Saturday 28 October 2017
ឱសានវាទមកដល់៖ គណបក្សសង្គ្រោះជាតិ រក្សាជំហរមិនដាក់ឯកសារតទល់ក្តី ក្នុងបណ្តឹងសុំរំលាយគណបក្ស
ដោយ វ៉ា សំណព្វ 28/10/2017 28/10/2017
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
@RFI
គណបក្សសង្គ្រោះជាតិ នឹងមិនដាក់ឯកសារតាមការបង្គាប់របស់តុលាការកំពូល ដើម្បីតទល់ក្តីនៅក្នុងសំណុំរឿងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រឆាំងមួយនេះ ក៏មិនបានពឹងពាក់មេធាវីដើម្បីការពារក្តីលើសំណុំរឿងនេះដែរ។ ការប្រកាសជំហរជាថ្មី គឺធ្វើឡើងខណៈដែលឱសានវាទនៃការបង្គាប់ឲ្យដាក់ឯកសារទៅកាន់តុលាការកំពូល នឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃអាទិត្យ ទី២៩ តុលា។
គិតត្រឹមថ្ងៃសៅរិ៍ទី២៨តុលាមុនឱសានវាទមកដល់មួយថ្ងៃ គណបក្សសង្គ្រោះជាតិ នៅតែអះអាងថា គណបក្សនេះនឹងមិនដាក់ឯកសារអ្វីទាំងអស់ ទៅកាន់តុលាការកំពូលដើម្បីការពារខ្លួន តទល់នឹងពាក្យបណ្តឹងសុំឲ្យរំលាយគណបក្ស។ នេះបើតាមការគូសបញ្ជាក់ពីលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ គណបក្សសង្គ្រោះជាតិមិនបានឲ្យតម្លៃទៅលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលប្តឹងសុំឲ្យតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនោះទេ ដោយបានចាត់ទុកពាក្យបណ្តឹងនេះថា គឺជារឿងនយោបាយ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រឆាំងដ៏ធំមួយនេះ ក៏មិនបានរវីរវល់ពឹងពាក់មេធាវីដើម្បីការពារក្តីនោះដែរ ដោយទុកឲ្យសំណុំរឿងនេះទៅតាមដំណើរការរបស់វាទៅចុះ។
តុលាការកំពូល កាលពីថ្ងៃទី០៩ តុលា បានបង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារពីបទ “ក្បត់ជាតិ” ដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ០៦ តុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល២០ថ្ងៃ។ ហើយនៅថ្ងៃអាទិត្យ ទី២៩តុលាចុងសប្តាហ៍នេះ គឺជាថ្ងៃចុងក្រោយនៃឱសានវាទនេះ។
គួររំលឹកជូនថា កាលពីថ្ងៃទី ០៦ តុលា ក្រុមមេធាវីក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិនេះ ទៅកាន់តុលាការកំពូល ដោយភ្ជាប់ជាមួយនូវភស្តុតាងចំនួន២១កញ្ចប់ ដែលអះអាងថា ជាសម្រង់សម្ដីរបស់លោក កឹម សុខា រួមជាមួយវីដេអូឃ្លីបចំនួនបីដែលបង្ហាញថា គណបក្សសង្គ្រោះជាតិបានត្រូវរ៉ូវជាមួយបរទេស ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ២៧ តុលា បានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនបានធ្វើអ្វីខុសច្បាប់នោះទេ ហើយគណបក្សប្រឆាំងដ៏ធំមួយនេះបានជំទាស់ដាច់ខាតនូវការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ។ បន្ថែមលើនេះ សេចក្តីថ្លែងការណ៍នេះយល់ឃើញថា ការរំលាយគណបក្សសង្គ្រោះជាតិនេះ គឺជារឿងនយោបាយសុទ្ធសាធ និងបានទាមទារសុំឲ្យមានការដោះស្រាយតាមផ្លូវនយោបាយវិញ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត ធ្លាប់បានប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី ២២ តុលាថា ក្នុងករណីដែលគណបក្សសង្គ្រោះជាតិ នៅតែមិនព្រមដាក់ឯកសារតាមការបង្គាប់របស់តុលាការក្តី ក៏តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួនដដែល។ លោក បន្តថា បើតុលាការកំពូលបើកសវនាការនាពេលខាងមុខ តែភាគីគណបក្សសង្គ្រោះជាតិ មិនចូលរួមឬមិនពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិ ក៏សវនាការនោះអាចប្រព្រឹត្តទៅបានដែរ។
សូមបញ្ជាក់ថា ពាក្យបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្នុងដៃរបស់តុលាការកំពូលនេះ គឺធ្វើឡើងខណៈដែលវិសោធនកម្មច្បាប់ចំនួនបួន ដែលបើកផ្លូវឲ្យមានការយកអាសនៈគណបក្សដែលត្រូវរំលាយទៅបែងចែកឲ្យគណបក្សដទៃនោះ ទើបតែត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៥ តុលា ក្នុងសប្តាហ៍នេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment