Friday, 6 October 2017
ក្រុមមេធាវីនៃក្រសួងមហាផ្ទៃ យកភស្តុតាង២១កញ្ចប់ ទៅតុលាការកំពូលដើម្បីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ
ដោយ អេង គីមហុង, អ៊ឹម រចនា 06/10/2017 06/10/2017
rfi
អ្នកគាំទ្រជួបជុំនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ។
REUTERS
ក្រុមមេធាវីនៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកមេធាវី គី តិច បាននាំយកភស្តុតាងចំនួន២១កញ្ចប់ ទៅកាន់តុលាការកំពូលនៅថ្ងៃទី៦តុលានេះ ដើម្បីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។ ផ្អែកតាមមាត្រា៦ថ្មី និង មាត្រា៧ នៃច្បាប់គណបក្សនយោបាយ ក្រុមមេធាវីយល់ឃើញថា ភស្តុតាងទាំង២១កញ្ចប់របស់ក្រសួងមហាផ្ទៃ គឺគ្រប់គ្រាន់ដើម្បីឲ្យតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិដោយស្របច្បាប់។
កម្មវត្ថុសំខាន់នៃពាក្យណ្ដឹងរបស់ក្រសួងមហាផ្ទៃគឺសុំរំលាយគណបក្សសង្គ្រោះជាតិចោលតែម្ដង ដោយមិនជាប់ពាក់ព័ន្ធជាមួយ លោក កឹម សុខា ប្រធានគណបក្សនោះទេ។ ក្រៅពីប្ដឹងរំលាយគណបក្សហើយ មេធាវីក៏បានប្ដឹងព្យួរសកម្មភាពគណបក្សសង្គ្រោះជាតិរហូតដល់ទៅ៥ឆ្នាំ។ នេះបើតាមខ្លឹមសារពាក្យបណ្ដឹងរបស់មេធាវីទាំង៥រូបតំណាងឲ្យក្រសួងក្រសួងមហាផ្ទៃ។
មេធាវីតំណាងដោយអាណត្តិ លោក គី តិច ថ្លែងក្រោយដាក់ពាក្យបណ្ដឹងថា មេធាវីប្រមូលភស្តុតាំងចំនួន២១កញ្ចប់ដោយរួមមាន៖ សម្ដីផ្ទាល់ខ្លួនរបស់លោក កឹម សុខា និងវីដេអូឃ្លីបចំនួនបី ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិបានសហការនិងត្រូវបានគាំពារដោយបរទេស។ បើតាមលោក គី តិច ពាក្យបណ្ដឹងនៅពេលនេះ គឺផ្អែកទាំងស្រុងតាមមាត្រា៦ថ្មីពីរ និងមាត្រា៧នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក គី តិច និងមេធាវីពាក់ព័ន្ធមានជំនឿថា ភស្ដុតាងដែលមេធាវីដាក់ទៅតុលាការកំពូលនៅថ្ងៃសុក្រនេះ គឺគ្រប់គ្រាន់ ហើយរឹងមាំសម្រាប់ជាមូលដ្ឋាន ដែលតុលាការកំពូលអាចរំលាយគណបក្សសង្គ្រោះជាតិបានដោយស្របច្បាប់។
ជុំវិញបញ្ហានេះវិទ្យុបារាំងមិនអាចសុំការទាក់ទងពីគណបក្សសង្គ្រោះជាតិនៅឡើយទេ។
សូមបញ្ជាក់ថា ការចេញមុខប្ដឹងរបស់ក្រសួងមហាផ្ទៃនៅពេលធ្វើឡើងដោយផ្អែកលើពាក្យបណ្ដឹងរបស់គណបក្សនយោបាយចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា និងការស្រាវជ្រាវប្រមូលភស្តុតាងរបស់ក្រសួងមហាផ្ទៃ។
តាមរយៈលិខិតផ្ញើជូនក្រសួងមហាផ្ទៃ គណបក្សហ្វ៊ុនស៊ិនប៉ិចថា គេមិនអាចកាត់ផ្ដាច់ករណីលោក កឹម សុខា ជាបទល្មើសផ្ទាល់ខ្លួន ដោយទាត់ចោលការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិទាំងមូលបានទេ ពីព្រោះលោក កឹម សុខា បានផ្ដល់ព័ត៌មានដល់អ្នកចូលរួមនៅក្រៅប្រទេសក្នុងឋានៈជាមេដឹកនាំគណបក្សសង្គ្រោះជាតិ។
ចំណែកគណបក្សយុវជនកម្ពុជា ថាពាក្យសម្ដីលោក កឹម សុខា ដែលបានបែកធ្លាយនោះបង្ហាញថា គណបក្សសង្គ្រោះជាតិបានធ្វើការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលដៅធ្វើបដិវត្តពណ៌ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងសឺប៊ី។
ទាក់ទងនឹងសំណុំរឿងចាប់ខ្លួនលោក កឹម សុខា បច្ចុប្បន្ន មេធាវីការពារក្ដីបានប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលរួចហើយ ដើម្បីជំទាស់នឹងសាលដីការបស់សាលាឧទ្ធរណ៍ ដែលបន្តឃុំខ្លួនលោក កឹម សុខា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment