Tuesday, 24 October 2017

អ្នកច្បាប់​ថា កម្ពុជា​ជា​ប្រទេស​អសន្តិសុខ


ដោយ ទីន ហ្សាការីយ៉ា
2017-10-23 

លោក​មេធាវី សេក សុភ័ណ្ឌ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។
លោក​មេធាវី សេក សុភ័ណ្ឌ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA



អ្នកច្បាប់ និង​អ្នកវិភាគ​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចូលរួម​រំលោភ​ច្បាប់ ដោយ​យក​ការ​លួច​ថត​សំឡេង​ការ​សន្ទនា​ជា​សម្ងាត់​របស់​លោក លឺ ឡាយស្រេង ដាក់​ពាក្យ​ប្ដឹង ទៅ​តុលាការ​នោះ។



អ្នកច្បាប់​ពន្យល់​ថា លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ត្រូវ​ធានា​ឲ្យ​ប្រទេស​មាន​សុវត្ថិភាព ក្នុង​ការ សន្ទនា​គ្នា តាម​ទូរស័ព្ទ ហើយ​ត្រូវ​ជំរុញ​ឲ្យ​តុលាការ ចាប់​ខ្លួន​អ្នក​លួច​ថត​សំឡេង​គេ​សន្ទនា ជា​សម្ងាត់​នោះ យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

ក្រុម​អ្នកវិភាគ និង​អ្នកច្បាប់ អះអាង​ថា កម្ពុជា ជា​ប្រទេស​កំពុង​មាន​អសន្តិសុខ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ ក្នុង​សភាព​ភ័យខ្លាច នៅ​ពេល​មេដឹកនាំ​ខ្លាច​ស្រមោល​ខ្លួនឯង ហើយ​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​តាមដាន​ជា​សម្ងាត់​នោះ។

ពួកគេ​ចាត់​ទុក​សកម្មភាព​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​បែប​នេះ គេ​លែង​ហៅ​ជា ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ទៀតហើយ គេ​ហៅថា​ប្រទេស​ផ្ដាច់ការ ព្រោះថា មេដឹកនាំ​ផ្ដាច់ការ​តែង​ភ័យខ្លាច ហើយ​តែងតែ​ចោទប្រកាន់ និង​លាប​ពណ៌ ក្រុម​ដែល​មាន​មតិផ្ទុយ​ពី​ខ្លួន។

ការ​លើកឡើង​របស់​ក្រុម​អ្នកច្បាប់ និង​អ្នកវិភាគ​បែបនេះ នៅ​ក្រោយ​ពេល​ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា បាន​លួច​ថត និង​បញ្ចេញ​ខ្សែ​អាត់​សំឡេង​សន្ទនា​សម្ងាត់​ជា​ថ្មី​ទៀត ដែល​កន្លងមក​ហ្វេសប៊ុក ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​នេះ តែងតែ​ថត​សំឡេង​សន្ទនា​របស់​គណបក្សប្រឆាំង​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ។

លោក​មេធាវី សេក សោភ័ណ ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប ត្រូវ​បាន​ធានា​សិទ្ធិ​ឯកជន ក្នុង​ការ​ប្រាស្រ័យ ទាក់ទង​គ្នា ឬ​ការ​សន្ទនា​ជា​សម្ងាត់ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ទោះបី​សន្ទនា​តាម​ទូរស័ព្ទ ឬ​ជា​លិខិត​ក្ដី។

ការ​លើកឡើង​របស់​អ្នកច្បាប់​បែបនេះ នៅ​ក្រោយ​ពេល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២២ តុលា ប្រកាស​ប្ដឹង​លោក លឺ ឡាយស្រេង ទៅ​តុលាការ​ពីរ​ករណី ទី​១​ប្ដឹង ពី​បទ​ប្រមាថ​ព្រះ​ជេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទី​២ ពី​បទ​បរិហារកេរ្តិ៍ ដែល​ថា លោក ហ៊ុន សែន ឲ្យ​លុយ​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ម្នាក់​២​ម៉ឺន​ដុល្លារ​ជាដើម។

ការ​ប្រកាស​ប្ដឹង​ប្រឆាំង លោក លឺ ឡាយ ស្រេង រឿង​ប្រមាថ​ព្រះមហាក្សត្រ​នេះ ជា​បណ្ដឹង​ទី​ពីរ​ហើយ បន្ទាប់ពី​ការ​ប្រកាស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្ដឹង​លោក លឺ ឡាយស្រេង ពី​រឿង​ប្រមាថ​ព្រះមហាក្សត្រ​ដូចគ្នា។

ទាំង​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​បណ្ដឹង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​ធ្វើឡើង​សំអាង​ទៅ​លើ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា បាន​ទម្លាយ​ការ​ខ្សែ​អាត់​សំឡេង​របស់ លោក លឺ ឡាយស្រេង សន្ទនា ជា​លក្ខណៈ​ឯកជន​ជាមួយ​អតីត​សហការី​របស់​ខ្លួន គឺ​អ្នកស្រី គី លំអង ធ្វើជា​ភស្តុតាង។

ការសន្ទនា​រវាង​អតីតមន្ត្រី​ហ៊្វុនស៊ិនប៉ិច​ទាំងពីរ​រូប​នេះ ត្រូវ​ទម្លាយ ហ្វេសប៊ុក សីហា ទម្លាយ​ខ្សែ​អាត់​សំឡេង​ម្ដង​ជា​ពីរ​ដង កាលពី​ថ្ងៃ​ទី​២១ តុលា។ មក​ទល់​ពេល​នេះ គ្មាន​សមត្ថកិច្ច​រដ្ឋាភិបាល​ណា​ម្នាក់​ចាត់ការ ឬ​ស្វែង​រកមុខ​ពិត​អ្នក​ដែល​លួច​ថត​សំឡេង ជា​សម្ងាត់​នេះ​ទៀត​ផង។

លើស​ពី​នេះ​ទៀត មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត ក៏​ត្រូវ​បាន​គណនី​ហ្វេសប៊ុក សីហា នេះ ក៏​ធ្លាប់​បាន​លួច​ថត​សំឡេង ការសន្ទនា​ជា​លក្ខណៈ​ឯកជន និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដែរ។ ហើយ​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​​សរសើរ​ម្ចាស់​ហ្វេសប៊ុក សីហា ពី​បច្ចេកទេស​លួច​ថត​សំឡេង​នេះ​ទៀត​ផង។

លោក លឺ ឡាយស្រេង ក្រោយពី​ដឹង​ពី​ការ​សន្ទនា​សម្ងាត់​របស់​ខ្លួន​បែក​ធ្លាយ​នោះ ក៏បាន​ថត​ជា​វីដេអូ បកស្រាយ​ថា លោក​ពុំ​មាន​ចេតនា ប្រមាថ​ព្រះមហាក្សត្រ​អ្វី​ឡើយ។ អ្វី​ដែល​លោក​និយាយ គឺ​មិន​ចង់​ឲ្យ​ព្រះអង្គ​គាំទ្រ និង​ឡាយ​ព្រះ​ហត្ថលេខា​លើ​ច្បាប់ ចំនួន​៤ ដែល​សភា​ឯក​បក្ស​ទើបបាន​អនុម័ត ដែល​ជា​ច្បាប់​សហគមន៍​អន្តរជាតិ មិន​ទទួលស្គាល់​នេះ​ទេ។ លោក លឺ ឡាយស្រេង ក៏​សុំទោស​ចំពោះ​ការ​សន្ទនា​ជ្រុល ជ្រួស​សម្ដី​នេះ។

ចំពោះ​អ្នកវិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​គ្រោង​ធ្វើ​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ​ជាមួយ​លោក លឺ ឡាយស្រេង សុំ​កុំ​ឲ្យ​ព្រះ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ច្បាប់​ទាំង ៤​នេះ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​លែង​ទុកចិត្ត​អ្នកណា​ទាំង​អស់ហើយ ក៏​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​តាមដាន​ដូច្នេះ ទោះបីជា​ខុសច្បាប់​ក្ដី។

មាត្រា​៣១៨ នៃ​ក្រមព្រហ្មទណ្ឌ បទ ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ អំពើ​ប្រព្រឹត្ត​ដោយ​គំនិត​ទុច្ចរិត ស្ដាប់ ឬ​ធ្វើ​ឲ្យ​ធ្វើ​ច្របូកច្របល់​ការសន្ទនា​តាម​ទូរស័ព្ទ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ទៅ​២​លាន​រៀល។

លោក មេធាវី សេក សោភ័ណ ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​ការទប់ស្កាត់​អំពើ លួច​ថត​សំឡេង​ការសន្ទនា​សម្ងាត់​បែបនេះ បញ្ជាក់​ថា ប្រទេស​កំពុង​មាន​ភាព​អសន្តិសុខ។ លោក​បញ្ជាក់​ថា អសន្តិសុខ ពុំ​មែន​មានន័យថា ប្រទេស​មាន​សង្គ្រាម​នោះ​ទេ។

អ្នកវិភាគ និង​អ្នកច្បាប់ លើក​ឡើង​ថា ប្រទេស​ដែល​មាន​អសន្តិសុខ​បែបនេះ មិនមែន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រង​នូវ​ការភ័យខ្លាច​ប៉ុណ្ណោះ​ទេ ចំពោះ​អ្នក​វិនិយោគ​វិញ ក៏​មិន​ចង់​មក វិនិយោគ​នៅ​កម្ពុជា​ដែរ ព្រោះ​វិនិយោគិន ត្រូវ​ការ​ប្រទេស​ដែល​ធានា​ដោយ​ច្បាប់ និង​មាន​សុវត្ថិភាព ក្នុង​ការ​រស់នៅ និង​សុវត្ថិភាព​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ទោះជា​សម្ងាត់ និង​មិន​ស្ងាត់​ជាដើម៕

1 comment:

Anonymous said...

Well, looks like everybody in Cambodia [the little people, young and old, and every rank and file of the Hun Sen regime included] has just had it with the HUN SEN Viet/CPP's oppression of the Khmer people in favor of the Viet/YUON. Down with the HUN SEN/Viet CPP regime in Phnom Penh!!! Bravo and long live the Khmer people!!!