Monday, 2 October 2017

លោក កឹម​សុខា ផ្ញើ​លិខិត​ផ្លូវ​ការ​ជា​លើក​ដំបូង ហៅ​ការ​ចាប់​ខ្លួន​លោក ថា​ជា​ការ​រំលោភ​ច្បាប់​និង​អភ័យ​ឯក​សិទ្ធិ​សភា


ដោយ វ៉ា សំណព្វ 02/10/2017 02/10/2017
rfi
media
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ
REUTERS/Samrang Pring



លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ បាន​ចេញ​លិខិត​មួយ​នៅ​ព្រលប់​ថ្ងៃ​ទី ០២ តុលា​នេះ ដោយ​បាន​ហៅ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ថា ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់​ធ្ងរ។ ហើយ​ថា ការ​ដែល​សមត្ថកិច្ច​ចោទ​ប្រកាន់​រូប​លោក​ថា បាន​ឃុប​ឃិត ឬ​ត្រូវ​រ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​ជា​ការ​មួល​បង្កាច់​ទាំង​ស្រុង។ តាម​រយៈ​លិខិត​៣​ទំព័រ​នេះ លោក កឹម សុខា ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក។



អស់​រយៈ​ពេល​១​ខែ​ហើយ ដែល​រូប​ខ្ញុំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ នេះ​គឺ​ជា​សេចក្តី​ផ្តើម​នៃ​លិខិត​៣​ទំព័រ​របស់​លោក កឹម សុខា ផ្ញើ​ទៅ​កាន់​ប្រជាពលរដ្ឋ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ព្រលប់​ថ្ងៃ​ទី ០២ តុលា ឆ្នាំ​២០១៧។

លិខិត​របស់​លោក កឹម សុខា ដែល​គេ​ឃើញ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសបុក​របស់​លោក​នៅ​ព្រលប់​ថ្ងៃ​ទី ០២ តុលា​នេះ បាន​លើក​ឡើង​ថា ការ​ដែល​សមត្ថកិច្ច​ចោទ​ប្រកាន់​លោក​ថា ឃុប​ឃិត ឬ​ត្រូវ​រ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ថា គឺ​ជា​ការ​មួល​បង្កាច់​ទាំង​ស្រុង។ លោក​បាន​បដិសេធ​ថា លោក​ពុំ​ដែល​បាន និង​ក៏​មិន​មាន​ផែនការ​ណា​មួយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ឬ ធ្វើ​ឲ្យ​បាត់​បង់​អធិបតេយ្យ បូរណភាព​ទឹក​ដី និង​ធន​ធាន​ធម្មជាតិ​ខ្មែរ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​តែង​តែ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​អហិង្សា តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​លើក​ទី​១​មួយ ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សារ​លិខិត​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​កាល​ពី​រំលង​អធ្រាត្រ ថ្ងៃ​ទី ០៣ កញ្ញា ដោយ​ចោទ​ប្រកាន់​ថា លោក​បាន​ឃុប​ឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ គិត​ត្រឹម​ថ្ងៃ​ទី ០២ តុលា​នេះ ក៏​ជា​ខួប​គម្រប់​១​ខែ​គត់ ដែល​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក កឹម សុខា ដែល​នៅ​តែ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ឡើយ​នោះ បាន​សំណូម​ពរ​ចំនួនបី​ចំនុច។ ទី​១.សូម​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​បន្ត​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​សន្លឹក​ឆ្នោត។ ទី​២.សូម​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជា​សកម្មភាព​ជាក់​ស្តែង ដើម្បី​សង្គ្រោះ​កម្ពុជា​ឲ្យ​ទាន់​ពេល​វេលា។ នៅ​ត្រង់​នេះ លោក កឹម សុខា បាន​ចាត់​ទុក​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ធ្លាក់​មក​ដល់​ដង្ហើម​ចុង​ក្រោយ​ហើយ ហើយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហគមន៍​អន្តរជាតិ​ដែល​ជួយ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩១​មក​នោះ នឹង​ក្លាយ​ជា​ឥត​ប្រយោជន៍ និង​ចំណុច​ចុង​ក្រោយ លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ​ផង ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក ដោយ​នេះ​មិន​មែន​ជា​យុទ្ធសាស្រ្ត​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ណា​ម្នាក់​បាន​ទទួល​ប្រយោជន៍​​យូរ​អង្វែង​នោះ​ឡើយ។ លោក កឹម សុខា បន្ត​អះ​អាង​តាម​រយៈ​លិខិត​៣​ទំព័រ​នេះ​ថា លោក​មិន​មែន​ជា​សត្រូវ​របស់​នណា​ម្នាក់​នោះ​ឡើយ តែ​លោក​គឺ​ជា​គូរ​ប្រជែង​ដែល​មាន​តួនាទី​រួម​ចំណែក​កែ​លំអរ​ប្រទេស​ជាតិ ដោយ​ការ​រិះគន់ និង​ការ​ប្រជែង​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ លោក កឹម សុខា បាន​បញ្ចប់​សំណេរ​របស់​ខ្លួន​នៅ​ក្នុង​លិខិត​នេះ ដោយ​បន្ត​អំពាវនាវ​ដោយ​មិន​ចំ​ឈ្មោះ សូម​កុំ​ឲ្យ​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ ដោយ​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ០២ តុលា មិន​ទាន់​មាន​ប្រតិកម្ម​ពី​មន្រ្តី​រដ្ឋាភិបាល​ទៅ​លើ​សារ​លិខិត​របស់​លោក កឹម សុខា នេះ​នៅ​ឡើយ​ទេ៕

No comments: