Wednesday, 25 October 2017
ព្រះមហាក្សត្រខ្មែរឡាយព្រះហត្ថលេខា ដាក់ឱ្យប្រើប្រាស់វិសោធនកម្មច្បាប់បែងចែកអាសនៈរបស់បក្សដែលត្រូវរំលាយ
25 តុលា 2017
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ក្នុងឱកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
សេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងបួននេះ បានប្រកាសឲ្យប្រើត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន បានបញ្ជូនសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះទៅរដ្ឋសភា កាលពីថ្ងៃទី៩ ខែតុលានេះ។
ភ្នំពេញ —
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានសម្រេចឡាយព្រះហត្ថលេខាលើវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត ដែលកំណត់ឲ្យមានការបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយទៅឲ្យគណបក្សផ្សេងទៀត ស្របតាមការស្នើសុំរបស់ក្រុមតំណាងរាស្ត្របក្សកាន់អំណាច។
ព្រះរាជក្រមចំនួនបួនដែលឡាយព្រះហត្ថលេខា ដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ហើយដែលត្រូវបានផ្សព្វផ្សាយនាល្ងាចថ្ងៃពុធនេះ បង្ហាញថា ព្រះមហាក្សត្រ បានឡាយព្រះហត្ថលេខាលើវិសោធនកម្មច្បាប់ចំនួនបួន រួមមាន ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងបួននេះ បានប្រកាសឲ្យប្រើត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន បានបញ្ជូនសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះទៅរដ្ឋសភា កាលពីថ្ងៃទី៩ ខែតុលានេះ។
ក្រោយមករដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាបន្តបន្ទាប់យ៉ាងប្រញាប់ប្រញាល់ ដោយគ្មានការចូលរួមពីគណបក្សប្រឆាំង និងដោយគ្មានការពិភាក្សា។
ក្រោយការឡាយព្រះហត្ថលេខារបស់ព្រះមហាក្សត្រប្រកាសឲ្យប្រើជាការប្រញាប់ ច្បាប់ទាំងបួននេះនឹងត្រូវចូលជាធរមានចាប់ពីពេលនេះតទៅ។
វិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតទាំងបួននេះ ត្រូវបានគេដឹងថា ធ្វើឡើងដើម្បីត្រៀម បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទាំងនៅក្នុងរដ្ឋសភា និងតាមក្រុមប្រឹក្សាឃុំសង្កាត់ ប្រសិនបើតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិទៅតាមការប្ដឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សសង្គ្រោះជាតិមានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយយល់ថា វិសោធនកម្មច្បាប់ដែលធ្វើឡើងដោយគណបក្សកាន់អំណាច ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយចោល ហើយយកទៅឲ្យគណបក្សផ្សេងៗទៀតនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាពិសេសនឹងធ្វើឲ្យស្ថានភាពសង្គមកម្ពុជាឈានទៅរកការបែកបាក់។
អង្គការសង្គមស៊ីវិល ស្ថាប័នជាតិនិងអន្តរជាតិជាច្រើនក៏បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការត្រៀមរំលាយគណបក្សប្រឆាំងថា ការណ៍នេះនឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ នឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានឆ្លើយតបថា ពួកគេមិនយកចិត្តទុកដាក់ចំពោះការរិះគន់ ឬការព្រមានណាមួយនោះទេ ហើយថា រដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តច្បាប់ស្របតាមប្រទេសនីតិរដ្ឋ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment