Monday, 2 October 2017

អ្នកវិភាគ​បារម្ភ​ពី​វាសនា​កម្ពុជា​ខណៈ​លោក ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា


ដោយ អាស៊ីសេរី
2017-10-02 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

Photo: RFA




លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​មនុស្ស​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​រឿងក្ដី​លោក កឹម សុខា ។ ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ អះអាង​ថា ការ​ចាប់​ខ្លួន​ត្រឹម​ប្រធាន​បក្ស​ប្រឆាំង​គឺ​មិនទាន់​ធ្វើ​ឲ្យ​រឿងក្ដី​នេះ​ត្រូវ​ចប់​នោះ​ឡើយ ពោល​នៅ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​នឹង​ត្រូវ​ចាប់ខ្លួន ក្នុង​អំពើ​ដែល​លោក ហ៊ុន សែន ចោទ​ថា ក្បត់ជាតិ​នេះ។ ស្រប​ពេល​លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​សំឡេង​ប្រឆាំង នៅ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មកដល់​នៅ​ឆ្នាំ​២០១៨ ។ សហគមន៍​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​បក្ស​កាន់​អំណាច​នេះ វិល​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​ឡើងវិញ។



មន្ត្រី​គណបក្សប្រឆាំង​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ប្រតិកម្ម​ណាមួយ ចំពោះ​ការ​គំរាម​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត​របស់​លោក ហ៊ុន សែន ជុំវិញ​រឿង​ក្តី​លោក កឹម សុខា នៅឡើយ​ទេ ខណៈ​អ្នកវិភាគ​យល់​ឃើញ​ថា នេះ​ជាសញ្ញា​ដ៏​គួរ​ព្រួយបារម្ភ​បំផុត សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត មាស នី ចាត់​ទុក​ស្ថានការណ៍​នៅ​ពេល​នេះ​ថា កាន់តែ​អាក្រក់ និង​ស្មុគស្មាញ​សម្រាប់​កម្ពុជា ក្នុង​ពេល​អ្នកនយោបាយ​ក្នុង​បក្ស​ផ្សេងទៀត កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បិទ​ផ្លូវ​បក្ស​ប្រឆាំង។អ្នកវិភាគ​រូប​នេះ យល់​ឃើញ​ថា លោក ហ៊ុន សែន កំពុងតែ​បង្ហាញ​ជំហរ​ក្នុង​រូបភាព​សង្គ្រាមត្រជាក់ នៅ​ក្នុង​តំបន់​អាស៊ាន​ជា​ឯកតោភាគី​ដ៏​ចំហ។ លោក​បន្ត​ថា លោក​មានការ​ព្រួយបារម្ភ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​កាន់តែ​ឡើង​កម្ដៅ និង​មិន​អាច​រក​ច្រកចេញ​បាន។

ក្នុងពេលដែល​កម្ពុជា កំពុង​ជាប់​គាំង និង​ជួប​វិបត្តិ​ខាង​នយោបាយ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​បក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ក៏​បន្ត​យុទ្ធនាការ​ដូច​បក្ស​កាន់អំណាច​ដែរ ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង​ឲ្យ​ចេញពី​ឆាក​នយោបាយ។ ស្រប​ពេល គណបក្សប្រឆាំង កំពុងតែ​ដើរ​លើ​ផ្លូវ​ដ៏​តូច​ចង្អៀត​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២ ខែ​តុលា សម្រេច​លប់​ឈ្មោះ គណបក្ស​នយោបាយ​ចំនួន​២២ បន្ថែម​ទៀត​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ។

ទាក់ទិន​វាសនា​របស់​បក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន បាន​ព្រមាន នៅ​ព្រឹក​ថ្ងៃ​ទី២ តុលា នា​ខេត្ត​សៀមរាប​ថា នៅ​មាន​មនុស្ស​មួយ​ចំនួនទៀត​ដែល​អាច​នឹង​ត្រូវ​ចាប់ខ្លួន ជុំវិញ​រឿងក្ដី​ជាមួយ​និង​លោក កឹម សុខា។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា អ្នក​ដែល​ចង់​បំផ្លាញ​សន្តិភាព នឹង​មិន​ទុក​ឲ្យ​រស់​នៅ​បាន​ដោយ​ស្រួល​ឡើយ។ មិន​តែ​ប៉ុណ្ណោះ អំពើ​ក្បត់ជាតិ​ដូច​ដែល​នាយករដ្ឋមន្ត្រី​ចោទប្រកាន់​នេះ គឺ​នៅ​មាន​អ្នកសមគំនិត​ជា​ប្រព័ន្ធ​ដទៃ​ទៀត ដែល​លោក ហ៊ុន សែន អះអាង​ថា នឹង​ត្រូវ​បោស​សំអាត​ឲ្យ​អស់។

អាស៊ីសេរី​ពុំ​អាច​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់ និង​គំរាម​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត​របស់​លោក ហ៊ុន សែន ពី​មន្ត្រី​គណបក្សប្រឆាំង​បានទេ នៅ​ថ្ងៃ​ទី២ ខែ​តុលា។ បើ​ទោះ​ជា​បែប​ណា ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា បក្ស​ប្រឆាំង និង​អ្នក​ដទៃ​ទៀត កំពុង​ជាប់ចោទ​ពី​រឿង​ក្បត់ជាតិ ដែល​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​នោះ គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ " ធ្លាយ​ហើយ " ក៏បាន​ទម្លាយ ពី​ផែនការ​សម្ងាត់ និង​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន និង​សមាជិក​រដ្ឋាភិបាល ដែល​ជា​ក្រុម​ការងារ​បក្ស​កាន់អំណាច នៅ​ក្នុង​អំឡុង​ខែ កញ្ញា ឆ្នាំ​២០១៦ ពឹង​បរទេស ឲ្យ​ជួយ​រៀបចំ​យុទ្ធសាស្ត្រ កម្ទេច​បក្ស​ប្រឆាំង និង​សំឡេង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។ អ្នកវិភាគ​នយោបាយ យល់​ឃើញ​ថា ការ​រុកកួន និង​ធ្វើ​ទុក​បុក​ម្នេញ របស់​រដ្ឋាភិបាល ទៅលើ​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់ ប្រាកដ​ណាស់ នេះ​ជា​ផែនការ​ចាត់តាំង​មួយ។

ក្រោយ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្សប្រឆាំង កាលពី​ដើម​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ដែល​ឆ្លង​ចូល​ទឹកដី​ថៃ ត្រឡប់​មក​កម្ពុជា​វិញ។លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា អ្នក​តំណាងរាស្ត្រ​ដែល​រត់​គេច​ខ្លួន​នោះ គឺ​ដឹង​រឿង​ច្រើន​ពី​លោក កឹម សុខា។ បើ​ទោះ​ជា​បែប​ណា ផែនការ​បោស​សំអាត ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ចាត់​ទុក​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ។

អ្នកវិភាគ​នយោបាយ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អ្នកតំណាងរាស្ត្រ​ទាំង​នៅ​មាន​អភ័យឯកសិទ្ធិសភា បិទ​សំឡេង​សង្គម​ស៊ីវិល កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​លប់​ឈ្មោះ​គណបក្ស​នយោបាយ​ទាំងនេះ គឺជា​ការអនុវត្ត​រំលោភ​លើ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដែល​ធានា​ឲ្យ​មាន​របប​មួយ​ប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស៕

No comments: