Tuesday, 24 October 2017

ពលរដ្ឋ​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចុះចូល​នឹង​បក្ស​កាន់អំណាច​ថា​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត


ដោយ អាស៊ីសេរី
2017-10-24

ពលរដ្ឋ​មើល​រូបថត​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​លោក ឡុង ប៊ុន្នី ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ រូបថត​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១៧។
ពលរដ្ឋ​មើល​រូបថត​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​លោក ឡុង ប៊ុន្នី ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ រូបថត​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១៧។
RFA



ពលរដ្ឋ​ម្ចាស់​ឆ្នោត​រិះគន់​ថា តំណាងរាស្ត្រ និង​សមាជិក​ប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ដែល​ភ័យខ្លាច​អស់​ដំណែង ហើយ​រត់​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថា ជា​ជន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត។ ការ​លើកឡើង​របស់​ពលរដ្ឋ​ដូចនេះ ខណៈ​មន្ត្រី​គណបក្សប្រឆាំង​ចំនួន ៣​រូប បាន​សរសេរ​លិខិត​សុំ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ក្រោយ​លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ។



បី​ថ្ងៃក្រោយ​លោក ហ៊ុន សែន ប្រកាស​ថា មេឃុំ​-​ចៅសង្កាត់ ឬ​សមាជិក​របស់​គណបក្ស​ប្រឆាំង​ណា​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នឹង​ទុក​ដំណែង​ឲ្យ​នៅ​ដដែល​នោះ គិត​មក​ដល់​ពេល​នេះ មាន​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​មួយ​រូប គឺ ឡុង ប៊ុន្នី សមាជិក​ប្រឹក្សា​សង្កាត់​ច្រាំងចំរេះ​ក្រុងភ្នំពេញ​លោក ស្មាន ហ៊ីម និង​ជំទប់​ទី​១ នៅ​ខេត្ត​តាកែវ លោក ចាន់ ចយ យល់ព្រម​រត់​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ព្រោះ​ខ្លាច​អស់​តំណែង អស់​ប្រាក់ខែ។

យ៉ាងណា​ក៏​ដោយ​ចុះ សម្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ យល់ថា ការ​ចាកចេញ​ពី​គណបក្សប្រឆាំង​របស់​អ្នក​ទាំងនោះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​សង្គ្រោះជាតិ​ទេ។

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ កញ្ញា ងឹម គាថា និយាយ​ថា កញ្ញា​សោកស្ដាយ​ចំពោះ​អ្នក​ដែល​យក​សំឡេងឆ្នោត​របស់​កញ្ញា​ទៅ​លក់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ កញ្ញា​យល់ថា នេះ​សិទ្ធិ​របស់​គេ។ ជាង​នេះ​ទៅ​ទៀត ម្ចាស់​ឆ្នោត​រូប​នេះ នៅ​ពេល​មានការ​បោះឆ្នោត​ខាងមុខ ក្រុម​ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច គឺ​ពលរដ្ឋ​មិន​បោះឆ្នោត​ឲ្យ​បុគ្គល​នោះ​ទៀត​ទេ។

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក ស៊ីវ សួ យល់ថា ការ​ចាកចេញ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ស្មើនឹង​ការ​បោសសម្អាត​ជន​ក្បត់​បក្ស និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ចេញពី​គណបក្ស​សង្គ្រោះជាតិ។ លោក​យល់ថា បុគ្គល​ទាំងនោះ​ជា​ជនបង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​ទាំងនោះ​មាន​វត្ត​មាននៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មានតែ​បង្ក​បញ្ហា​ដល់​គណបក្ស។

លោក ហ៊ុន សែន ដែល​គេ​ផ្ដល់​ងារ​ជា​បុរស​ខ្លាំង គឺ​ខ្លាំង​ខាង​ល្បិច​បំបាក់​គួរ​ប្រកួត​ព្រោះ បាន​ប្រកាស​ថា បើ​មេឃុំ​-​ចៅសង្កាត់​បក្ស​ប្រឆាំង​ព្រម​ចុះចូល​នឹង​ខ្លួន​លោក​បើ​ចង់​រក្សា​ដំណែង​ឲ្យ​នៅ​ដដែល។

លោក ហ៊ុន សែន ប្រកាស​ដូច​នេះ ព្រោះ​លោក​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​រំលាយ​នា​ពេល​ខាង​ដ៏​ខ្លី។

នេះ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​សង្គម​នយោបាយ​កម្ពុជា​ទេ ហ៊ុន សែន ក៏​ធ្លាប់​ប្រើ​វិធី​បែបនេះ​កម្ចាត់​ក្រុម​ខ្មែរ និង​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ កាលពី​អំឡុង​ឆ្នាំ​១៩៩៧ គឺ​ប្រគល់​តួនាទី​ដំណែង​ដល់​អ្នក​ដែល​មក​ចុះចូល​ជាមួយ​លោក។ ប៉ុន្តែ បើ​លោក ហ៊ុន សែន មិន​សប្បាយចិត្ត ឬ​សង្ស័យ​ថា អ្នក​ទាំងនោះ​ក្បត់​លោក ពួកគេ​នឹង​ត្រូវ​បាត់បង់​ដំណែង ឬ​ត្រូវ​ជាប់គុក។

ដូច​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក អ៊ូច ផល និយាយ​ថា អ្នក​ដែល​បោះបង់​ចោល​គណបក្ស​ប្រឆាំង ទៅជា​មួយ​គណបក្ស​កាន់អំណាច គឺជា​ការ​ទៅ​ភ្លក់​រសជាតិ​សម្ល​ម្ជូរ​ខ្លាំង ដែល​ពិបាក​ក្នុង​ការ​ទទួលទាន។ លោក​ថា លោក​មិន​ស្ដាយ​អ្នក​ទាំង​នោះ​ទេ ប៉ុន្តែ បែរ​ជា​អាណិត​ពួកគេ​ទៅវិញ ព្រោះ​លោក​ឃើញ​អ្នក​ដែល​រត់​ពី​គណបក្ស​ផ្សេងៗ ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​វាសនា​មិនល្អ​ឡើយ។

គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ជាង ៣​លាន​នាក់ ធ្វើ​ឲ្យ​គណបក្ស​នេះ មាន​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ៥៥​រូប និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង​៥០០០​នាក់។ មក​ដល់​ពេល​នេះ មាន​មន្ត្រី​គណបក្ស​ប្រឆាំង បី​រូប​បាន​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច ខណៈ​គណបក្សប្រឆាំង​រង​ការ​ធ្វើទុក្ខបុកម្នេញ ដោយ​ត្រូវ​អង្គរក្ស​លោក ហ៊ុន សែន វាយ​ស្ទើរ​ស្លាប់​នៅមុខ​រដ្ឋសភា អ្នក​ផ្សេងទៀត​កំពុង​ជាប់ឃុំ និង​ចុងក្រោយ​គណបក្ស​នេះ ប្រឈម​ការ​រំលាយ​ចោល​ទៀត។


ម៉ៅ មុនីវណ្ណ ២០១៧ ៦២២តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១៧។ RFA RFA សមាជិក​សភា និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ថា លោក​មិន​អាច​ដឹង​ថា នឹង​មាន​សមាជិក​គណបក្ស​របស់​លោក​រូប​ណា នឹង​ចាកចេញ​ទៀត​នោះ​ទេ។ យ៉ាងណា​ក៏​ចុះ​លោក​ថា នេះ​ជា​សិទ្ធិសេរីភាព​របស់​ពួកគេ។ ចំណែក​រូបលោក​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​នោះ​ទេ។
រីឯ​អ្នកនយោបាយ​ជើងចាស់ លោក គង់ គាំ ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​បែប​ចំអក ទៅ​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន្នី ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​ថា ប្រហែល​តំណាងរាស្ត្រ​រូប​នេះ ត្រូវការ​លុយ​បង់​រំលោះ​ផ្ទះ។ លោក​ថា បើ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​តំណាងរាស្ត្រ​ណា ចង់​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​លោក​មិន​ឃាត់​ទេ។

ខណៈ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចាប់ខ្លួន និង​រង​ការចោទប្រកាន់ ពី​បទ​ក្បត់ជាតិ។ ប៉ុន្តែ តុលាការ​មិន​សម្រេច​ថា លោក កឹម សុខា មាន​ទោស​ផង រដ្ឋាភិបាល​លោក ហ៊ុន សែន បែរជា​ប្ដឹង​ទៅ​តុលាការ​កំពូល ឲ្យ​រំលាយ​គណបក្ស​នេះ​ចោល ព្រោះ​ករណី​លោក កឹម សុខា ដោយ​អះអាង​ថា ធ្វើតាម​បណ្ដឹង​របស់​គណបក្ស​តូចៗ​ពីរ ដែល​គ្មាន​សំឡេង​នៅ​ក្នុង​សភា។

ជាង​នេះ​ទៅ​ទៀត ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កែ​ច្បាប់​ចំនួន​៤ ទាក់ទង​ការ​បោះឆ្នោត ដោយ​កំណត់​ថា នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ ត្រូវ​តុលាការ​រំលាយ នឹង​យក​កៅអី​របស់​គណបក្ស​នេះ​ទាំង​ក្នុង​សភា និង​នៅ​តាម​ឃុំ-សង្កាត់​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេងទៀត។

ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទាំងនោះ​ហើយ ធ្វើ​សហគមន៍​អន្តរជាតិ ចាប់​ផ្ដើម​ព្រមាន​ដាក់​ទណ្ឌកម្ម មក​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​គ្នា។ លោក គង់ គាំ ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ស្ថានភាព​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​នៅ​ពេល​នេះ ដូច​ទឹក​ស្ងប់ ចំណែក​ការ​ទាមទារ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ដូច​ទឹក​ហូរ ប៉ុន្តែ​លោក​ថា ទឹក​ស្ងប់​គ្រោះ​ថ្នាក់​ជាង​ទឹក​ហូរ​ទៅ​ទៀត។

ការ​ចុះ​ចូល​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពេលនេះ គឺ​ដូច​ទៅ​នឹង​ស្ថានភាព​កន្លងទៅ​ដែរ គឺ​នៅ​ពេល​កៀក​បោះឆ្នោត តែងតែ​ឃើញ​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​អ្នក​គាំទ្រ​គណបក្សប្រឆាំង មក​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច។ ប៉ុន្តែ លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ បែរជា​គណបក្ស​នេះ​កើន​សំឡេង​គាំទ្រ​របស់​ខ្លួន​ទៅវិញ៕

1 comment:

Anonymous said...

Whoever from CNRP defects to CPP after Ah Yong Yuon/Yiekcong Hun Sen declared to join CPP is one of the hidden Yuon/Vietnamese agents among CNRP.