Wednesday, 11 October 2017

"ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​​ជា​មន្ត្រីរាជការ​សម្រាប់​ការ​សម្រាលកូន​ជា​នយោបាយ​ប្រជាភិថុតិ"


ដោយ អាស៊ីសេរី
2017-10-10 

ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea
 RFA/Den Ayuthyea



អ្នកវិភាគ​ថា ការដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ​នៅ​ពេល​សម្រាលកូន គឺជា​នយោបាយ​ប្រជាភិថុតិ​ដើម្បី​ចង់​ប្រជាប្រិយភាព​តែប៉ុណ្ណោះ។ ប្រតិកម្ម​បែបនេះ​របស់​អ្នកវិភាគ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ផ្ដល់​កញ្ចប់​ថវិកា​ពិសេស​ចាប់ពី ៨០​ម៉ឺន​ឡើង​ទៅ​ដល់​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល កងទ័ព នៅ​ពេល​សម្រាលកូន។



សន្ដាន​ចិត្ត​របស់​លោក ហ៊ុន សែន ចំពោះតែ​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល កងទ័ព នៅ​ពេល​សម្រាលកូន ទទួល​បាន​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល​នោះ មិន​ទទួល​បានការ​ស្វាគមន៍​ពី​អ្នកវិភាគ​នយោបាយ ពី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​ជើងចាស់​ដ៏​លេចធ្លោ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា លោក ហ៊ុន សែន ត្រូវ​គិតគូរ​ជួយ​ដោះស្រាយ​លើ​ករណី​ស្ត្រី​សម្រាលកូន​ឲ្យ​ស្ត្រី​ទូទៅ ដើម្បី​ទទួល​បានការ​គាំពារ​ពី​រដ្ឋ​ដូចគ្នា​មិន​ចាំបាច់​សំដៅ​លើ​ស្ត្រី​នៅ​ក្នុង​ក្រុម​ណាមួយ​នោះ​ទេ។ លោក​យល់ថា ប្រមុខ​រដ្ឋាភិបាល​ដែល​មាន​សិទ្ធិ​ចាត់ចែង​ចាយ​លុយ​ជាតិ​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ គួរតែ​ធ្វើ​ច្បាប់​មួយ​កំណត់​ថា ស្ត្រី​ក្នុង​កម្រិត​ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋ​នៅ​ពេល​សម្រាលកូន មិនមែន​ម្ដង​លោក ហ៊ុន សែន នឹកឃើញ​ម្ដង​ប្រកាស​ផ្ដល់​កញ្ចប់​ថវិកា​កម្មការិនី​រោងចក្រ ម្ដង​ទៀត​ក៏​ប្រកាស​ផ្ដល់​ជូន​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ។

ជាង​ទៅទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា នយោបាយ​ប្រជាភិថុតិ របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ស្ត្រី​ផ្សេងទៀត​ដែល​មិន​ទទួល​ការ​គោលនយោបាយ​សង្គម​កិច្ច​នេះ មិន​សប្បាយចិត្ត​ឡើយ។

ប្រតិកម្ម​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បែបនេះ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃ​ទី​០៩ ខែ​តុលា ជា​សាធារណៈ​ថា រាជរដ្ឋាភិបាល​របស់​លោក​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី ដែល​ជា​មន្ត្រីរាជការ​ស៊ីវិល ស្ត្រី​ដែល​ជា​មន្ត្រី​នគរបាល ស្ត្រី​ដែល​ជា​កងទ័ព នៅ​ពេល​សម្រាលកូន​នឹង​ទទួល​បាន​ប្រាក់​៨០​ម៉ឺន ចំពោះ​ការ​សម្រាល​បាន​កូន១ ចំណែក កូនភ្លោះ​ពីរ​ទទួល​បាន​ប្រាក់​១,៦០​លាន​រៀល និង​អ្នកមាន​កូនភ្លោះ​បី​ទទួល​បាន​ប្រាក់ ២,៤​លាន​រៀល​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨​តទៅ។ លោក ហ៊ុន សែន បន្ត​ថា ការ​ផ្ដល់​កញ្ចប់​ថវិកា​នេះ មិន​មែន​ជា​ការ​លំបាក​ចំពោះ​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ។

លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នគរបាល និង​កងទ័ព មាន​សរុប​ប្រមាណ ៩​ម៉ឺន​នាក់។ ក្នុង​នោះ​ស្ត្រី​មាន​លទ្ធភាព មាន​កូន​មាន​ជិត​១១.០០០​នាក់។

កាលពី​ថ្មីៗ​នេះ​ដែរ ក្នុង​ពេល​ចុះ​ជួប​កម្មករ​កម្មការិនី លោក ហ៊ុន សែន ក៏​ប្រកាស​ដែរ​ថា រដ្ឋាភិបាល មាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ចំពោះ​កម្មការិនី​នៅ​ពេល​សម្រាលកូន​ដែល​អាច​ទទួល​ថវិកា​ពី ៤០០,០០០​រៀល​ឡើង​ទៅ។

លោក ហ៊ុន សែន បង្ហាញ​សន្ដាន​ចិត្ត​ជួយ​សម្រួល​ថវិកា​ដល់​ស្ត្រី​ក្នុង​ពេល​សម្រាលកូន​ដូចនេះ គឺ​ស្រប​ពេល​កូន​ប្រសា​របស់​និង​កូនស្រី​របស់​លោក​ទើប​សម្រាលកូន​នៅ​ក្រៅ​ប្រទេស។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់ថា រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ថវិកា​ដល់​ការ​សម្រាល​កូន​របស់​ស្ត្រី​ដែល​ធ្វើ​ក្នុង​សេវា​កម្សាន្ត ស្ត្រី​ធ្វើ​ការងារ​សំណង់ និង​ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​សិប្បកម្ម​តូចៗ និង​នៅ​ក្នុង​រោងចក្រ​ដែល​មិនមែន​ជាង​រោងចក្រ​កាត់ដេរ។ លោក​ថា ក្នុងនាម​ជា​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​ទូទៅ​ដើម្បី​ឲ្យ​ទូទៅ​ទទួល​បាន​អត្ថប្រយោជន៍​ដូចៗ​គ្នា។

ទាក់ទង​រឿង​សម្រាលកូន​នេះ​ដែរ មាន​ករណី​ខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនមែន​ជា​មន្ត្រី​ជា​រាជការ ថែមទាំង​មាន​ជីវភាព​ក្រីក្រ​ផង គ្មាន​លទ្ធភាព​បង់លុយ​ពេទ្យ​ត្រូវ​ពេទ្យ​ទុក​ដល់​ស្លាប់។

ស្ត្រី​ជា​អ្នក​លក់ដូរ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី អម សុខលាភ មាន​អាយុ​៦០​ឆ្នាំ​ធ្លាប់​សម្រាលកូន​បាន​៤ ដោយ​លុយ​ខ្លួនឯង​នោះ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​សប្បាយចិត្ត​ពេល​ឃើញ​នាយករដ្ឋមន្ត្រី​ចេះ​គិតគូរ​ពី​លំបាក​របស់​ស្ត្រី។ ប៉ុន្តែ​ពលរដ្ឋ​សាមញ្ញ​រូប​នេះ ទោះ​ស្ត្រី​ក្នុង​ស្រទាប់​វណ្ណៈ​បើ​មានគ្រួសារ​គឺ​ជៀស​មិន​ផុត​ពី​ការ​មាន​ផ្ទៃពោះ​នឹង​ត្រូវ​សម្រាលកូន​នោះ​ទេ ដូច្នេះ​លោកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​ថវិកា​ដល់​ស្ត្រី​ទាំងអស់​ជាពិសេស​ស្ត្រី​ដែល​មាន​ជីវភាព​ក្រីក្រ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ការ ចាត់​វិធានការ​ផ្ទល់​កញ្ចប់​លុយ​រដ្ឋ​ពិសេស​ដល់​ស្ត្រី​ជា​មន្ត្រីរាជការ និង​កម្មករ​ថា រឿង​នយោបាយ​ព្រោះ​លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​យក​ហេតុផល​ផ្សេងៗ​មក​កៀបសង្កត់​សង្គម​ស៊ីវិល បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ និង​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​គ្រប់​រូបភាព។ ប៉ុន្តែ​ក្នុង​បរិបទ​កៀក​ពេល​បោះឆ្នោត​ខ្លួន​លោក​ផ្ទាល់​ព្យាយាម​ធ្វើ​យុទ្ធនាការ​គ្រប់​បែប​យ៉ាង​ដើម្បី​ចង់បាន​ប្រជាប្រិយភាព។

លោក ហ៊ុន សែន ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ​២០១៨​ខាងមុខ រដ្ឋាភិបាល​នឹង​ប្រើប្រាស់​លុយ​ជាតិ​ជាង ២​លាន​ដុល្លារ​ចំពោះ​ស្ត្រី​កម្មករ​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ។ រី​ឯ​ស្ត្រី​ជា​មន្ត្រីរាជការ​រដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ថវិកាជាតិ​លើ​ការ​សម្រាលកូន​នេះ​ជាង​១០​លាន​ដុល្លារ និង​ស្ត្រី​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​អស់​ជាង ២លាន​ដុល្លារ។ ប៉ុន្តែ លោក ហ៊ុន សែន មិនទាន់​ហ៊ាន​ប្រាប់​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​លុយ​រដ្ឋ​លើ​ការ​សម្រាលកូន​ចំពោះ​ស្ត្រី​ទូទៅ​នៅ​ពេល​ណា​នោះ​ទេ៕

No comments: