Monday, 18 September 2017
លោក ប្រាក់ សុខុន គ្រោងយកបញ្ហាវិវត្តន៍ចុងក្រោយនៅកម្ពុជាទៅថ្លែងក្នុងមហាសន្និបាតអ.ស.ប
ដោយ អាស៊ីសេរី
2017-09-17
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថ្លែងនៅឯក្រសួងការបរទេស រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
RFA/Sorn Chanratha
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន គ្រោងនឹងចូលរួមសម័យប្រជុំលើកទី៧២ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចប្រជុំផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅនៅបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងសម័យប្រជុំនោះ លោក ប្រាក់ សុខុន គ្រោងនឹងធ្វើសេចក្ដីថ្លែងការណ៍ផ្ដោតទៅលើសារសំខាន់នៃកិច្ចប្រឹងប្រែងរួមក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងភេរវកម្ម សមិទ្ធផលរបស់កម្ពុជា ស្ដីពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។
លោក ប្រាក់ សុខុន ក៏គ្រោងនឹងលើកឡើងពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម និងបញ្ហាវិវត្តន៍នៅពេលថ្មីៗនៅកម្ពុជា ផងដែរ។
យ៉ាងណាក៏ដោយ សេចក្ដីជូនដំណឹងក្រសួងការបរទេសចេញនៅថ្ងៃនេះ មិនបានបញ្ជាក់លម្អិតទេ ថាតើបញ្ហាវិវត្តន៍ចុងក្រោយអំពីកម្ពុជា ដែលលោក ប្រាក់ សុខុន គ្រោងនឹងលើកឡើងនេះ មានពាក់ព័ន្ធនឹងដំណើរធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងចាស់ដៃមួយរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពីមានការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងការបំបិទសំឡេងសារព័ត៌មានឯករាជ្យនានា។
ក្រៅពីនេះ គណៈប្រតិភូកម្ពុជា គ្រោងនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រោមក្របខ័ណ្ឌអង្គការប្រទេសនិយាយភាសាបារាំង ចលនាមិនចូលបក្សសម្ព័ន្ធ សន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ព្រមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតែរេស (Antonio Guterres)។
នេះជាលើកទីមួយហើយដែលរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិក ក្រោយពេលដែលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចដាក់ទណ្ឌកម្មមិនចេញទិដ្ឋាការធ្វើដំណើរដល់មន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងក្រុមគ្រួសាររបស់ពួកគេ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើការដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរនេះ អាចប៉ះពាល់ដល់ការធ្វើដំណើរទៅប្រជុំរបស់លោក ប្រាក់ សុខុន និងមន្ត្រីការទូតក្រោមឱវាទដទៃទៀតដែរ ឬទេ ឬថាមន្ត្រីរបស់លោកអាចនឹងត្រូវបានរឹតត្បិតសេរីភាពនៃការធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិក យ៉ាងណានោះ។
អាស៊ីសេរី នឹងព្យាយាមទាក់ទងមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក ឲ្យជួយបំភ្លឺជុំវិញបញ្ហានេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment