Wednesday, 25 October 2017
លោកហុង សុខហួរ ត្រូវបានលើកលែងទោស ចំពេលនយោបាយឡើងកំដៅខ្លាំង
ដោយ ញឹម សុផល 25/10/2017 25/10/2017
លោកហុង សុខហួរ អតីតព្រឹទ្ធសមាជិកគណបក្ស សម រង្សី
rfi
អតីតព្រឹទ្ធសមាជិកគណបក្សសម រង្សី លោក ហុង សុខហួរ នៅថ្ងៃទី២៥ខែតុលានេះ ត្រូវបានព្រះមហាក្សត្រលើកលែងទោស ឲ្យមានសេរីភាពវិញ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ជាង២ឆ្នាំរឿងព្រំដែន។ ការរួចទោសរបស់លោកហុង សុខហួរ នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីអតីតសមាជិកជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ សរសេរលិខិតសុំអន្តរាគមន៍ជូនលោក ហ៊ុន សែន ដើម្បីស្នើសុំព្រះរាជទានទោសពីព្រះមហាក្សត្រ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលបានឡាយព្រះហស្ថលេខានៅថ្ងៃនេះ បានត្រាស់បង្គាប់ថាត្រូវលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ហុង សុខហួរ អាយុ៥៩ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពីបទ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមអំណាចសាលដីការព្រហ្មទណ្ឌ កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧។
ព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្របានធ្វើឡើងជិត២ខែ បន្ទាប់ពីលោកហុង សុខហួរ បានសរសេរលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧ ដោយសុំឲ្យលោកនាយករដ្ឋមន្ត្រីយោគយល់ស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសដល់រូបលោក ឲ្យមានសេរីភាពជួបជុំគ្រួសារនិងបានចេញទៅព្យាបាលជំងឺប្រចាំកាយនៅប្រទេសបារាំងដោយអនុគ្រោះ។
លិខិតលោកហុង សុខហួរ ផ្ញើទៅលោកហ៊ុន សែន ដែលអ្នកកាសែតទើបទទួលបាននាពេលនេះ ក៏បានបញ្ជាក់ដែរថា លោកមានការសោកស្តាយ ដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងដំណើរការបោះបង្គោលព្រំដែន ដូចជាយកឯកសារមិនត្រឹមត្រូវ មកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឲ្យមានការភ័ន្តច្រឡំក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថាលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្សី បច្ចុប្បន្ន គណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីខែសីហាឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះឯកសារមួយ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៉ី ដែលរដ្ឋាភិបាលចោទថាជាឯកសារក្លែងក្លាយ។
អ្នកនយោបាយបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។ លោកហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីខែវិច្ឆិកាឆ្នាំ២០១៧។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ក្រៅពីលោកហុង សុខហួរ នៅមានលោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ទៀតក៏ត្រូវជាប់ទោសដែរ បច្ចុប្បន្នកំពុងជាប់ក្នុងមន្ទីរឃុំឃាំងនៅឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment