Wednesday, 11 October 2017

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខែត្រ​ស្វាយរៀង​ស្នើ​ផ្អាក​បោះ​តម្រុយ​ព្រំដែន​ខណៈ​កម្ពុជា​កំពុង​មាន​វិបត្តិ


Khmer Circle: Blatant act of Treason?...


ដោយ អាស៊ីសេរី
2017-10-10

ពលរដ្ឋ​ចង្អុល​តម្រុយ​បង្គោល​ព្រំដែន​ដែល​គាត់​អះអាង​ថា​ដី​របស់​គាត់​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Uon Chhin
ពលរដ្ឋ​ចង្អុល​តម្រុយ​បង្គោល​ព្រំដែន​ដែល​គាត់​អះអាង​ថា​ដី​របស់​គាត់​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Uon Chhin
 RFA/Uon Chhin



មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់នៅ​ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​បោះតម្រុយ​ព្រំដែន​សិន អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។ ការ​អំពាវនាវ​នេះ​ធ្វើឡើង ក្រោយពី​អាជ្ញាធរ​កម្ពុជា និង​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បោះតម្រុយ​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា យ៉ាង​ប្រញាប់​សម្រេច​បាន​ជាង ២០​បង្គោល និង​បាន​រារាំង​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​តាមដាន​ពី​ការ​បោះ​តម្រុយ​ព្រំដែន​នោះ​ទេ។



ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខែត្រ​ស្វាយរៀង ចាត់​ទុក​ការ​បោះ​តម្រុយ​ព្រំដែន​របស់​អាជ្ញាធរ​កម្ពុជា និង​វៀតណាម​ថា មិន​មាន​តម្លាភាព និង​ធ្វើឡើង​ដោយ​លាក់បាំង។

ការ​ថ្លែង​បែបនេះ​ដោយសារ​ពួកគាត់ មើល​ឃើញ​ថា សមត្ថកិច្ច​ស្រុក​ចន្ទ្រា នៅតែ​រឹតត្បិត​សេរីភាព​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ពិនិត្យ​មើល​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ។

អាជ្ញាធរ​កម្ពុជា និង​វៀតណាម បានសម្រេច​បោះ​តម្រុយ​ព្រំដែន លេខ ១៩៤ ដល់​២០១ រយៈពេល​ជាង ១​ខែ​មក​ហើយ ក្នុង​ចន្លោះ​បង្គោល​នីមួយៗ អាជ្ញាធរ​ប្រទេស​ទាំងពីរ​បាន​បោះ​ចំនួន​ពីរ​បង្គោល​។ ចំណែក​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ការ​បោះ​តម្រុយ​ព្រំដែន​នោះ​បាន​ចូល​ដីស្រែ​ពលរដ្ឋ​ច្រើន​ហិកតារ ត្បិត​បង្គោល​ព្រំដែន​ចាស់ គឺ​ឋិត​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​បច្ចុប្បន្ន។

ពលរដ្ឋ​រស់នៅ​ស្រុក​ចន្ទ្រា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ សម្ដែង​ការ​សោកស្ដាយ​នៅ​គ្រា​ដែល​ដី​របស់​កម្ពុជា នៅតែ​របូត​ដល់ដៃ​វៀតណាម​ជា​បន្តបន្ទាប់ ហើយ​មក​ទល់​ពេល​នេះ ពលរដ្ឋ​កម្ពុជា​ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម​រារាំង​មិន​ឲ្យ​លើកភ្លឺស្រែ និង​ធ្វើ​កសិកម្ម​ក្នុង​ដី​របស់​ខ្លួន ដោយ​លើក​ហេតុផល​ថា ជា​តំបន់​ហាមឃាត់ ឬ​ជា​តំបន់​ស។ លោក​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន នៅ​ក្បែរ​ព្រំដែន ត្រូវ​បាន​យោធា​វៀតណាម ហាម​មិន​ឲ្យ​ធ្វើស្រែ និង​លើក​ភ្លឺស្រែ ក្នុង​ដី​របស់​ខ្លួន​នៅ​ក្បែរ​ព្រំដែន​ដែល​គ្រប់គ្រង​ច្រើន​ទសវត្សរ៍​មក​ហើយ ក្រោម​ហេតុផល​ថា ជា​តំបន់​ស រីឯ​ដីស្រែ​របស់​វៀតណាម​វិញ អាជ្ញាធរ​ពុំ​កំណត់​ជា​តំបន់​ស​នោះ​ទេ។ លើស​ពី​នេះ នៅ​គ្រា​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​មិន​ឲ្យ​ធ្វើស្រែ និង​លើកភ្លឺស្រែ អ្នកភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា មិន​ត្រឹមតែ​មិន​មាន​ដំណោះស្រាយ​ទេ បែរជា​ត្រូវ​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅវិញ។

ស្រប​ជាមួយ​គ្រា​នេះ ការ​បោះ​បង្គោល​ព្រំដែន​លេខ ១៩៤ ដល់ ២០១ នៅ​ឃុំ​ចន្ទ្រា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រំកិល​ចូល​ដី​ខ្មែរ​ច្រើន​ហិកតារ​ក្ដី ក៏​ពលរដ្ឋ​មិន​ហាន​ចេញមុខ​ប្ដឹង​មក​អាជ្ញាធរ​កម្ពុជា​ដែរ។

បុរស​ដដែល​មាន​មន្ទិល​ថា អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ចម្រូង​ចម្រាស់​រឿង​នយោបាយ អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​បោះតម្រុយ​ព្រំដែន​យ៉ាង​លឿន និង​រឹតត្បិត​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​នោះ​ទេ។ លោក​ចាត់​ទុក​ការ​បោះ​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ គឺ​កម្ពុជា​ចាញ់​ប្រៀប​ជាង​វៀតណាម​ច្រើន ត្បិត​បង្គោល​ព្រំដែន​ចាស់ ដែល​ធ្វើ​នៅ​សម័យ​បារាំង​គឺ​ឋិត​នៅ​ឆ្ងាយ​ពី​តំបន់​ព្រំដែន​បច្ចុប្បន្ន។

កាលពី​ឆ្នាំ​២០១៥ អាជ្ញាធរ​វៀតណាម បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ពុះ​យក​ដី​ខ្មែរ​ជាង ៥០០​ហិកតារ ដែល​ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៩៤ និង​១៩៧។ ការ​របូត​ដី​ខ្មែរ​ចូល​ទៅ​វៀតណាម​នេះ អាជ្ញាធរ​កម្ពុជា​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ បើ​ទោះ​បី​ជា ពលរដ្ឋ​ខ្មែរ​ប្ដឹង​រឿងក្ដី ហើយ​មក​ទល់​ពេល​នេះ ដី​ខ្មែរ​ជាង ៥០០​ហិកតារ​នៅ​តំបន់​នោះ បាន​ហ៊ុមព័ទ្ធ​ដោយ​ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​វៀតណាម​ស្ថាបនា។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ តុលា ថា មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន កំពុង​ភ័យ​ព្រួយ​រឿង​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារតែ​អាជ្ញាធរ​ស្រុក​ចន្ទ្រា គំរាមកំហែង​ផ្នែក​នយោបាយ នៅ​គ្រា​ដែល​ពួកគាត់​បាន​លាតត្រដាង​បញ្ហា​ព្រំដែន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ក៏​ពុំ​សូវ​ហាន​ចេញមុខ​តវ៉ា​ដែរ បើ​ទោះ​បី​ជា ដីស្រែ​របស់​ពួកគាត់​ត្រូវ​វៀតណាម​គ្រប់គ្រង​ក្ដី ដោយ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក ព្រោះ​កន្លងទៅ​អាជ្ញាធរ​កម្ពុជា​ក៏​ធ្លាប់​ចាប់​ពលរដ្ឋ​ដាក់គុក​ដែរ នៅ​គ្រា​ពលរដ្ឋ​តវ៉ា​រឿង​វៀតណាម​មក​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន។

លោក​បន្ថែម​ថា អាជ្ញាធរ​កម្ពុជា និង​នគរបាល​ការពារ​ព្រំដែន បាន​បិទបាំង​ព័ត៌មាន​ស្ដីពី​ការ​បោះ​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ ព្រោះ​អាជ្ញាធរ​បាន​រារាំង​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​មួយ​ចំនួន​មិន​ឲ្យ​ចុះទៅ​តំបន់​នោះ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា លោក សន ជ័យ អង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​អ្វីមួយ គឺ​ផ្អែក​តាម​របាយការណ៍​ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន។ បញ្ហា​នេះ​លោក​យល់ថា អាជ្ញាធរ មូលដ្ឋាន​ត្រូវ​តែ​មាន​តម្លាភាព និង​ការទទួលខុសត្រូវ​ជាមួយ​រដ្ឋាភិបាល និង​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​រឿង​ព្រំដែន។ លោក​យល់​ថា ការ​បោះ​តម្រុយ​ព្រំដែន​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមុន បើ​ទោះ​បី​ជា​ស្ថានភាព​នយោបាយ​កម្ពុជា មិនសូវ​ល្អ​ក្ដី សំខាន់​គឺ​ការ​បោះ​តម្រុយ​ព្រំដែន ជា​រឿង​បច្ចេកទេស ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ទៅ​ថ្នាក់​ជាតិ ពី​ផល​ប៉ះពាល់​នានា​របស់​ពលរដ្ឋ​ជា​មុន​សិន មុន​បោះតម្រុយ​ព្រំដែន ដើម្បី​ឲ្យ​មាន​វិធានការ​ដោះស្រាយ។

យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បោះ​តម្រុយ​ព្រំដែន​គួរ​តែ​មាន​ការចូលរួម​គ្រប់​ភាគី ទាំង​ពលរដ្ឋ រដ្ឋាភិបាល សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ។ លើស​ពី​នេះ ការ​បោះ​តម្រុយ​ព្រំដែន​កម្ពុជា នៅ​តែ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួលរង​នូវ​ការរិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​បាត់បង់​ដី ដោយ​បង្គោល​ខិត​ចូល​មក​ក្នុង​ដី​ខ្មែរ​ជាដើម៕

No comments: