Tuesday, 24 October 2017
ពលរដ្ឋរិះគន់មន្ត្រីបក្សប្រឆាំងដែលចុះចូលនឹងបក្សកាន់អំណាចថាក្បត់ឆន្ទៈម្ចាស់ឆ្នោត
ដោយ អាស៊ីសេរី
2017-10-24
ពលរដ្ឋមើលរូបថតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិលោក ឡុង ប៊ុន្នី ដែលទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ រូបថតថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
RFA
ពលរដ្ឋម្ចាស់ឆ្នោតរិះគន់ថា តំណាងរាស្ត្រ និងសមាជិកប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងដែលភ័យខ្លាចអស់ដំណែង ហើយរត់ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ថា ជាជនក្បត់ឆន្ទៈម្ចាស់ឆ្នោត។ ការលើកឡើងរបស់ពលរដ្ឋដូចនេះ ខណៈមន្ត្រីគណបក្សប្រឆាំងចំនួន ៣រូប បានសរសេរលិខិតសុំចូលជាមួយគណបក្សកាន់អំណាចក្រោយលោក ហ៊ុន សែន ព្រមានរំលាយគណបក្សសង្គ្រោះជាតិ។
បីថ្ងៃក្រោយលោក ហ៊ុន សែន ប្រកាសថា មេឃុំ-ចៅសង្កាត់ ឬសមាជិករបស់គណបក្សប្រឆាំងណាព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងទុកដំណែងឲ្យនៅដដែលនោះ គិតមកដល់ពេលនេះ មានតំណាងរាស្ត្រមណ្ឌលព្រៃវែងមួយរូប គឺ ឡុង ប៊ុន្នី សមាជិកប្រឹក្សាសង្កាត់ច្រាំងចំរេះក្រុងភ្នំពេញលោក ស្មាន ហ៊ីម និងជំទប់ទី១ នៅខេត្តតាកែវ លោក ចាន់ ចយ យល់ព្រមរត់ទៅចុះចូលជាមួយគណបក្សកាន់អំណាច ព្រោះខ្លាចអស់តំណែង អស់ប្រាក់ខែ។
យ៉ាងណាក៏ដោយចុះ សម្រាប់ពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រគណបក្សសង្គ្រោះជាតិ យល់ថា ការចាកចេញពីគណបក្សប្រឆាំងរបស់អ្នកទាំងនោះ មិនធ្វើឲ្យប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិទេ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ កញ្ញា ងឹម គាថា និយាយថា កញ្ញាសោកស្ដាយចំពោះអ្នកដែលយកសំឡេងឆ្នោតរបស់កញ្ញាទៅលក់ឲ្យគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ កញ្ញាយល់ថា នេះសិទ្ធិរបស់គេ។ ជាងនេះទៅទៀត ម្ចាស់ឆ្នោតរូបនេះ នៅពេលមានការបោះឆ្នោតខាងមុខ ក្រុមដែលទៅចុះចូលជាមួយគណបក្សកាន់អំណាច គឺពលរដ្ឋមិនបោះឆ្នោតឲ្យបុគ្គលនោះទៀតទេ។
ចំណែកពលរដ្ឋមួយរូបទៀត លោក ស៊ីវ សួ យល់ថា ការចាកចេញរបស់មន្ត្រីគណបក្សប្រឆាំងនៅពេលនេះ គឺស្មើនឹងការបោសសម្អាតជនក្បត់បក្ស និងក្បត់ឆន្ទៈរាស្ត្រចេញពីគណបក្សសង្គ្រោះជាតិ។ លោកយល់ថា បុគ្គលទាំងនោះជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ហើយអ្នកទាំងនោះមានវត្តមាននៅក្នុងគណបក្សសង្គ្រោះជាតិ មានតែបង្កបញ្ហាដល់គណបក្ស។
លោក ហ៊ុន សែន ដែលគេផ្ដល់ងារជាបុរសខ្លាំង គឺខ្លាំងខាងល្បិចបំបាក់គួរប្រកួតព្រោះ បានប្រកាសថា បើមេឃុំ-ចៅសង្កាត់បក្សប្រឆាំងព្រមចុះចូលនឹងខ្លួនលោកបើចង់រក្សាដំណែងឲ្យនៅដដែល។
លោក ហ៊ុន សែន ប្រកាសដូចនេះ ព្រោះលោកថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយនាពេលខាងដ៏ខ្លី។
នេះមិនមែនជារឿងថ្មីសម្រាប់សង្គមនយោបាយកម្ពុជាទេ ហ៊ុន សែន ក៏ធ្លាប់ប្រើវិធីបែបនេះកម្ចាត់ក្រុមខ្មែរ និងរំលាយគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ កាលពីអំឡុងឆ្នាំ១៩៩៧ គឺប្រគល់តួនាទីដំណែងដល់អ្នកដែលមកចុះចូលជាមួយលោក។ ប៉ុន្តែ បើលោក ហ៊ុន សែន មិនសប្បាយចិត្ត ឬសង្ស័យថា អ្នកទាំងនោះក្បត់លោក ពួកគេនឹងត្រូវបាត់បង់ដំណែង ឬត្រូវជាប់គុក។
ដូចគ្នានេះដែរ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក អ៊ូច ផល និយាយថា អ្នកដែលបោះបង់ចោលគណបក្សប្រឆាំង ទៅជាមួយគណបក្សកាន់អំណាច គឺជាការទៅភ្លក់រសជាតិសម្លម្ជូរខ្លាំង ដែលពិបាកក្នុងការទទួលទាន។ លោកថា លោកមិនស្ដាយអ្នកទាំងនោះទេ ប៉ុន្តែ បែរជាអាណិតពួកគេទៅវិញ ព្រោះលោកឃើញអ្នកដែលរត់ពីគណបក្សផ្សេងៗ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មានវាសនាមិនល្អឡើយ។
គណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋបោះឆ្នោតឲ្យជាង ៣លាននាក់ ធ្វើឲ្យគណបក្សនេះ មានតំណាងរាស្ត្រនៅសភាចំនួន ៥៥រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥០០០នាក់។ មកដល់ពេលនេះ មានមន្ត្រីគណបក្សប្រឆាំង បីរូបបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ខណៈគណបក្សប្រឆាំងរងការធ្វើទុក្ខបុកម្នេញ ដោយត្រូវអង្គរក្សលោក ហ៊ុន សែន វាយស្ទើរស្លាប់នៅមុខរដ្ឋសភា អ្នកផ្សេងទៀតកំពុងជាប់ឃុំ និងចុងក្រោយគណបក្សនេះ ប្រឈមការរំលាយចោលទៀត។
ម៉ៅ មុនីវណ្ណ ២០១៧ ៦២២តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ថ្លែងនៅទីស្នាក់ការកណ្ដាលគណបក្សរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ RFA RFA សមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ថា លោកមិនអាចដឹងថា នឹងមានសមាជិកគណបក្សរបស់លោករូបណា នឹងចាកចេញទៀតនោះទេ។ យ៉ាងណាក៏ចុះលោកថា នេះជាសិទ្ធិសេរីភាពរបស់ពួកគេ។ ចំណែករូបលោកមិនក្បត់ឆន្ទៈម្ចាស់ឆ្នោតនោះទេ។
រីឯអ្នកនយោបាយជើងចាស់ លោក គង់ គាំ ដែលជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងបែបចំអក ទៅតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ឡុង ប៊ុន្នី ដែលចុះចូលជាមួយគណបក្សប្រជាជនថា ប្រហែលតំណាងរាស្ត្ររូបនេះ ត្រូវការលុយបង់រំលោះផ្ទះ។ លោកថា បើក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រណា ចង់ចូលរួមជាមួយគណបក្សប្រជាជនលោកមិនឃាត់ទេ។
ខណៈលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួន និងរងការចោទប្រកាន់ ពីបទក្បត់ជាតិ។ ប៉ុន្តែ តុលាការមិនសម្រេចថា លោក កឹម សុខា មានទោសផង រដ្ឋាភិបាលលោក ហ៊ុន សែន បែរជាប្ដឹងទៅតុលាការកំពូល ឲ្យរំលាយគណបក្សនេះចោល ព្រោះករណីលោក កឹម សុខា ដោយអះអាងថា ធ្វើតាមបណ្ដឹងរបស់គណបក្សតូចៗពីរ ដែលគ្មានសំឡេងនៅក្នុងសភា។
ជាងនេះទៅទៀត ក្រុមគណបក្សប្រជាជនកម្ពុជា កំពុងកែច្បាប់ចំនួន៤ ទាក់ទងការបោះឆ្នោត ដោយកំណត់ថា នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវតុលាការរំលាយ នឹងយកកៅអីរបស់គណបក្សនេះទាំងក្នុងសភា និងនៅតាមឃុំ-សង្កាត់ចែកឲ្យគណបក្សនយោបាយផ្សេងទៀត។
ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទាំងនោះហើយ ធ្វើសហគមន៍អន្តរជាតិ ចាប់ផ្ដើមព្រមានដាក់ទណ្ឌកម្ម មកប្រទេសកម្ពុជាជាបន្តបន្ទាប់គ្នា។ លោក គង់ គាំ ដែលជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ព្រមានថា ស្ថានភាពពលរដ្ឋនៅក្នុងស្រុកនៅពេលនេះ ដូចទឹកស្ងប់ ចំណែកការទាមទារពលរដ្ឋនៅក្រៅប្រទេសដូចទឹកហូរ ប៉ុន្តែលោកថា ទឹកស្ងប់គ្រោះថ្នាក់ជាងទឹកហូរទៅទៀត។
ការចុះចូលរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាពេលនេះ គឺដូចទៅនឹងស្ថានភាពកន្លងទៅដែរ គឺនៅពេលកៀកបោះឆ្នោត តែងតែឃើញមន្ត្រីគណបក្សប្រឆាំង ឬអ្នកគាំទ្រគណបក្សប្រឆាំង មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ ប៉ុន្តែ លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ បែរជាគណបក្សនេះកើនសំឡេងគាំទ្ររបស់ខ្លួនទៅវិញ៕
Subscribe to:
Post Comments (Atom)
1 comment:
Whoever from CNRP defects to CPP after Ah Yong Yuon/Yiekcong Hun Sen declared to join CPP is one of the hidden Yuon/Vietnamese agents among CNRP.
Post a Comment