Tuesday, 24 October 2017
អ្នកឃ្លាំមើលចាត់ទុកការប្រកាសបញ្ចុះបញ្ចូលរបស់លោក ហ៊ុន សែន ជាការគំរាមកំហែង
ដោយ ទីន ហ្សាការីយ៉ា
2017-10-23
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងក្នុងកម្មវិធីអាស៊ីសេរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ RFA/Van Vanndeth
អ្នកច្បាប់ និងអ្នកឃ្លាំមើលការបោះឆ្នោតចាត់ទុកការអំពាវនាវឲ្យសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងទុកដំណែងក្រុមប្រឹក្សា ឃុំ-សង្កាត់ឲ្យដដែលនោះថា ជាការគំរាមកំហែង និងជាការប្លន់អំណាច។
អ្នកឃ្លាំមើលការបោះឆ្នោត លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់កម្លាំងគណបក្សប្រឆាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ក្រោយពីរៀបចំផែនការដណ្ដើមយកអាសនៈរបស់គណបក្សនេះរួចហើយនោះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ឲ្យដឹងនៅថ្ងៃទី២២ តុលា ថា ការប្រកាសរបស់លោក ហ៊ុន សែន ឲ្យសមាជិកបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាចនេះ ជាការបំភិតបំភ័យ និងមិនឆ្លុះបញ្ចាំងពីការប្រកួតប្រជែងមួយដោយមិនស្មើភាពគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២២ តុលា នៅចំពោះមុខកម្មកររាប់ពាន់នាក់ថា លោកអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងរាស្ត្រផង បើអ្នកណាមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក លោកនឹងរក្សាទុកតំណែងឲ្យនៅដដែល។ លោកអះអាងថា នេះជាការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់លោក។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅស្របពេលសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលបានផ្សព្វផ្សាយថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង លេខរៀងទី៦ លោក ឡុង ប៊ុន្នី ប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ តុលា។
អាស៊ីសេរីមិនអាចទាក់ទង លោក ឡុង ប៊ុន្នី និងមន្ត្រីគណបក្សប្រឆាំងដើម្បីបញ្ជាក់ពីបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២២ តុលា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យអាស៊ីសេរីដឹងកន្លងមកថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មិនងាយលក់ខ្លួន ឬចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលកំពុងតែប្លន់អំណាចរបស់គណបក្សសង្គ្រោះជាតិឡើយ។ លោក អេង ឆៃអ៊ាង បញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មច្បាប់ចំនួន៤ កន្លងមក គឺជាការប្លន់អំណាច និងក្បត់ឆន្ទៈប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា តំណាងរាស្ត្រឯកបក្សធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កាន់តែបង្ហាញឲ្យកាន់តែច្បាស់ថា លោក ហ៊ុន សែន ចង់ក្រសោបយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដើម្បីពង្រឹងអំណាចរបស់ខ្លួន។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងតែស្ទាបស្ទង់កម្លាំងរបស់គណបក្សសង្គ្រោះជាតិ ថា រឹងមាំបានកម្រិតណា។ ហើយលោក ហ៊ុន សែន ក៏កំពុងតែប្រើវិធីបំបែកបំបាក់កម្លាំងគណបក្សប្រឆាំងនៅមូលដ្ឋាន និងថ្នាក់លើរបស់គណបក្សប្រឆាំង។
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ កាលពីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ មានជាង ៥ពាន់នាក់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុងរាជធានី មាន ៧៦៤នាក់ តំណាងរាស្ត្រមាន ៥៥រូប និងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មានចំនួន ១១រូប។
ទោះបីជាបែបណាក៏ដោយ ទាំងអ្នកច្បាប់ និងអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា លោក ហ៊ុន សែន កំពុងធ្វើបក្សប្រហារ ដើម្បីប្លន់អំណាចពីបក្សប្រឆាំងយកចែកឲ្យបក្សតូចៗ គ្មានអាសនៈក្នុងសភាផង និងយកអាសនៈបក្សប្រឆាំងដើម្បីខ្លួនឯង ដើម្បីបន្តនិរន្តរភាពអំណាចរបស់ក្រុមបក្សពួកលោកទៅមុខទៀត នៅគ្រាដែលលោកដឹកនាំប្រទេសជាង ៣០ឆ្នាំមកនេះ មានរឿងអាស្រូវជាច្រើនកើតឡើង ដែលលោកដោះស្រាយមិនបានដូចជា អំពើពុករលួយ អំពើយុត្តិធម៌ ការរំលោភដីធ្លី និងបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងបញ្ហាជាច្រើនទៀត ដែលធ្វើឲ្យប្រជាប្រិយភាពគណបក្សរបស់លោក នឹងចាញ់ឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។
បញ្ហាទាំងអស់នេះហើយ ដែលលោក ហ៊ុន សែន រកវិធីទប់ស្កាត់ និងបំផ្លាញបក្សប្រឆាំងដោយមិនខ្វល់ពីការរិះគន់ ថា លោក ហ៊ុន សែន កំពុងតែរំលោភរដ្ឋធម្មនុញ្ញ មើលងាយ និងក្បត់ឆន្ទៈប្រជាពលរដ្ឋ ព្រមទាំងមិនខ្វល់ពីការថ្កោលទោស ពីសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ផងដែរ។ តែយុទ្ធសាស្ត្របែបនេះ អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន នឹងមិនទទួលបានជោគជ័យយូរអង្វែងឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
Well, looks like everybody in Cambodia [the little people, young and old, and every rank and file of the Hun Sen regime included] has just had it with the HUN SEN Viet/CPP's oppression of the Khmer people in favor of the Viet/YUON. Down with the HUN SEN/Viet CPP regime in Phnom Penh!!! Bravo and long live the Khmer people!!!
Post a Comment