Friday, 15 September 2017
រដ្ឋាភិបាលបិទអង្គការមាតាធម្មជាតិបន្ទាប់ពីយុវជនអង្គការនេះ២នាក់ត្រូវឃុំខ្លួន
ដោយ អាស៊ីសេរី
2017-09-15
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិ ថ្លែងក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។
Photo: RFA
ប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៥ ខែ កញ្ញា បានសម្រេចលុបឈ្មោះអង្គការបរិស្ថានដ៏សកម្មមួយនេះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ។
បើទោះជាយ៉ាងណាប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងនេះ គឺ លោក ប៉ុល លឹម ពុំបានបញ្ជាក់ពីមូលហេតុជាមូលដ្ឋាននៃការសម្រេចនេះឡើយ។
នៅក្នុងប្រកាសនោះបានយោងច្បាប់សំខាន់មួយគឺច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ប្រកាសដដែលបង្ហាញថា ក្រសួងមហាផ្ទៃបានចុះឈ្មោះអង្គការមាតាធម្មជាតិក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលកាលពីខែ កញ្ញា ឆ្នាំ ២០១៣។
កន្លងទៅនេះអង្គការមាតាធម្មជាតិបានទម្លាយព័ត៌មានជាច្រើនទាក់ទិននឹងភាពមិនប្រក្រតីក្នុងជីវកម្មធនធានខ្សាច់ទៅបរទេសក្នុងនោះក៏មានទិន្នន័យដែលបង្ហាញអោយឃើញថាកម្ពុជាបាត់បង់ប្រាក់រាប់រយលានដុល្លារនៅពីក្រោយភាពមិនប្រក្រតីទាំងនោះ។ អង្គការមាតាធម្មជាតិក៏ បង្ហាញជំហរប្ដឹងទៅបណ្ដាប្រទេសពាក់ព័ន្ធមួយ ចំនួនដែលពាក់ព័ន្ធនឹងអាជីវកម្មខ្សាច់នៅកម្ពុជា រួមមាន សិង្ហបូរី (Singapore) និងតៃវ៉ាន់ (Taiwan) ជាដើម។
កាលពីដើមសប្ដាហ៍នេះតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនសកម្មជនមាតាធម្មជាតិពីរនាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នហើយដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល។
អ្នកទាំងពីរត្រូវក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោក ឧកញ៉ា លី យ៉ុងផាត់ ប្ដឹងឲ្យអាជ្ញាធរឃាត់ខ្លួននៅពេលជិះទូកថតរូប និងវីដេអូកប៉ាល់ដឹកខ្សាច់ស៊ីលីកាពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុងទាក់ទិននឹងភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់សទៅកោះតៃវ៉ាន់ ចំនួនជាង ១លានតោន ដែលគិតជាទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជាជនជាតិអេស្ប៉ាញត្រូវរដ្ឋាភិបាលបណ្ដេញ ពីកម្ពុជា កាលពីដើមឆ្នាំ២០១៥ ដោយសំអាងថា ទិដ្ឋាការរបស់លោកហួសពេលកំណត់៣ថ្ងៃ។ មន្ត្រីរដ្ឋាភិបាលក៏ធ្លាប់បញ្ជាក់ថា លោកមិនអាចវិលចូលប្រទេសខ្មែរបានទេដ្បិតមានឈ្មោះក្នុងបញ្ជីខ្មៅ៕
Subscribe to:
Post Comments (Atom)
1 comment:
ដល់កហើយ អ្នកដែលការពារ សម្បត្តិធម្មជាតិរដ្ឋ តែបែរជាការខុសច្បាប់ ចង់សួរថាតើយុវជនទាំងនោះមានកំហុសអីក៍ខ្លាំងម្លេះ បើរបស់នោះ យុវជន ទាបទា ជារបស់ខ្លួននោះ ច្បាស់ជាខុស ទេតាមពិត អ្នកមានអំណាចចង់បិទបាំងនៅអំពើអាក្រក់ដែលបំផ្លាញ ធម្មជាតិ ដែលយុវជនទាំងនោះធ្វើឲ្យពួកមានអំណាច ក្បាលខូចអស់នោះដេកមិនលក់ ដោយយុវជន បើកកកាយរឿងដអាក្រក់របស់ពួកវា។
Post a Comment