Wednesday, 25 October 2017

ការ​បង្ក្រាប​របស់​កម្ពុជា៖ តើ​នឹង​មាន​អ្វី​កើតឡើង​ នៅ​ពេល​ជន​ផ្ដាច់ការ​បិទ​កាសែត?


24 តុលា 2017
Julia Wallace
voa
ស្ត្រីម្នាក់​​ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)
ស្ត្រីម្នាក់​​ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring) 



ស្រប​ពេល​ដែល​កម្ពុជា​បែរ​ខ្នង​ដាក់បស្ចិមប្រ​​ទេស​ លោក​ ហ៊ុន​ សែន​ បិទ​កាសែត។
ឆន ចាន់ស៊ី​ ជា​កុមារ​ក្នុង​ទសវត្សរ៍​ទី​៨០​ ប៉ុន្តែ​មិនមែន​ទសវត្សរ៍​ទី​៨០​នៅ​សហរដ្ឋ​អាមេរិក​ដែល​គេ​អាច​នឹកឃើញ​ពី​តន្ត្រី​រ៉ក់ និង​ខោ​ខោវប៊យ​ពពាល​នោះ​ទេ​ គឺ​ទសវត្សរ៍​ទី​៨០​នៅ​ប្រទេស​កម្ពុជា ដែលគេ​អាច​នឹក​ឃើញ​ពី​សម័យ​កាល​ដែល​អ្នកភូមិ​មក​ផ្ដុំ​គ្នា​ស្ដាប់​វិទ្យុ​តែ​មួយ​ជុំ​គ្នា ហើយ​ស្ដាប់​បាន​តែ​អ្វី​ដែល​វិទ្យុ​ពួកគេ​អាច​បើក​ស្ដាប់​ឮ​តែ​ប៉ុណ្ណោះ។



ក្នុង​សម័យ​កាល​នោះ ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការដឹកនាំ​ដោយ​របប​គ្រប់គ្រង​រដ្ឋ​បែប​កុម្មុយនិស្ត​ឯក​បក្ស​ដោយ​មាន​ជំនាញការ​ និង​ប្រឹក្សា​អមពីក្រោយ​ដោយ​សម្ងាត់​ពី​រដ្ឋាភិបាល​វៀតណាម។ ព័ត៌មាន​អាច​នឹង​គ្មាន​ទេ​សម្រាប់​ក្រុម​គ្រួសារ​លោក ចាន់ស៊ី និង​អ្នក​ជិត​ខាង​របស់​លោក។ ការ​ស្ដាប់​កម្មវិធី​ផ្សាយ​បរទេស​ ​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ​ ដោយសារតែ​វា​ជា​អំពើ​ខុស​ច្បាប់។ នៅ​ពេល​ប្រជាជន​មាន​វិទ្យុ​នៅ​ក្បែរ​ខ្លួន​ ពួកគេ​ស្ដាប់​ចម្រៀង​ និង​សូរ​រហ៊ឹមៗ​នៃ​ចម្រៀង​ចាប៉ី​ ឬ បទ​ចម្រៀង​លោក ស៊ិន ស៊ីសាមុត​ ដែល​ជា​បទចម្រៀង​សំឡេង​មាស​ក្នុង​ទសវត្សរ៍​ទី៦០​ ហើយ​បទចម្រៀង​ដែល​ លោក ចាន់ស៊ី​ ពេញចិត្ត​ មាន​ចំណង​ជើង​ថា​ «ផ្កាយព្រឹក» ដែល​ចាប់ផ្តើម​ដោយ​ឃ្លា​ថា​ «យប់​អើយ​យំ​ជ្រៅ​ ខ្ញុំ​នៅ​ឯកា...»។

ឪពុក​ម្ដាយ​របស់​លោក ចាន់ស៊ី​ ប្រកប​របរ​ធ្វើស្រែ​ ហើយ​ជីដូន​ជីតា​របស់​លោក​ ក៏​ធ្វើ​ស្រែ​ចម្ការ​ដែរ។ នៅ​ពេល​ដែល​ចាន់ស៊ី ចេះ​ដើរ​ មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំផង លោក​ត្រូវ​ទៅ​មើលគោ​របស់​គ្រួសារ​លោក កុំ​ឲ្យ​ស៊ី​ស្រូវ​ក្នុង​ស្រែ។ ឪពុក​ម្ដាយ​លោក​ គិត​ថា​លោក​ជា​ក្មេង​វៃ​ឆ្លាត​ម្នាក់​ពីព្រោះ​លោក​អាច​ឃ្វាល​គោ​ម្តង​បាន ៦​ក្បាល។ ដើម្បី​ឲ្យ​លោក​បាន​ការរៀនសូត្រ​ និង​ឱកាស​ក្នុង​ការ​មាន​ជីវិត​ប្រសើរ​ឡើង​ ឪពុក​ម្ដាយ​របស់ចាន់ស៊ី បាន​បញ្ជូន​លោក​ឲ្យ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង។

ឆ្នាំ​នេះ ចាន់ស៊ី មាន​អាយុ​៣៤ឆ្នាំ ហើយ​ក៏​ជា​អ្នកសារព័ត៌មាន​ដ៏​ពូកែ​បំផុត​មួយ​រូប​ក្នុង​ចំណោម​អ្នកសារព័ត៌មាន​ពូកែៗ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ដប់​ឆ្នាំ​កន្លង​ទៅ​នេះ ធ្វើ​ការ​ងារ​ជា​និពន្ធ​នាយក​បោះពុម្ព​នៅ​សារព័ត៌មាន​ The Cambodia Daily ដោយ​បាន​អភិវឌ្ឍ​ទេពកោសល្យ​របស់​លោក​ពី​ការ​ឃ្វាលគោ​ ទៅ​កាន់​តំណែង​គ្រប់គ្រង​អត្ថបទ​សារព័ត៌មាន​របស់​អ្នកសារព័ត៌មាន​ចំនួន ១៤​នាក់​វិញ។

ប៉ុន្តែ​ជា​អកុសល​ លោក​បាន​បាត់បង់​ការងារ​នេះ​កាល​ពី​ខែកញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ នៅ​ពេលរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បង្ខំ​ឲ្យ​សារព័ត៌មាន​មួយ​នេះ បង់ពន្ធ​យ៉ាង​ច្រើន​ក្រៃលែង​គិតជា​ប្រាក់​៦,៣​លាន​ដុល្លារ ហើយ​បាន​បិទ​កាសែត​មួយ​នេះ។ ទង្វើ​បែប​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​យ៉ាង​កំរោល​លើ​ការ​បញ្ចេញមតិ​ដោយ​សេរី​និង​ការរិះគន់​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​មាន​អារម្មណ៍​តក់​ស្លុត​យ៉ាង​ខ្លាំង។

បន្ទាប់ពី​ហេតុការណ៍​នេះ​ កើត​ឡើង​ លោក ចាន់ស៊ី​ បាន​រំឭក​ពី​រឿង​អតីតកាល​ និង​គិត​ពី​អនាគត​ដែល​មើល​ទៅ​ហាក់បី​ដូចជា​សូន្យសុង​តែ​ម្ដង។ លោក​បាន​និយាយ​ថា៖

«ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ត្រូវ​ធ្វើអ្វី​ទៀត​ទេ។ ខ្ញុំ​កំពុង​ព្រួយបារម្ភ​ពី​ស្ថានការណ៍​ដែល​កំពុង​កើតឡើង​ចំពោះ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​បារម្ភ​ក្រែង​លោមានតែ​សំឡេង​មួយ​ តែ​មួយ​ជ្រុង​ ដូច​អ្វី​ដែល​មាន​នៅ​អតីតកាល​ដែល​យើង​ធ្លាប់​មាន​តែ​ប៉ុស្តិ៍​វិទ្យុ​ហ្វ្រេកង់​AM ​មួយ​គត់​ដូច្នេះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែងលោ​រឿង​នេះ នឹង​កើត​ឡើង​ម្ដង​ទៀត»។

ក្នុង​ពេល​អង្គុយ​ក្នុង​ហាង​កាហ្វេ​តាម​មាត់​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មុន និង​បង្ហាញ​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន​ខ្លះ​ដោយសារ​តែ​លោក​ទើប​តែ​បាត់បង់​ការងារ​ថ្មីៗ​នោះ លោក ចាន់ស៊ី នៅតែ​សញ្ជឹង​តាមដាន​តាម​ព័ត៌មាន​ដែល​លោត​សញ្ញា​បង្ហាញ និង​ការ​ផ្ដល់​តម្រុយ​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​ ដែល​លេច​ឡើង​ជាហូរហែ​ក្នុង​ទូរស័ព្ទ​របស់​លោក។ ​លោក ​នៅ​មានគំនិត​យោបល់​គ្រប់គ្រាន់​ដើម្បីសរសេរ​អត្ថបទ​បាន ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​ទំព័រ​ណា​ឡើយ​ ដែល​ស្ថានភាព​បែប​នេះ គេ​ហៅ​ថា​ជា​ការ​ធ្វើ​បាប​អ្នកសារព័ត៌មាន។

លោក​បាន​និយាយ​ថា អ្វី​ដែល​លោក​ចងចាំ​បំផុត​ក្នុង​វ័យ​កុមារ​ក្នុង​ទសវត្សរ៍១៩៨០​នោះ​ គឺ​អ្វីៗ​ទាំងអស់​ស្ថិត​ក្នុង​សភាព​ស្ងៀមស្ងាត់ អ្វីៗ​ទាំង​អស់​គឺ​ទទេ​ លើកលែងតែ​សូរ​សំឡេង​ក្នុង​រដូវ​កាល​ធ្វើ​ស្រែចម្ការ​ និង​ការ​ស្វះស្វែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ។ លោក​បាន​និយាយ​ថា៖

«កាលណោះ យើង​មិន​បាន​ដឹង​ថា​ពិភពលោក​ធំ​ប៉ុណ្ណា​ទេ»។

លោក ចាន់ស៊ី​ បាន​កើត​នៅ ៤ឆ្នាំ​ក្រោយពី​របប​ខ្មែរក្រហម​បាន​បញ្ចប់ ដែល​ប្រជាជន​កម្ពុជា​ប្រហែល​២,២​លាន​នាក់​ស្មើ​នឹង​១​ភាគ​៥​នៃ​ចំនួន​ប្រជាជន​សរុប​ ត្រូវ​បាន​សម្លាប់​ និង​អត់​អាហារ​ដែល​ជា​ផ្នែក​នៃ​ការ​ឆ្ពោះ​ទៅ​រក​ការ​បង្ខំ​ឲ្យ​អនុវត្ត​ផែនការ​ដ៏​អាក្រក់​នៃ​មនោគមវិជ្ជា​កសិកម្ម​បែប​ម៉ៅនិយម​ និង​ការ​កសាង​ប្រជាជាតិ​មួយ​ដែល​ប្រជាជន​ធ្វើតែ​ស្រែ​ចម្ការ។ របប​ខ្មែរ​ក្រហម​បាន​ផុត​រលត់​ក្នុង​ឆ្នាំ១៩៧៩​ តាមរយៈ​ការចូល​ឈ្លានពាន​ពី​កងទ័ព​វៀតណាម ដែល​ដឹកនាំ​ដោយ​ក្រុម​ទាហាន​កម្ពុជា​មួយ​ក្រុម​តូច​ចុះ​ចូល​នឹង​វៀតណាម​ ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​តែ​បន្ត​កើត​មាន​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់នឹង​ប្រទេស​ថៃ។ អស់​រយៈ​ពេល​១​ទសវត្សរ៍​ក្រោយ​មក​ រដ្ឋាភិបាល​កុម្មុយនិស្ត​ដែល​លើក​បន្តុប​ដោយ​វៀតណាម ​បាន​ចាប់ផ្ដើម​គ្រប់គ្រង​ប្រទេស​នេះ​យ៉ាង​តឹងរ៉ឹង។

ក្នុង​ឆ្នាំ​១៩៩១​ បន្ទាប់ពី​កិច្ចចរចា​ស្វែងរក​សន្តិភាព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ អង្គការ​សហ​ប្រជាជាតិ បាន​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បេសកកម្ម​ធំ​ជាង​គេ​បំផុត​មួយ​ក្នុង​ទម្រង់​បេសកកម្ម​ការងារ​បែប​នេះ។ អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ឬ ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​កសាង​សន្តិភាព និង​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់ «ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌» ក្នុង​ឆ្នាំ១៩៩៣។ កងយោធា មន្ត្រី​ប៉ូលិស​ និង​មន្ត្រី​រដ្ឋបាល​នានា​មកពី​ប្រទេស​ប្រមាណ​១០០​ បាន​មក​ចូលរួម​បេសកកម្ម​នេះ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​មាន​បុគ្គលិក​បរទេស​ប្រហែល ២១​០០០​នាក់​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ត្រឹម​តែ​១០លាន​នាក់​ប៉ុណ្ណោះ។ បម្រាមគោចរ​ត្រឹម​ម៉ោង​៩យប់​ដែល​មាន​ជា​យូរ​មក​ហើយ​ ត្រូវ​បាន​លុបចោល ហើយ​ការ​ស្ដាប់​កម្មវិធី​ផ្សាយ​វិទ្យុ​បរទេស​ ក៏​ត្រូវ​បាន​គេ​អនុញ្ញាត និង​ក្លាយ​ជា​រឿង​ស្របច្បាប់​ដែរ។ វិទ្យុ​ចាប់​ផ្ដើម​មាន​ពាសពេញ​ប្រទេស​រហូត​ដល់​ភូមិ​របស់​លោក ចាន់ស៊ី​ បន្ទាប់ពី​ UNTAC​ បាន​ចែកចាយ​ដល់​អ្នក​ភូមិ​រាប់​សិប​ម៉ឺន​គ្រឿង​ ហើយ​ក៏​ជា​លើក​ទី១​ដែរ​ ដែល​ចាន់ស៊ី បាន​ឮ​សំឡេង​ពិភពលោក​ខាងក្រៅ។ លោក​បាន​និយាយ​ថា​៖

«យើង​បាន​ដឹង​រឿង​សំខាន់ៗ​ និង​រឿង​តូចតាច​ជាច្រើន​ រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​ ពាណិជ្ជកម្ម​ កសិកម្ម​ ទំនាស់​ដីធ្លី​ សិទ្ធិ​មនុស្ស​ និង​សង្គម។ អ្វីៗ​ហាក់​ដូចជា​បាន​ផ្លាស់ប្ដូរ​ទាំងអស់»។

ពិភពលោក បាន​បោះជំហាន​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មានបំណង​ចង់​ជួយ​ប្រទេស​នេះ​ឲ្យ​ចេញ​ផុត​ពី​អតីតកាល​របស់​ខ្លួន។ គិត​ត្រឹម​ទសវត្សរ៍ឆ្នាំ​២០០០​ ប្រទេស​កម្ពុជា​អាច​រាប់​ចាត់​ថា​ជា​ប្រទេស​ដែល​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO ) ច្រើន​បំផុត​ក្នុង​ពិភពលោក។ មណ្ឌល​កុមារ​កំព្រា​ បាន​កើន​ចំនួន​លឿន​ជាង​កុមារ​កំព្រា។ ជាក់ស្ដែង​ មណ្ឌល​កុមារ​កំព្រា​ទាំងនោះ​ចិញ្ចឹម​ក្មេងៗ​ជាច្រើន​តួយ៉ាង​ដូចជា ចាន់ស៊ី ដែល​ចង់​បាន​ការរៀនសូត្រ​នោះ សុខចិត្ត​ចាកចោល​ក្រុម​គ្រួសារ​ ហើយ​ទៅ​ស្នាក់​នៅ​អគារ​រួមគ្នា​ជាមួយ​នឹងអ្នកដទៃ​ទៀត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ជំងឺ​អេដស៍ បាន​ចាប់ផ្តើម​ចូលមក​ក្នុង​ប្រទេស​កម្ពុជា។ ម្ចាស់​ជំនួយ​បរទេស​ បាន​ចំណាយ​ប្រាក់​ជាច្រើន​សម្រាប់​តម្រូវការ​ចាំបាច់​នានា​របស់​ប្រទេស​នេះ​ ហើយនឹង​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ បើ​ទោះ​ជា​បាន​ដឹង​ច្បាស់​ថា ថ្នាក់​ដឹកនាំ​លួច​ជាតិ​ប្រទេស​កម្ពុជា កំពុងតែ​យក​ចំណែក​ប្រាក់​យ៉ាង​ច្រើន​លើស​លប់​ដាក់​ចូល​ក្នុង​ហោប៉ៅ​របស់​ពួកគេ​ក៏ដោយ។

បន្ទាប់​មក ម្ចាស់​ជំនួយ​បរទេស​បាន​ផ្តល់​ថវិកា​ ដើម្បី​ជួយ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​ក្នុង​ឆ្នាំ២០១០​ បាន​ប្តូរ​កន្លែង​ទៅ​កាន់​ទីចាត់ការ​ដ៏​ធំ​មួយ​ និង​ចាប់ផ្ដើម​ប្រើ​ចំណាត់​ការ​តាម​នីតិវិធី​តុលាការ​លើ​សត្រូវ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី។ ម្ចាស់​ជំនួយ​បរទេស​ចំណាយ​ប្រាក់​កាស​ព្រាង​ច្បាប់​នានា​ដែល​តឹងរ៉ឹង​ និង​ទាមទារ​ឲ្យ​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ធានា​សិទ្ធិ​ផ្សេងៗ​ជាច្រើន​សម្រាប់​បុគ្គល។ ជំនួយ​របស់​ម្ចាស់​ជំនួយ​ភ្ជាប់មក​ជាមួយ​នូវ​លក្ខខណ្ឌ​ គឺ​ការ​ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម​ ប៉ុន្តែ​បើ​ទោះ​ជា​លក្ខខណ្ឌ​ទាំងនោះ​មិន​បាន​បំពេញ​ក៏ដោយ​ ប្រាក់​ជំនួយ​នៅ​តែ​បន្ត​ហូរ​ចូល​មក​ដដែល។

ការធ្វើ​អន្តរាគមន៍​របស់​បស្ចិម​ប្រទេស​ទាំងប៉ុន្មាន​នៅ​ប្រទេស​កម្ពុជា​ពី​ចម្ងាយ​ បង្ហាញ​ពី​ការបណ្ដុះ​មនោគមវិជ្ជា​មួយ​បែប​ ដែល​រួម​ផ្សំ​ធាតុ​របស់​ប្រជាធិបតេយ្យ​បែប​បស្ចិម​ប្រទេស​សម្រាប់​នាំ​ចូល​មក​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​ ហើយ​នឹង​សង្ឃឹម​ថា ប្រទេស​ទាំងនោះ​អាច​ចាក់​ឫស​ចាក់គល់​ និង​ស្វះស្វែង​ប្រឹងប្រែង​ខ្លួន​ឯង​បន្ត​ទៅ​មុខ​ទៀត។ ក៏ប៉ុន្តែ​ ក្នុង​រូបភាព​ជាក់​ស្ដែង​ សង្គម​កម្ពុជា​នៅ​តែ​បន្ត​រស់​តាម​ទម្លាប់​ដែល​ធ្លាប់​មាន​ គឺ​ងាក​ចេញ​ពី​រូបភាព​នៃ «ការ​កសាង​ស្ថាប័ន» និង​សិទ្ធិ​បុគ្គល​ទៅ​រក​ទំនាក់ទំនង​បក្សពួក​សាច់ញាតិ​ជាប់​សែស្រឡាយ​នឹង​គ្នា​ ហើយ​បុរស​ខ្លាំង​បាន​យក​ខ្លួន​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​ក្រុម​មនុស្ស​មាន​បុណ្យស័ក្ដិ​តូចតាច​ជាង​ខ្លួន​ ប៉ុន្តែ​ជា​ថ្នូរ​វិញ​ពួកគេ​ត្រូវ​គោរព​ស្មោះស្ម័គ្រ​ដោយ​ឥត​ជំទាស់​អ្វី​ឡើយ។ លោក ស្ទីវ ហ៊ីឌរ (Steve Heder) បញ្ញវន្ត​ដ៏​លេច​ធ្លោ​មួយរូប​ ដែល​សិក្សា​ពី​នយោបាយ​ខ្មែរ​សម័យ​ទំនើប​ បាន​ដាក់​ឈ្មោះ​ឆាក​ល្ខោន​នយោបាយ​សព្វថ្ងៃ​ថា «ដូច​ជា​រដ្ឋ​មួយ​ដែល​វិល​ទៅ​រក​សភាព​ដើម​វិញ» គឺ​មាន​ការតាំងចិត្ត​សើៗ​សម្រាប់​ការ​ឈាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​ស្ថិត​ក្រោម​អំពើ​ហិង្សា​ និង​ការកេងប្រវ័ញ្ច។

ខ្នង​ដែល​ធំ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន​និង​ប៉ុន្មាន​សិប​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​សំដៅ​លើ​លោក​ ហ៊ុន សែន​ ដែល​ជា​អតីត​ទាហាន​ខ្មែរក្រហម និង​ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៨៥​ ដែល​កាលនោះ​ជា​មន្ត្រី​វ័យ​ក្មេង​ថ្មីថ្មោង​តែងតាំង​ដោយ​រដ្ឋាភិបាលវៀតណាម​ដែល​កំពុង​កាន់កាប់​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ។ ប្រសិន​បើ​អ្នក​គិត​ថា ភាព​វ័យក្មេង​និង​ការខ្វះ​បទពិសោធន៍​របស់​លោក ធ្វើ​ឲ្យ​លោក​អាច​ងាយ​រង​ឥទ្ធិពល​ពី​គេ​នោះ​ នោះ​អ្នក​នឹង​យល់​ខុស​ហើយ។ លោក​បង្ហាញ​ខ្លួន​ថា លោក​ជា​មនុស្ស​ឆ្លាតវៃ​ម្នាក់​ ជា​អ្នក​នយោបាយ​ព្រៃផ្សៃ ដែល​គិត​ធ្វើ​អ្វីតាមតែ​គំនិត​ខ្លួន​ឯង។ លោក​មិន​បាន​បោះបង់​ចោល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​តាំងតែ​ពី​ដើម​រៀង​មក​ បើ​ទោះ​ជា​ចាញ់​ឆ្នោត​ជាក់​ស្ដែង​ក្នុង​ការបោះឆ្នោត​ឆ្នាំ១៩៩៣​ដែល​រៀបចំ​ឡើង​ដោយUNTAC។ រាប់​តាំង​ពី​ការបោះឆ្នោត​ឆ្នាំ១៩៩៣​ និង​ការបោះឆ្នោត​បន្ត​បន្ទាប់​នៅ​ឆ្នាំ១៩៩៨​, ២០០៣​, ២០០៨​, និង២០១៣​ ​ដែល​ទោះ​បី​ជាការបោះឆ្នោត​ទាំងនោះ​មើល​ពី​ខាង​ក្រៅ​ថា​សេរី​ និង​យុត្តិធម៌​ក៏ដោយ​ ក៏​អំណាច​នៅ​តែ​វិល​ត្រឡប់​ទៅ​រក​ក្រុម​មនុស្ស​មួយ​ក្ដាប់​តូច​ដដែល។ លោក​ ហ៊ុន សែន​ បាន​ចំណាយ​ពេល​ និង​ប្រើ​យុទ្ធសាស្ត្រ​ក្ដោបក្ដាប់​ពង្រឹង​អំណាច​ខ្លួន​អស់​រយៈ​ពេល​៣២ឆ្នាំ​ ជា​ដំបូង​គឺ​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​ដែល​ជា​ដៃគូ​ប្រយុទ្ធ​របស់​ខ្លួន​ បន្ទាប់​មក​បោសសម្អាត​ក្រុម​ប្រឆាំង​ដែល​គាំទ្រ​រាជា​និយម​តាំងពី​ទសវត្សរ៍​១៩៩០ បន្ទាប់​មក​ទៀត​ផ្ដួល​ក្រុម​គូប្រជែង​របស់​លោក​ក្នុង​ជួរ​គណបក្ស​របស់​ខ្លួន​ឯង​ផ្ទាល់ ដែល​ជា​រឿយៗ ប្រើប្រាស់​ច្បាប់​ជា​អាវុធ។ ឥឡូវនេះ​ លោក​បាន​បក​មក​ជម្រះ​បញ្ជី​ជាមួយ​នឹង​ក្រុម​សេសសល់​ដែល​ជា​ក្រុម​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​វត្តមាន​បរទេស​ដែល​នៅ​សេសសល់​តាំង​ពី​សម័យកាល​ UNTAC មក​នោះ។ ការ​បង្ក្រាប​នៅ​ពេល​បច្ចុប្បន្ន​នេះ នាំ​ឲ្យ​មាន​អារម្មណ៍​មួយ​ថា​ វា​មិន​អាច​ចៀស​ផុត​ពី​ស្ថានការណ៍​ដូច​ពី​ពេល​មុន​បាន​ឡើយ។ បច្ចុប្បន្ន​ គឺ​ឆ្នាំ​២០១៧​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​មួយ​ដែល​មាន​គណបក្ស​តែ​មួយ​ ដឹកនាំ​ដោយ​ក្រុម​តែ​មួយ​ស្ទើរនឹង​ដូចគ្នា​នឹង​ក្រុម​មនុស្ស​ដែល​បាន​កាន់អំណាច​តាំងតែ​ពី ចាន់ស៊ី នៅ​វ័យ​ជា​កុមារ​ម៉េ្លះ។

សារព័ត៌មាន​ The Cambodia Daily គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​អន្តរាគមន៍​ដែល​មាន​វត្តមាន​ចាប់​តាំង​ពី​ក្នុង​សម័យកាល​ UNTAC និង​ពេលក្រោយ​បន្ទាប់មក​ទៀត។ សារព័ត៌មាន​នេះ​ ជា​កា​សែត​មាន​ទំហំ​តូច​បង្កើត​ឡើង​ដោយ​លោក​ Bernie Krisher អតីត​អ្នកកាសែត​សរសេរ​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី Newsweek។ លោក​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​កាសែត និង​ចូលចិត្ត​ធ្វើអ្វី​ប្រញាប់ប្រញាល់​ ហើយ​ក៏​ជា​ចាស់ទុំ​មួយ​រូប​ដែល​ជឿ​លើ​មនោគមវិជ្ជា​ដែល​នាំ​ធាតុ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​សង្ឃឹមថា​ធាតុ​នេះ​នឹងចាក់​ឫស​ចាក់​គល់​ និងប្រឹង​លូតលាស់​ដោយ​ខ្លួន​ឯង​បន្ត​ទៅ​មុខ​ទៀត។

សារព័ត៌មាន​ The Cambodia Daily គឺ​ជា​បេសកកម្ម​ការងារ​ដែល​មាន​លក្ខណៈ​បរទេស​យ៉ាងច្បាស់​លាស់ គឺ​បង្កើត​សារព័ត៌មាន​ដែល​សេរី​មួយ​ប្លែក​ពី​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ថានភាព​ព័ត៌មាន​ក្នុង​ប្រទេស​នេះ គឺ​ស្ទើរ​តែ​គ្រប់​ប្រភព​ព័ត៌មាន​ត្រូវ​ធ្វើ​ឡើង​តម្រូវ​ទៅ​តាម​ក្រុម​ណា​មួយ​ ឬ ក្រុម​ផ្សេង​ទៀត។ ចាប់តាំង​ពី​ការ​កកើត​មក​ កាសែតThe Cambodia Daily បាន​ដំណើរការ​ច្រើន​ណាស់​ដែរ ច្រើន​ជាង​ថាមភាព​ និង​ឆន្ទៈ​ដ៏​មុតមាំ​របស់​លោក​ Bernie ដែល​នៅ​តែ​រីករាយ ឬ​ឈ្មុសឈ្មុល​រាល់​ឧបសគ្គ​ទាំងអស់។

ខ្ញុំ​ចូល​ធ្វើការ​ឲ្យ​សារព័ត៌មាន​The Cambodia Daily នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០០៩​ ហើយ​ចាប់ផ្ដើម​ចាប់​អារម្មណ៍​ពីភាពរាយប៉ាយ​ និង​ស្ថានភាព​ស្ថាប័ន​ការងារ​ប្រៀប​ដូចជា​មិនមែន​ស្ថាប័ន​មួយ​នេះ បើ​ទោះ​ជា​ខ្ញុំ​ប្រឹង​រំងាប់ចិត្ត​នឹង​រឿងរ៉ាវ​ដែល​មិន​សមស្រប​ និង​ភាពអយុត្តិធម៌​នានា​យ៉ាងណា​ក៏ដោយ។ ខ្ញុំ​ស្រឡាញ់​ភាពក្លាហាន​មោះមុត​របស់​មិត្ត​រួម​ការងារ​ជនជាតិ​ខ្មែរ​ បើ​ទោះ​ជា​ពួកគេ​មិន​ចូលចិត្ត​សំញែង​ភាព​វ័យ​ឆ្លាត​របស់​ពួកគេ ហើយនឹង​ការនិយាយ​លេង​សើចបែប​លេបខាយ​ដែល​មិនអាច​កើត​មាន​នៅ​កន្លែង​ធ្វើការ​របស់​ជនជាតិ​អាមេរិក​ក៏ដោយ​ ដូចជា​ពាក្យ​និយាយ​ត្រង់ៗ​ថា អ្នក​ឯង​ធាត់ ជាដើម។ ពួកគេ ត្រូវ​ជិះ​ម៉ូតូ​រាប់​ម៉ោង​តាម​ផ្លូវ​ដី​ហ៊ុយ​ ដើម្បី​ស្វែងរក​ព័ត៌មាន ប៉ុន្តែ​ពួកគេ​នៅ​តែ​មក​ដល់​ការិយាល័យ​ធ្វើការ​ ត្រឹម​ពេល​បាយ​ថ្ងៃត្រង់​ ដោយ​យក​បាយ​ និង​សម្ល​ត្រី​មកហូប​ជុំ​គ្នា​ជាមួយ​មិត្ត​រួម​ការងារ។ ជា​ធម្មតា​ អ្នករាយការណ៍​ព័ត៌មាន​ចូល​ថ្មី​ ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​ស្វែង​យល់​ពី​ខ្លឹមសារ​រួម​នៃ​ការ​ស្រង់​សម្ដី​ដើម​របស់​ប្រភព​និង​សាច់​រឿង​ដែល​ពួកគេ​ចង់​សរសេរ។ ប៉ុន្តែ ពួកគេ​ទាំង​នោះ​បាន​ប្រឹងប្រែង​ពុះពារ​ខ្លាំង​ណាស់​ដើម្បី​សម្រេច​បាន​ជោគជ័យ​ ដូចជា​ការ​សរសេរ​អ្វី​ដែល​ថ្មីៗ​និង​ព័ត៌មាន​ពិត​ទៅ​កាន់​ពិភពលោក។

ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ​ សារព័ត៌មាន​នេះ ដូច​ការ​ចូល​អន្តរាគមន៍​ពី​បរទេស​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជាដែរ មាន​ការខុសឆ្គង។ យើង​ទាំង​អស់​គ្នា​ដែល​ជា​ជនបរទេស​ទទួល​បាន​ប្រាក់ខែ​ទាប ប៉ុន្តែ​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​ ទទួល​បាន​ប្រាក់ខែ​ ​រឹតតែ​ទាប​ជាង​ពួក​យើងទៀត។ លោក​ Bernie ខ្លួន​លោក​ផ្ទាល់​ អាច​ត្រូវ​បាន​គេ​ចាត់​ថា​ជា​មនុស្ស​ចិត្តល្អ​ខ្លាំង​ណាស់​ បើ​ទោះ​ជា​លោក​ជា​មនុស្ស​ក្រអឺតក្រទម​ក៏ដោយ។ ពេលខ្លះ​ លោក​តឹងតែង​ សូម្បីតែ​រឿង​ប្រើ​ក្រដាស​បង្គន់។ លោក​ចង់​ជ្រើសរើស​ ឬ​បណ្ដេញ​បុគ្គលិក​តាម​តែ​ចិត្ត​លោក​ចង់​ បង្គាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​បែក​ពី​មិត្ត​ស្រី​របស់​ខ្លួន។ លោក​កាត់ប្រាក់ខែ​បុគ្គលិក​ពេល​បុគ្គលិក​គ្រាន់តែ​ប្រព្រឹត្ត​សកម្មភាព​ដែល​មើល​ទៅ​មិន​ធ្ងន់ធ្ងរ​សោះ​ ដូចជា​អង្គុយ​នៅ​លើ​កៅអី​ដែល​លោក​ទុក​ឲ្យ​អ្នក​ដែល​លោក​ចូលចិត្ត​ ដែលកម្រ​បង្ហាញ​មុខ​នៅ​កន្លែង​ធ្វើការ​ជាដើម។ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ជន​ជាតិខ្មែរ ​មាន​បំណង​បង្កើត​សហជីព​ លោក​បាន​បំបែក​ការ​ជួប​ជុំ​របស់​ពួកគេ​ដោយ​ជ្រើសរើស​បុគ្គលិក​ខ្មែរ​ថ្មី ពី​កន្លែង​ធ្វើការ​ផ្សេង​របស់​លោក​ឲ្យ​ចូល​មក​ធ្វើការ។ លោក​មិន​ខ្វល់​នោះ​ទេ បើ​ទោះ​ជា​អ្នក​ថ្មី​នោះ​ មិនមែន​ជា​អ្នក​មាន​វិជ្ជាជីវៈ​សារព័ត៌មាន​ក៏ដោយ។

ក្នុង​ចំណោម​អ្នកថ្មី​ទាំងនោះ​ ក៏​មាន​ លោក ចាន់ស៊ី​ មួយ​រូប​ផងដែរ​ ដែល​កាល​ពី​មុន​លោក​គឺជា​គ្រូបង្រៀន ក្រោយ​ពី​បាន​រៀន​ភាសា​អង់គ្លេស​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ។ វា​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ គឺ​មណ្ឌល​កុមារ​កំព្រា​នោះ ឧបត្ថម្ភ​ដោយ​លោក​ Bernie។ លោក ចាន់ស៊ី នៅ​ចាំ​មិន​ភ្លេច​អំពី​ការភិតភ័យ​របស់​លោក​នៅ​ពេល​ដែល​គេ​ហៅ​លោក​ចេញ​ពី​ផ្ទះ​ដ៏​តូច​ក្នុង​តំបន់​ជនបទ​វិញ ដែល​ជា​កន្លែង​ភរិយា​លោក​ប្រកបរបរ​លក់​ពងមាន់​ ពង​ទា​ និង​សាំង​ក្នុង​តូប​ជាប់​មាត់​ផ្លូវ ដើម្បី​មក​ជួប​ប្រជុំ​នៅ​សណ្ឋាគារ​ទំនើប InterContinental ក្នុង​រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​គេ​ប្រាប់​ដោយ​ខ្លី​ថា ឥឡូវនេះ​លោក​លែង​ជា​គ្រូបង្រៀន​ទៀត​ហើយ គឺ​ជា​អ្នក​សារព័ត៌មាន​វិញ។ លោក​មិន​ទាំង​បាន​ដឹង​ថា អ្នកសារព័ត៌មាន​ធ្វើ​អ្វី​ខ្លះ​ផង។

សម្រាប់​ខ្ញុំ​ រឿងរ៉ាវ​បែបនេះ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រញ៉េរញ៉ៃ​នៃ​សារព័ត៌មាន​ The Cambodia Daily។ ប៉ុន្តែ​សារព័ត៌មាន​មួយ​នេះ​ ក៏​មាន​ផ្នែក​មួយ​ចំនួន​អស្ចារ្យ​ផង​ដែរ។ ខ្ញុំ​មាន​ការអាក់អន់ចិត្ត​ចំពោះ​ការខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ Bernieក្នុង​ការ​កសាង​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ​ ឬ និរន្តរភាព​របស់​វា​ ប៉ុន្តែ​រឿង​ទាំង​នេះ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ខ្ញុំ​អាក់អន់ចិត្ត​ខ្លាំង​ជាង​បុគ្គលិក​រួម​ការងារ​ជាមួយ​ខ្ញុំ។ ជីវិត​របស់​ពួកគេ ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ក្រោម​របប​បុគ្គល​ផ្ដាច់ការ​អាត្មានិយម​ លោភលន់​ ដែល​ពួកគេ​អាច​នឹង​គិត​ថា កំហឹង​របស់ខ្ញុំ​ ជារឿង​ចម្លែក​ណាស់ ទៅវិញ។ រហូត​មក​ទល់ថ្ងៃ​នេះ​ លោក ចាន់ស៊ី​ ចាត់​ទុក​លោក​ Bernie ដែល​កំពុង​តែ​ជរា​ហើយ​ឈឺ​ និង​មិន​បាន​មក​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ជា​ឪពុក​ទី២​របស់​លោក​ និង​ជា​មនុស្ស​ដែល​ជួយ​ស្រោចស្រង់​លោក​ និង​ផ្ដល់​ជីវិត​ថ្មី​ដល់​លោក។ លោក ​ចាន់ស៊ី​ បាន​និយាយ​ថា៖

«ខ្ញុំ​ស្មោះ​ត្រង់​នឹង​លោក Bernieជា​រៀង​រហូត»។

ការ​ចាក់​ឫស​ដ៏​ជ្រៅ​នៃ​ទម្លាប់​អាង​ខ្នង​ ឬ បណ្ដាញ​ចាក់ស្រេះ​នៃ​ភាពស្មោះត្រង់​ និង​ការការពារ​គ្នា​ទៅវិញ​ទៅមក ដែល​បង្កើត​ឡើង​ដោយ​លោក​ Bernie គឺជា​មូលហេតុ​មួយ​ដែល​សារព័ត៌មាន​ Daily អាច​មាន​អាយុកាល​រហូត​ដល់​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ការណ៍​នេះ​ ក៏​ប្រហែល​ជា​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​កាសែត​នេះ​ដែរ ពេល​ដែល​លោកBernie ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ នៅ​ពេល​ដែល​លោក​បាន​ផ្ទេរ​ភារកិច្ច​នៃ​ការគ្រប់គ្រង​សារព័ត៌មាន​មួយ​នេះ​ ទៅ​ឲ្យ​កូន​ស្រី​របស់​លោក។ តាម​ចក្ខុវិស័យ​ និង​ទំនាក់ទំនង​បែប​បុគ្គល​របស់​លោក​ Bernie ជារឿយៗ លោក​ធ្វើ​ហាក់​ដូចជា​ ការងារ​ពាក់ព័ន្ធ​នឹង​ឯកសារ​ និង​នីតិវិធី​ អាច​មាន​គ្រោះ​ថ្នាក់​តិច​ណាស់។ ទឹកប្រាក់​៦,៣ លាន​ដុល្លារ​ដែល​ត្រូវ​បង់​ពន្ធ​ ដូចជា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក​ ពីព្រោះ​សារព័ត៌មាន​ Daily ស្ទើរ​តែ​មិន​ដែល​ទទួល​ប្រាក់​ចំណេញ​សោះ​ឡើយ។ វា​ក៏​ជា​ការពិត​ដែរ ​ដែល​ថា​ក្នុង​រយៈពេល​ភាគច្រើន​នៃ​ប្រតិបត្តិការ​សារព័ត៌មាន​នេះ​ កាសែត​នេះ មិន​បាន​បង់ពន្ធ​ ហើយ​ក៏​មិន​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន ឬ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ។ កាសែត​នេះ បាន​កេង​ចំណេញ​ក្នុង​របប​ដឹកនាំ​ដែល​មិន​សូវ​ពឹង​ច្បាប់​ទម្លាប់​របស់​កម្ពុជា​មួយ​នេះ ទោះជា​អ្នកសារព័ត៌មាន​នៃ​ស្ថាប័ន​នេះ ​បាន​សរសេរ​រិះគន់​របប​បែប​នេះ​ជា​សាធារណៈ​ក៏ដោយ។ ក្នុង​ឆ្នាំ​១៩៩៩ លោក​ Bernie បាន​ប្រាប់​ទស្សនាវដ្ដី​ Wired ថា៖

«ពេលខ្លះ​ ខ្ញុំ​មាន​ចរិត​ដូចជា​ជន​ផ្ដាច់ការ​ដែល​ជឿជាក់​លើ​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ មិន​បាន​អនុវត្ត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សោះ​ឡើយ»។

សារ​ព័ត៌មាន​មួយ​នេះ ក៏​ដូច​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ គឺ​មាន​លក្ខណៈ​ដូចជា​នឹង​រដ្ឋ​មួយ​ដែល​វិល​ទៅ​វិល​មក។

បើ​ទោះ​ការ​ជ្រើសរើស​លោក ចាន់ស៊ី​មក​ធ្វើការ ​ជា​រឿង​មិន​សមស្រប​ (ហើយ​អាច​ជា​រឿង​ខុសច្បាប់​ក៏​ថា​បាន) ក៏​លោក ចាន់ស៊ី​ បាន​ពុះពារ​ប្រឹងប្រែង​ធ្វើការ​សម្រាប់​សារព័ត៌មាន​ Daily ។ បើ​តាម​គំនិត​របស់​លោក​ Bernie ដើម្បី​ក្លាយ​ជា​អ្នកសារព័ត៌មាន​ល្អ​ម្នាក់ គឺ​ការយល់ដឹង​អំពី​ពិភពលោក និង​ភាពស្មុគស្មាញ​ក្នុង​ពិភពលោក​ មាន​សារៈសំខាន់​ ជាង​ការបណ្តុះបណ្តាល​និង​បទពិសោធន៍។ ដំបូង​ឡើយ​ លោក ចាន់ស៊ី​ សរសេរ​ព័ត៌មាន​ភាគច្រើន​អំពី​អ្វី​ដែល​លោក​ដឹង​យ៉ាង​លម្អិត​ ដូចជា​រឿង​ទឹកជំនន់​ គ្រោះ​រាំងស្ងួត​ ដីធ្លី​និង​ស្រូវ​អង្ករ​ជាដើម។ បើ​ទោះជា​បុគ្គលិក​ជនជាតិ​ខ្មែរ​ដទៃ​ទៀត​ មើល​ឃើញ​ថា លោក​ជា​មនុស្ស​មិន​សូវ​មាន​បទពិសោធន៍​ និង​ដឹង​ជ្រៅជ្រះ​ក៏ដោយ​ ក៏​លោក​នៅតែ​ខំ​ធ្វើការ​ និង​រៀន​សូត្រ​បន្ថែម​ទៀត។ របៀប​សរសេរ​ភាសា​អង់គ្លេស​របស់​លោក មាន​លក្ខណៈ​ច្របូកច្របល់​ប៉ុន្តែ ល្អ។ ជារឿយៗ យើង​បាន​យក​អត្ថបទ​ព័ត៌មាន​របស់​លោក​ឲ្យ​មិត្ត​រួម​ការងារ​មើល​ ហើយ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​វា​ដូច​ជា​កំណាព្យ​ទៅ​វិញ។ អត្ថបទ​ព័ត៌មាន​ដែល​លោក​សរសេរ​ មាន​លក្ខណៈ​វែង និង​មាន​គំនិត​ទូលាយ​ច្រើន។ ខ្ញុំ​នៅ​តែ​តាម​ដាន​លោក​ ពេល​លោក​កាន់​តំណែង​ជា​និពន្ធ​នាយក​បោះពុម្ព។ លោក​ចាប់ផ្ដើម​មាន​ទូរស័ព្ទ​ទំនើប​ប្រើ​ជាលើកដំបូង​ និង​ចាប់ផ្ដើម​រៀន​ចង់​ដឹង​ចង់​ឮ​ពី​រឿង​ក្នុង និង​ក្រៅ​កន្លែង​ធ្វើការ។ អត្ថបទ​ដែល​លោក​សរសេរ​ ជាពិសេស​ការផ្ដោត​លើ​ការ​ច្បាម​យក​ដីធ្លី​ពាស​វាល​ពាស​កាល​ក្នុង​ទីក្រុង​របស់​បក្សពួក​លោក​ហ៊ុន សែន​ បាន​ចាប់ផ្តើម​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជាក់​ស្ដែង​ ប៉ុន្តែ​សូម្បី​តែ​មក​ដល់​ពេល​នេះ ​លោក​នៅ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​និយាយ​យ៉ាង​ច្បាស់​អំពី​តួនាទី​របស់​លោក​ក្នុង​នាម​ជា​អ្នកកាសែត។ លោក​បាន​និយាយ​ថា៖

«យើង​មិនមែន​ជា​ចៅក្រម​ទេ​ យើង​មិនមែន​ជា​រដ្ឋាភិបាល​ទេ​ ដូច្នេះ​យើង​មិន​អាច​កាត់​ក្ដី​រឿង​មនុស្ស​ណា​មួយ​ឡើយ​ ពេល​ដែល​លោកអ្នក​មាន​បញ្ហា។ យើង​មិនអាច​កំណត់​ថាអ្នក​ណា​ឈ្នះ​ ឬ​អ្នក​ណា​ចាញ់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​ គឺ​បោះពុម្ពផ្សាយ​អត្ថបទ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ សង្គម​ និង​រដ្ឋាភិបាល​ ហើយ​លោកអ្នក​អាច​ដឹងឮ​រឿង​នោះ»។

អ្វីៗ បាន​ផ្លាស់ប្ដូរ​ទៅ​តាម​ពេលវេលា។ ជាពិសេស​ ប្រព័ន្ធ​អ៊ីនធឺណិត​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សេរីភាព​ និង​មាន​លក្ខណៈ​បើកចំហ​ច្រើន​ជាង​មុន។ ក្នុង​ឆ្នាំ២០០៩​ ការទាក់ទង​ជាមួយ​ប្រភព​ព័ត៌មាន​នៅ​តំបន់​ដាច់​ស្រយាល ​មាន​លក្ខណៈ​ពិបាក​ខ្លាំង។ ពេល​ខ្លះ អ្នកកាសែត​អាច​ទាក់ទង​ជាមួយ​ពួកគេ​បាន​ត្រឹមតែ​រយៈពេល​មួយ​ភ្លែត​ នៅ​ពេល​ដែល​ពួកគេ​អាច​ខ្ចី​ទូរស័ព្ទ​ពី​អ្នក​ផ្សេង​បាន។ ពេល​ខ្លះ​ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​យើង​ដើម្បី​ចែក​រំលែក​ព័ត៌មាន​របស់​ពួកគេ។ អ្នករាយការណ៍​ព័ត៌មាន​ទទួល​ប្រាក់​ខែ​ជា​សាច់ប្រាក់​ក្នុង​ស្រោម​សំបុត្រ​ដែល​ផ្ញើ​តាម​អ្នក​បើក​រថយន្ត​ក្រុង​ទៅ​តាម​ខេត្ត​នានា​ ហើយ​សង្ឃឹម​ថា ស្រោម​សំបុត្រ​នោះ​ បាន​ទៅ​ដល់​អ្នក​ទទួល​ ដោយ​មិន​រហែក។ មក​ទល់​នឹង​ពេល​ដែល​សារព័ត៌មាន​Daily បិទ​ លោក ចាន់ស៊ី​ ជា​រឿយៗ​ បាន​ទាក់ទង​ក្រុម​សកម្មជន​ព្រៃឈើ​តាម​រយៈ​ការ​ផ្ញើ​សារ​ឆ្លើយឆ្លង​ក្នុង​ App និង​ការ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តាម​រយៈ​បណ្ដាញ​ទូរស័ព្ទ។ នៅ​ដើម​ឆ្នាំនេះ​ នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​អំពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឲ្យ​សារព័ត៌មាន​ The New York Times ខ្ញុំ​ដូច​ជាមាន​អារម្មណ៍​សុទិដ្ឋិនិយម​ចំពោះ​របៀប​ដែល​ប្រទេស​មួយ​នេះ បានផ្លាស់ប្ដូរ។ ព័ត៌មាន​អំពី​ការបោះឆ្នោត​ផ្សព្វផ្សាយ​បាន​រហ័ស​ និង​ទូលំ​ទូលាយ។ គណបក្ស​ប្រឆាំង​បែប​ប្រជាធិបតេយ្យ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១២​ បាន​ទទួល​សំឡេង​យ៉ាង​ច្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ គឺ​បាន​ឈ្នះ​ជាង​៣០​ភាគរយ​នៃ​អាសនៈ​រដ្ឋសភា។ មនុស្ស​ជាច្រើន​ជឿជាក់​ថា គណបក្ស​ប្រឆាំង​អាច​ផ្ដួល​លោក ​ហ៊ុន សែន​ ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​នៅ​ឆ្នាំ​ក្រោយ។

ការ​ទទួល​បាន​សំឡេង​ឆ្នោត​ដ៏​ច្រើន​បែប​នេះ​ ត្រូវ​បាន​បង្អាក់​តាមរយៈ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​ការរិះគន់​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ក្នុង​រយៈពេល​២ទសវត្សរ៍​នេះ។ ក្រៅពី​ការ​បិទ​សារព័ត៌មាន​ Daily វិទ្យុ​អាស៊ី​សេរី​ (RFA) ក៏​ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) ក៏​កំពុង​ស្ថិត​ក្រោម​ការគំរាមកំហែង​ពី​ស្ថាប័ន​ពន្ធ​ដារ ហើយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។ ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​ចំនួន​១៩​ ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ការ​ផ្សាយ​ ដែល​ជា​ការ​ផ្ដាច់​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​តំបន់​ជនបទ​ភាគ​ច្រើន។ ប្រធាន​គណបក្សប្រឆាំង​ ត្រូវ​បាន​ចាប់ខ្លួន​ទាំង​កណ្ដាល​យប់​ជ្រៅ​ស្ងាត់​កាល​ពី​ថ្ងៃ​ទី៣​ ខែ​កញ្ញា​ ដោយ​គ្មាន​ដីកា​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ពន្ធនាគារ​មួយ​ដែល​មាន​សន្តិសុខ​យាម​កាម​យ៉ាង​តឹងរ៉ឹង​បំផុត​នៅ​តំបន់​ដាច់​ស្រយាល។ លោក​ កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ទី​នោះ​ ដោយ​រង​ការ​ចោទ​ពី​បទ​ចូលរួម​ក្នុង​ផែនការ​សម្ងាត់​ក្បត់​ជាតិ​ចូល​ដៃ​ជាមួយ​រដ្ឋាភិបាល​អាមេរិក។ ព្រឹត្តការណ៍​ទាំងអស់​នេះ​ បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​យ៉ាង​គួរឲ្យ​ភ័យ​ខ្លាច។

ទោះបី​ជា​យុទ្ធ​វិធី​បែប​នេះ​ភាគច្រើន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឆាកល្ខោន​របស់​លោក ហ៊ុន​ សែន​ក្នុង​ការ​បង្ក្រាប​ក៏ដោយ​ ក៏​ការ​បង្ក្រាប​នានា​នៅ​ពេល​ថ្មីៗ​នេះ​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ និង​អ្នកនយោបាយ​ប្រឆាំង បាន​រីក​រាលដាល ហើយ​ការបង្រ្កាប​នេះ ក៏​បាន​ដាស់​អារម្មណ៍​ និង​ដួង​ចិត្ត​មនុស្សម្នា​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​បរទេស ប្រហែលជា​ដោយសារ​វិធានការ​ទាំងនេះ ហាក់ដូចជា​កំណត់​ពី​អវសាន​នៃ​រយៈពេល​២៥ឆ្នាំ​នៃ​ការ​មាន​សន្តិភាព​ ភាពរីកចម្រើន​និង​សេរី​ជាង​មុន​ បើ​ទោះ​ជា​នៅ​មានបញ្ហាជាច្រើន​ក៏ដោយ។ ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ និង​ឆ្នាំ​២០០០​ គឺជា​រយៈកាល​ដែល​សម្បូរ​ដោយ​រឿង​ឃាតកម្ម​ ការ​ជះ​ទឹក​អាស៊ីត​ អំពើ​ពុករលួយ​ដ៏​ធំធេង​ និង​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា ប៉ុន្តែ​រឿង​ទាំងអស់​នោះ យើង​អាច​ពន្យល់​បកស្រាយ​ថា វា​ជា​សំណល់​តាំងពី​អតីតកាល​ដ៏​បង្ហូរ​ឈាម​ជាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ បញ្ហា ដែល​លេច​ឡើង​ក្នុង​ពេល​នេះ គឺ​ជា​បញ្ហា​បច្ចុប្បន្ន​ និង​អនាគត ដែល​មាន​ទំនាក់ទំនង​នឹង​សកលភាវូបនីយកម្ម​ និង​ការងើប​ឡើង​របស់​ចិន ហើយ​និង​វិធីសាស្ត្រ​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន​ផ្ទាល់ ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ នៅ​ពេល​ដែល​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ​ បាន​ចាប់​ផ្ដើម​ថមថយ។

ប្រទេស​កម្ពុជា​ បាន​ងើប​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម​ក្នុង​រយៈពេល​២ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​លំហូរ​ជំនួយ​ពី​បស្ចិមប្រទេស នឹង​ថយ​ចុះ​យ៉ាងខ្លាំង​នៅពេល​ឆាប់ៗ។ ក៏ប៉ុន្តែ​ រដ្ឋាភិបាល​ចិន បាន​ប្រកាស​ខ្លួន​រួច​ជាស្រេចថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​ដើម្បី​ភាពរីកចម្រើន​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​កំណត់​យ៉ាង​ច្បាស់​ថា​ ប្រាក់​ជំនួយ​របស់​ខ្លួន​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ លើកលែងតែ​ភាព​ស្មោះ​ត្រង់​មួយ​គត់។ (ក្នុងចំណោម​ម្ចាស់​ជំនួយ​ធំ​ៗ​របស់​ប្រទេស​កម្ពុជា​ មានតែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មួយ​គត់​ដែល​បង្ហាញ​ការ​គាំទ្រ​លើ​ការ​គាបសង្កត់របស់​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​សព្វថ្ងៃនេះ)។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ឱកាស​ថ្មី ក៏​កើត​មាន​សម្រាប់​ប្រជាជន​ធម្មតា​តាមរយៈ​ការ​កើន​ឡើង​ទ្រព្យសម្បត្តិនិង​លទ្ធភាព​នៃ​ការ​ដើរ​ហើរ​កាន់​តែ​ច្រើន​ឡើង។ ការ​ចងចាំពីសម័យកាល​សង្គ្រាម​ និង​ការ​ខ្វះមុខ​ខ្វះក្រោយ បាន​ថមថយ​ហើយ​បាន​ធ្វើឲ្យ​ប្រជាជន​ស្រេក​ឃ្លាន​ចង់​បាន​ជម្រើស​នយោបាយ​ដ៏​ពិតប្រាកដ​មួយ។ ស្ថានភាព​បែបនេះ​ ហាក់​ដូចជា​បាន​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន នៅ​មិន​ស្ងៀម​ ទោះជា​ស្ថានភាព​បែបនេះ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជ័យជំនះ​របស់​លោក​ក៏ដោយ។

រហូត​មក​ដល់​ពេល​នេះ​ ស្ថានភាព​នេះ​ ​បាន​បង្ហាញ​រូបភាព​យ៉ាង​ច្បាស់​ថា លោក​ហ៊ុន សែន គិត​ថា រាល់​អ្វី​ដែល​ប្រឆាំង​នឹង​នយោបាយ​របស់​លោក គឺ​ស្មើ​នឹង​ទោស​ក្បត់​ជាតិ។ ការ​ថ្លែង​សន្ទរកថា​ពាសវាល​ពាសកាល​រាប់​ម៉ោង​ ដែល​ជា​ទម្លាប់​របស់​លោក​ទៅ​ហើយ​ ដែលរំលេច​ពី​ការ​គំរាម​បំភិត​បំភ័យ​ និយាយ​កំប្លែង​លេង​សើច និង​ធ្វើ​សេចក្ដី​ប្រកាស​ផ្សេងៗ​ដែល​មាន​អានុភាព​ជា​ច្បាប់​ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មាន​ជំនឿ​ថា ខ្លួន​ឯង​ និងគណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ ហើយ​នឹង​ប្រទេស​កម្ពុជា​ គឺ​ជា​របស់​តែ​មួយ​ដដែល​ និង​គ្មាន​នរណាអាច​រំលោភ​បំពាន​បាន​ឡើង។ ដោយ​មិន​ខ្វល់​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ និង​ឆ្នាំ២០២៣​ នោះ​លោក ហ៊ុន សែន​ បាន​ប្រកាស​ថា លោក​មាន​បំណង​ដឹកនាំ​ប្រទេស​នេះ​យ៉ាង​តិច​បំផុត​១០​ឆ្នាំ​ទៀត។ លោក​បាន​ថ្លែង​ចំអក​ដល់​អ្នក​ដឹក​នាំ​ផ្សេងទៀត​ក្នុង​ពិភពលោក​ថា៖

«តើ​អ្នក​កំពុង​ច្រណែន​នឹង​ខ្ញុំ​ឬ?»

ស្រប​ពេល​ដែល​មិន​មាន​កាសែត​តទៅ​ទៀត លោក ចាន់ស៊ី និង​អតីត​មិត្ត​រួម​ការងារ​របស់​លោក​ បាន​ចែក​រំលែក​សាច់រឿង​ និង​ព័ត៌មាន​ពី​រឿងរ៉ាវ​នៃ​ការ​បង្ក្រាប​នេះ​តាមរយៈ​ការ​ឆ្លើយឆ្លង​សារ​ឆ្លងឆ្លើយ​ជា​ក្រុម​ឯកជន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​ពួក​គេ​ដាក់​ឈ្មោះ​ថា​ Ladies Men ដែល​ជា​ការ​ដាក់​ឈ្មោះ​ក្នុង​ន័យ​ចំអក​ខ្លួន​ឯង។ សព្វថ្ងៃ​នេះ​ ព័ត៌មាន​ត្រូវ​បាន​ដឹង​ឮ​មុន​គេ​នៅ​ក្នុង​ក្រុម​ Ladies Men នេះ​ឯង។ នៅ​ពេល​ដែល​ខ្ញុំ​ចង់​ដឹង​ពី​ស្ថានភាព​នយោបាយ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុម​នេះ។ មិន​មាន​អ្វី​មួយ​ដែល​គួរឲ្យ​តូច​ចិត្ត​ជាង​នេះ​ទៀត​ទេ គឺ​ថា ក្រុម​អ្នក​សារព័ត៌មាន​ដ៏​ពូកែ​បំផុត​ក្នុង​ប្រទេសនេះ កំពុង​តែ​គាស់​កកាយ​ព័ត៌មាន​ និង​បញ្ជូន​ព័ត៌មាន​ទាំងនោះ​ក្នុង​រង្វង់​មួយ​បិទ​ជិត​ និង​អាច​អាន​បាន​ត្រឹម​តែ​មនុស្ស​ក្នុង​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាត់បង់​ការងារ​តែ​ប៉ុណ្ណោះ។

នៅក្រោម​បរិយាកាស​ជជែក​ជា​លក្ខណៈ​ឯកជន​បែប​នេះ មាន​ការ​ភ័យ​បារម្ភ​ពី​អនាគត​នៃ​ស្ថានការណ៍​កំពុង​កើត​ឡើង​នេះ​សម្រាប់​មនុស្ស​ជំនាន់​នេះ ដែល​ភ័យខ្លាច​ក្រែង​លោ​ស្ថានការណ៍​នឹង​ប្រែក្លាយ​អាប់អួ​ម្ដង​ទៀត។ មិត្ត​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​កាសែត Daily បាន​សរសេរ​សារ​យ៉ាង​ក្រៀម​ក្រំ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «តោះ កន​យើង ​ត្រឡប់​ទៅ​ធ្វើ​ស្រែ​ចម្ការ​វិញ ម៉េចដែរ?»។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ បាន​ចុច​ likeលើ​សារ​នោះ ដែល​ជា​សារ​មិន​អាច​រំលង​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ឡើយ។

លោក ចាន់ស៊ី​ នៅតែ​និយាយ​ពី​រឿង​បោះបង់​ចោល​អាជីព​អ្នកកាសែត ហើយ​ត្រឡប់​ទៅដាំ​ដំឡូង​នៅ​ស្រុក​វិញ​ ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា នឹង​ធ្វើ​ដូច្នេះ​ទេ។ លោក​លែង​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​អ្នក​ស្រុក​ស្រែ​ ត​ទៅ​ទៀត​ហើយ ចាប់តាំង​ពី​ពេល​ដែល​លោក​ បាន​ចាកចេញ​ពី​ស្រុក​កំណើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ និង​បាន​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​របស់​លោក Bernie។ ដូច្នេះ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូចជា​បរាជ័យ​ដ៏​ច្បាស់​ក្រឡែត​នៃ​ការ​អន្តរាគមន៍​របស់​បស្ចិមប្រទេស​ក្នុង​ប្រទេស​កម្ពុជា​ អាច​នឹង​ក្លាយ​ជា​ជោគ​ជ័យ​ដ៏​ធំធេង​មួយ​ទៅ​វិញ។ ស្ថាប័ន​សារព័ត៌មាន​ មិន​ស្ថិតស្ថេរ​ ឬ​មិន​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ស្ថិរភាព​មែន ប៉ុន្តែ ធនធាន​អ្នក​សារ​ព័ត៌មាន មាន​ស្ថិរភាព។ យើង​បាន​ដឹងរឿង​ទាំងអស់​នេះ​ក្នុង​ក្រុម Ladies Men ដែល​ការណ៍​នេះ ជំរុញ​ឲ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ និង​ការបង្ហោះ​បញ្ចេញ​ទៅ​ពិភព​ខាង​ក្រៅ​មិន​ងាយ​បាត់បង់​ឡើយ។ បើ​ទោះ​ជា លោក ចាន់ស៊ី​ មិន​មាន​រឿង​ត្រូវ​សរសេរ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​តាម​ដាន​មើល និង​អាន​ព័ត៌មាន​ក្នុង​ទូរស័ព្ទ​ទំនើប​របស់​លោក​ដដែល។ កូនប្រុស​ និង​កូនស្រី​របស់​លោក​ នឹង​ធំ​ដឹង​ក្ដី​ក្នុង​ប្រទេស​មួយ​ដែល​ស្គាល់​ជីវិត​ដែល​មាន​សន្តិភាព ឬ ទូរស័ព្ទ​ទំនើប។ ពួកគេ​ដឹង​ថា​ពិភព​លោក​ធំ​ប៉ុណ្ណា៕

Julia Wallace​ គឺជា​អ្នកកាសែត​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ និង​ជា​អតីត​និពន្ធ​នាយក​សារព័ត៌មាន​ The Cambodia Daily ។

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

No comments: