Monday, 18 September 2017
មន្រ្តីបក្សកាន់អំណាចថា លោក កឹម សុខា មានសំណាងបានសុខដោយបានជាប់គុក
ដោយ អាស៊ីសេរី
2017-09-17
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
មន្ត្រីបក្សកាន់អំណាចគាំទ្រឲ្យខាងពន្ធនាគារបន្តដាក់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ឃុំខ្លួនលោក កឹម សុខា ដោយសម្អាងថា ដើម្បីការពារអាយុជីវិតគាត់។ ប៉ុន្តែអ្នកច្បាប់យល់ថា ការអនុវត្តបែបនេះ វាផ្ទុយនឹងច្បាប់ និងប៉ះពាល់យ៉ាងធ្ងន់ដល់សិទ្ធិឯកជនរបស់លោក កឹម សុខា។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងសារការពារជំនួសតុលាការថា ការដាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការត្រឹមត្រូវ ដើម្បីការពារអាយុជីវិតលោក កឹម សុខា។ សារដែលត្រូវបានចុះផ្សាយបន្តដោយកាសែតក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ទី១៧ កញ្ញា លោក សុខ ឥសាន ហៅលោក កឹម សុខា ថា ជាតួឯកក្នុងការអនុវត្តឧបាយកលដាក់ចេញដោយមហាយក្ស។
លោកបន្តថា ដូច្នេះលោក កឹម សុខា ផុយស្រួយណាស់ បើសិនជាមហាយក្សចង់បំបាត់ដានឧបាយកលរបស់ខ្លួនដោយសារលោក កឹម សុខា បានក្លាយជាក្រូចអស់ទឹកហើយ មិនចាំបាច់ទុកសំបកជាសាក្សីបានប្រយោជន៍អីទៀតទេ។ លោក សុខ ឥសាន បានចោទជាសំណួរទៅខាងមេធាវីការពារក្តីលោក កឹម សុខា ដែលចង់ឲ្យដកកាមេរ៉ាចេញពីបន្ទប់នោះ ថាតើមេធាវីហ៊ានធានា និងទទួលខុសត្រូវចំពោះសុវត្ថិភាពអាយុជីវិតលោក កឹម សុខា ឬទេ? សូមឆ្លើយប្រាប់គាត់។
ជាការឆ្លើយតបមេធាវីមួយរូបក្នុងចំណោមមេធាវីទាំង ៥រូប ដែលការពារក្តីលោក កឹម សុខា គឺលោក សំ សុគង់ បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ការធានាសុវត្ថិភាពជនជាប់ឃុំជាការសំខាន់ក៏ពិតមែន ប៉ុន្តែភារកិច្ចធានាសុវត្ថិភាពជនជាប់ឃុំ គឺជាបន្ទុករបស់មន្ត្រីពន្ធនាគារ ដែលមានកម្លាំង និងបំពាក់អាវុធដើម្បីថែរក្សាសន្តិសុខអ្នកជាប់ឃុំទូទៅ។
លោក សំ សុគង់ បន្តថា ក្រុមមេធាវីពួកគាត់ចាត់ទុកថា ការដាក់កាមេរ៉ាសុវត្ថិភាពរហូតចូលដល់ក្នុងបន្ទប់ដែលលោក កឹម សុខា កំពុងជាប់ឃុំដូច្នេះ គឺជាការអនុវត្តនាំឲ្យរំលោភលើសិទ្ធិឯកជនរបស់លោក កឹម សុខា យ៉ាងធ្ងន់ធ្ងរ៖ «យើងឃើញហើយថា នៅក្នុងបន្ទប់ តាមធម្មតាគាត់ផ្លាស់ប្តូរសម្លៀកបំពាក់ អ៊ីចឹងនឹងឃើញសកម្មភាពគាត់ទាំងអស់ វាប៉ះពាល់ដល់សិទ្ធិឯកជនរបស់គាត់។ ដើម្បីការពារសុវត្ថិភាពឲ្យគាត់ គេអាចដាក់កាមេរ៉ាសុវត្ថិភាពនៅក្រៅបន្ទប់ ឬតាមរបងដែលនៅព័ទ្ធជុំវិញបន្ទប់ហ្នឹង អាហ្នឹងជារឿងមួយយើងអាចទទួលយកបាន។ ប៉ុន្តែ បើដាក់ក្នុងបន្ទប់ វាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិបុគ្គលឯកជន។ ដូច្នេះហើយបានជាក្រុមមេធាវី ស្នើឲ្យមានការដកចេញ»។
ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន នៅតែយល់ថា ការដាក់កាមេរ៉ាសុវត្ថិភាពនេះ គឺនៅតែចាំបាច់ ដោយលោកលើកយកករណីអតីតកាលមកធ្វើជាសម្អាងការពារជំហររបស់គាត់ ទោះជាគ្មានច្បាប់ចែងដើម្បីកុំឲ្យមានបញ្ហាដូចឧទាហរណ៍ក្នុងករណីសម្លាប់លោក ថាច់ ជា និង លោក កែវ សង់គីម កាល់ជំនាន់សាធារណរដ្ឋខ្មែរ និងករណីលោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់នៅមុខតូបលក់កាសែតក្បែររបងវត្តលង្ការ កាលពីខែមករា ឆ្នាំ២០០៤ និងមនុស្សដទៃទៀតដែលលោក សុខ ឥសាន ចាត់ទុកថា ជាអ្នកបម្រើនយោបាយប្រឆាំង។
ចំណែកឯអ្នកច្បាប់មួយរូបដែលតំណាងជនរងគ្រោះនៅសាលាក្តីខ្មែរក្រហម ដែលជាតុលាការអន្តរជាតិ ក៏មិនយល់ស្របចំពោះការអនុវត្តរបស់មន្ត្រីពន្ធនាគារដែលថតរូបសកម្មភាពរបស់ជនជាប់ឃុំនៅក្នុងបន្ទប់ឯកជនដូច្នេះនោះដែរ។
លោកមេធាវី ហុង គឹមសួន លើកឡើងថា នេះជាការអនុវត្តបំពានទាំងសិទ្ធិ ទាំងច្បាប់៖ «អាហ្នឹងវាចូលលក្ខណៈបំពានសិទ្ធិបុគ្គលហើយ បំពានទាំងច្បាប់ទៅទៀត ព្រោះច្បាប់គេហាមឃាត់ការថតរូបភាពបុគ្គលហ្នឹងផង ការស្ដាប់សំឡេងរូបភាពបុគ្គលហ្នឹង គឺចំហ្មងរឿងច្បាប់ព្រហ្មទណ្ឌ ព្រោះអីចោទប្រកាន់ហ្នឹងមើល៍ទើបតែចាប់ពួកសកម្មជនមាតាធម្មជាតិ ទាក់ទងនឹងថតរូបពីចម្ងាយផង នៅតែចោទប្រកាន់ចាប់គេឃុំខ្លួន ចុះទម្រាំនឹងរឿងសិទ្ធិបុគ្គលរបស់គេហ្នឹង ទោះបីថាស្ថិតក្នុងមន្ទីរឃុំឃាំង ក៏គ្មានច្បាប់ណាមួយដែលតម្រូវឲ្យដាក់កាមេរ៉ាថតសកម្មភាព រូបភាព និងថតសំឡេងគេនោះទេ»។
កាលដើមសប្ដាហ៍កន្លងទៅនេះ សកម្មជនមាតាធម្មជាតិពីរនាក់ ត្រូវតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ប្ដឹងឲ្យអាជ្ញាធរឃាត់ខ្លួននៅពេលជិះទូកថតរូប និងវីដេអូកប៉ាល់ដឹកខ្សាច់ស៊ីលីកាពីរគ្រឿង ក្នុងលំហសមុទ្រនៅស្រុកគីរីសាគរ ខេត្តកោះកុង ទាក់ទិននឹងភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់សទៅកោះតៃវ៉ាន់ ចំនួនជាង ១លានតោន ដែលគិតជាទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា នៅថ្ងៃទី១៥ ខែកញ្ញា កន្លងទៅនេះ បានដាក់ពាក្យស្នើសុំ ទៅចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី ឱ្យដកកាមេរ៉ាសុវត្ថិភាព និងឧបករណ៍ស្រូបសំឡេងចេញពីបន្ទប់ឃុំឃាំងដោយមេធាវីអះអាងថា ការអនុវត្តបែបនេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញផង ផ្ទុយច្បាប់ស្ដីពីពន្ធនាគារ និងផ្ទុយទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌផង។ ពួកគាត់ក៏បានស្នើសុំឲ្យលោក កឹម សុខា បានស្ដាប់វិទ្យុ ព្រមទាំងស្នើអនុញ្ញាតឱ្យក្រុមមេធាវី យកឯកសារច្បាប់ និងសំណុំរឿង ចូលជួបពិគ្រោះយោបល់រវាងមេធាវី និងកូនក្ដីផងដែរ។ កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ ក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្ដឹងសុំតុលាការសម្រេចឱ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្ដោះអាសន្ន។
សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងបើកសវនាការថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ជុំវិញបណ្ដឹងប្រឆាំងដីកាឃុំខ្លួនលោក កឹម សុខា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment