ ទូច៖ បាតុកម្ម​និង​មរណភាព​បណ្ឌិត កែម ឡី ជា​ជំហាន​បដិវត្តន៍​ព័ណ៌​ដែល​អាមេរិក​រៀបចំ


Khmer Circle: So, one logical conclusion to draw here is that it was actually the accursed CIA who arranged Kem Ley's assassination? The plot thickens...



ដោយ វ៉ាន វណ្ណដេត
2017-09-11

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Nuon Soksarim



ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​ដែល​មាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា កន្លង​ទៅ គឺ​ជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ស៊ី.អាយ.អេ (CIA)។ លោក​បន្ត​ថា ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ជា​កូន​អុក​របស់​សហរដ្ឋ​អាមេរិក។



បាតុកម្ម​ហិង្សា​ដែល​លោក សុខ ទូច វាយ​តម្លៃ​ថា​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌ មាន​ដូចជា​បាតុកម្ម​នៅ​ស្ទឹងមានជ័យ និង​បាតុកម្ម​នៅ​ស្ពាន​ក្បាលថ្នល់​កាល​ពី​ឆ្នាំ​២០១៣ ជាដើម។ មិន​តែ​ប៉ុណ្ណោះ លោក សុខ ទូច ដែល​មាន​ងារ​ជា​ឯកឧត្តម​បណ្ឌិត​សភាចារ្យ និង​ជា​ប្រធាន​អង្គភាព​ដឹកនាំ​បញ្ញវន្ត​មួយ​ស្ថិត​ក្រោម​ស្ថាប័ន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ធ្វើ​ការ​សន្និដ្ឋាន​ផ្អែក​លើ​វីដេអូ​ឃ្លីប​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​លោក កឹម សុខា ថា​ក្បត់​ជាតិ ហើយ​ថា​ព្រឹត្តិការណ៍​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ក៏​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌​រៀបចំ​ដោយ ស៊ី.អាយ.អេ (CIA) ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែរ៖ «ខ្ញុំ​ស្ដាប់​អ្វី​ដែល​ឯកឧត្តម កឹម សុខា មាន​ប្រសាសន៍​នៅ​អូស្ត្រាលី (Australia) អត់​ខុស​អំពី​បដិវត្តន៍​នៅ​អ៊ុយក្រែន (Ukraine) ហើយ​និង​បដិវត្តន៍​នៅ​យូហ្គោស្លាវី (Yugoslavia) ដូច​គ្នា​បេះបិទ គឺ​ការ​រៀបចំ​ដោយ សេ.អ៊ី.អា ... ស៊ី.អាយ.អេ (CIA) គឺ​រៀបចំ​ជា​យន្តការ​តែ​ម្ដង ហើយ​តាក់ទិច​វ៉ៃ​ដូច​គ្នា​បេះបិទ។ ទី​១ផ្លូវ​វ៉េងស្រេង ទី​២ ស្ពាន​ក្បាលថ្នល់ ឬ​ក៏​ហៅ​ស្ពាន​ច្បារអំពៅ។ ចុង​ក្រោយ​មក​ព្រឹត្តិការណ៍​គេ​ជេរ​ខ្ញុំ​ពេញ​ហ្វេសប៊ុក (facebook) ព្រឹត្តិការណ៍ កែម ឡី។ ហេតុ​អ្វី​បាន​ជា​មាន​រឿង​ចឹង​មក? យើង​គិត​មើល​សុទ្ធតែ​ជា​ហេតុការណ៍​ដែល​កើត​មក​ដែល​រុញ​ឲ្យ​ទៅ​ជា​បដិវត្តន៍​ពណ៌»។

ការ​លើក​ឡើង​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា នៅ​ឯ​រាជបណ្ឌិត្យសភា​កម្ពុជា នា​រាជធានី​ភ្នំពេញ។ លោក សុខ ទូច សោកស្ដាយ​ដែល​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និង​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត មាស នី សន្យា​ថា​មក​ចូលរួម​កម្មវិធី​លោក ហើយ​បែរ​មិន​ចូលរួម​វិញ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​បាន​ប៉ុន្មាន​ម៉ោង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​ប្រទេស​បាត​ដៃ​ទី​៣ ដែល​លោក​អះអាង​ថា លោក​កំពុង​រក​មុខ​ជា​យូរ​មក​ហើយ​ដោយ​សហរដ្ឋ​អាមេរិក នាំ​ឲ្យ​កម្ពុជា ជួប​គ្រោះ​អាក្រក់​តាំង​ពី​ក្នុង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់។ ជាង​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​ចាប់​ដៃគូ​ជាមួយ​លោក កឹម សុខា លើក​នេះ ក៏​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​កាល​ពី​ជាង ៣០​ឆ្នាំ​មុន​នោះ​ដែរ គឺ​នឹង​ធ្វើ​ឲ្យ​សន្តិភាព​ដែល​រក​បាន​មក​ដោយ​លំបាក​នោះ ត្រូវ​រលាយ​ទៅ​វិញ​ព្រោះ​តែ​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក និង​លោក កឹម សុខា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត និង​ស្វែងរក​ចាប់​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទាក់ទង​នឹង​សំណុំ​រឿង​កម្មករ​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៤ ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កន្លង​ទៅ​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា នេះ។ ចំណែក​ឯ​បក្ស​ប្រឆាំង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​៣ កញ្ញា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភ​ច្បាប់ ខណៈ​ដែល​លោក​ជា​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា។

ឆ្លើយតប​ការ​លើក​ឡើង​របស់​លោក សុខ ទូច តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ យល់​ថា លោក សុខ ទូច និយាយ​ដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សុន ឆ័យ ចាត់​ទុក​លោក សុខ ទូច ជា​អ្នក​ប្រាជ្ញ ប៉ុន្តែ​មិន​គួរ​សន្និដ្ឋាន​មុន​តុលាការ​នោះ​ទេ៖ «ប្រសិន​បើ​តុលាការ​យើង​ជា​តុលាការ​ឯករាជ្យ មាន​វិជ្ជាជីវៈ​អ្វី​ច្បាស់លាស់ យើង​ជា​អ្នក... ហៅ​ថា​អ្នក​ប្រាជ្ញ​ចុះ! គេ​មិន​ដែល​ទៅ​សន្និដ្ឋាន​មុន​តុលាការ​គេ​កាត់​សេចក្តី​នោះ​ទេ»។

សាម ស៊ុនឌឿន ២០១៧ ៦២២
អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន ផ្ដល់​បទសម្ភាសន៍​នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Nuon Soksarim
អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា យល់​ថា កម្ពុជា មាន​ប្រវត្តិ​ធ្វើ​បដិវត្តន៍​តែ​ម្ដង​គត់ គឺ​ចលនា​ព្រះសង្ឃ​នាំ​គ្នា​បាំង​ឆត្រ​កាល​ពី​សម័យ​របប​អាណានិគម​បារាំង៖ «អ្នក​ដឹកនាំ​រដ្ឋាភិបាល​ថា​អា​ហ្នឹង​ជា​សញ្ញា តែ​ខ្ញុំ​មើល​ទៅ​វា​អត់​ឃើញ ឃើញ​តែ​ថា​ប្រជារាស្ត្រ កម្មករ គ្នា​ប្រាក់ខែ​តិច គ្នា​មិន​រស់ គ្នា​ខំ​ប្រឹង​ងើប​ឡើង ហើយ​មាន​បក្ស មាន​អង្គការ​មួយ​ចំនួន សហជីព​អី ដឹកនាំ​ធ្វើ គេ​ក៏​នាំ​គ្នា​ធ្វើ​ទៅ»។

លោក សាម ស៊ុនឌឿន ថ្លែង​ថា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កម្ពុជា មាន​បដិវត្តន៍​ពណ៌ រដ្ឋាភិបាល​ត្រូវ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​ឲ្យ​បាន​ពេញលេញ កុំ​បិទ​ទីលាន​ប្រជាធិបតេយ្យ កុំ​បង្កើត​ច្បាប់ ឬ​អនុក្រឹត្យ​ដែល​បំបិទ​សិទ្ធិ​ពលរដ្ឋ ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពី​វិទ្យុ​ឯករាជ្យ​ដែល​មាន​វិជ្ជាជីវៈ រដ្ឋសភា​ត្រូវ​បំពេញ​ការងារ​ឲ្យ​បាន​ពេញលេញ ដោយ​ធ្វើ​ច្បាប់​ដើម្បី​បម្រើ​ពលរដ្ឋ កុំ​ធ្វើ​ច្បាប់​ដើម្បី​ជិះជាន់​ពលរដ្ឋ។ ទោះ​យ៉ាង​ណា លោក សាម ស៊ុនឌឿន គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​បាន​ដៃគូ​ខ្លាំង​មក​ប្រកួត​ជាមួយ។ ចំណែក​ការ​ស៊ើប​អង្កេត​ប្រភព​ថវិកា​វិញ អនុប្រធាន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រភព​ថវិកា​របស់​គណបក្ស​កាន់​អំណាច​ផង។

លោក​យល់​ថា ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌ គណបក្ស​ទាំង​ពីរ គឺ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ក៏​គួរ​ឈប់​និយាយ​ពី​រឿង​បដិវត្តន៍​ពណ៌ ហើយ​និយាយ​ពី​ការ​សាមគ្គី​គ្នា​វិញ។ លោក​បន្ត​ថា ការ​ចោទ​បដិវត្តន៍​ពណ៌​មិន​បាន​ចំណេញ​ដល់​គណបក្ស​នយោបាយ​នោះ​ទេ ហើយ​ពលរដ្ឋ​ចេះ​វិនិច្ឆ័យ​ច្បាស់លាស់​ណាស់។ បើ​ទោះ​ជា​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​មតិ ឬ​បាតុកម្ម លោក សាម ស៊ុនឌឿន ថា​អ្នក​ដែល​មិន​ពេញ​ចិត្ត បាន​បញ្ចេញ​អាកប្បកិរិយា​ផ្សេងៗ​ដើម្បី​សម្ដែង​ចេញ ដូចជា​ការ​ឈប់​យក​ចង្ហាន់​ទៅ​វត្ត​ណា​ដែល​មាន​និន្នាការ​គាំទ្រ​នយោបាយ (បិណ្ឌ​ទី​៤ វត្ត​ឧណ្ណាលោម ខ្វះ​ចង្ហាន់ ខណៈ​វត្ត​ផ្សេងៗ​មាន​ចង្ហាន់​ហូរហៀរ) ឬ​មិន​ចូលរួម​កម្មវិធី​របស់​លោក សុខ ទូច ជាដើម៕

1 comment:

Anonymous said...

The idiot Sok Touch is not a PhD guy. He confused himself and wants to show off his stupid ass when he blah blah blah.