Khmer Circle: Would the Interior Ministry be as obliging had these other two parties requested the dissolution of the ruling CPP instead? ...
ដោយ អាស៊ីសេរី
2017-10-06
នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលថ្មីខេត្តកំពត នាសាលាខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។
RFA/Yang Chandara
មេធាវីចំនួន ៥នាក់តំណាងឲ្យក្រសួងមហាផ្ទៃ បានដាក់បណ្ដឹងទៅតុលាការកំពូលនៅថ្ងៃទី៦ ខែ តុលា នេះហើយ ដើម្បីស្នើសុំឲ្យតុលាការជាន់ខ្ពស់នេះ រំលាយគណបក្សសង្គ្រោះជាតិ។ការដាក់បណ្ដឹងនេះ នៅក្រោយពេលគណបក្សនយោបាយចំនួន ២ បានស្នើឲ្យក្រសួងមហាផ្ទៃ កម្ចាត់បក្សប្រឆាំងចេញពីឆាកនយោបាយ។
មកដល់ពេលនេះ មន្ត្រីមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ នៅរក្សាជំហរស្ងប់ស្ងាត់នៅឡើយ ចំពោះគម្រោងនៃការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ ដែលស្នើដោយក្រសួងមហាផ្ទៃ។
លោក គី តិច មេធាវីម្នាក់ក្នុងចំណោមមេធាវី ៤រូបផ្សេងទៀត ដែលតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែត ក្រោយដាក់បណ្ដឹងនៅតុលាការកំពូល កាលពីព្រឹកថ្ងៃទី៦ តុលា ថា ក្រុមមេធាវីរបស់លោក មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកប្រឆាំង និងគណបក្សសង្គ្រោះជាតិ។ មេធាវីដែលតែងការពារក្ដីឲ្យលោក ហ៊ុន សែន ហើយជាមេធាវីដែលពុំទទួលស្គាល់ពាក្យថា ចាញ់ក្ដីម្ដងណាឡើយ នៅក្នុងតុលាការ តទល់និងបក្សប្រឆាំង ព្រមទាំងក្រុមអ្នករិះគន់នោះ រំពឹងថា សំណុំរឿងដ៏សំខាន់មួយនេះ តុលាការនឹងផ្ដល់ភាពត្រឹមត្រូវ ហើយគណបក្សប្រឆាំងប្រាកដណាស់ ចៀសមិនផុតពីការរំលាយទេ។
គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានដាក់បណ្ដឹងមុនក្រោយគ្នាមួយថ្ងៃ កាលពីថ្ងៃទី៤ និង ថ្ងៃទី៥ តុលា ទៅក្រសួងមហាផ្ទៃ។ គណបក្សនយោបាយទាំងពីរនេះ បើទោះជាត្រូវរង់ការរិះគន់ថា ជាអ្នកនយោបាយ កូនអុករបស់លោក ហ៊ុន សែន ក្ដី ក៏រំពឹងថាបណ្ដឹងរបស់ខ្លួននេះ ក្រសួងមហាផ្ទៃនឹងជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីស្នើឲ្យរំលាយបក្សសង្គ្រោះជាតិ។
មិនខុសពីបំណងរបស់សម្ដេចរបស់ព្រះក្រុម នរោត្តម រណឫទ្ធិ ដែលរងការពេបជ្រាយថា ជាអ្នកនយោបាយតែងបរាជ័យគ្រប់ដំណាក់កាល និងលោក ពេជ្រ ស្រស់ ដែលបង្កើតបក្សនយោបាយដើម្បីតែដើរប្ដឹងនោះ នៅថ្ងៃទី ៦ តុលា ក្រសួងមហាផ្ទៃបានយោងលើពាក្យបណ្ដឹងរបស់គណបក្សនយោបាយទាំងពីរ និងភស្តុតាងផ្សេងទៀត ស្នើឲ្យតុលាការកំពូលរំលាយបក្សប្រឆាំងនេះ ចេញពីឆាកនយោបាយមែន។
លោក លឺ ឡាយស្រេង អតីតជាអ្នកនយោបាយកូតាគណបក្សហ៊្វុនស៊ិនប៉ិច តែងរិះគន់ចំពោះការសម្រេចចិត្តរបស់អ្នកនយោបាយទាំងពីរនេះជាបន្តបន្ទាប់។ លោកបដិសេធក្នុងការផ្ដល់យោបល់ ដោយចាត់ទុកថា ព្រោះប្រទេសកម្ពុជាសព្វថ្ងៃនេះ លែងមានច្បាប់ទម្លាប់ទៅហើយ។
លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ តុលា បានប្រគល់ភារៈឲ្យមេធាវីចំនួន ៥នាក់ តំណាងដោយអាណត្តិ ហើយរៀបចំកិច្ចការនេះ រហូតដល់ចប់ភារកិច្ច។ លិខិតរបស់លោក ស ខេង ក៏បានបើកផ្លូវឲ្យមេធាវីទាំង៥នាក់នេះ មានសិទ្ធិយ៉ាងទូលំទូលាយ ក្នុងការបំពេញកិច្ចការរបស់ខ្លួន នៅតាមស្ថាប័ន និងអង្គភាពដទៃទៀតដែរ។
ចំណែក នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ហៅការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិថា ជាអំពើខុសច្បាប់ធ្ងន់ធ្ងរដែលសហគមន៍អន្តរជាតិមិនត្រូវឱបដៃមើលតទៅទៀតទេ។
ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងែទី៦ តុលានេះ លោក រ៉ូប៊ឺតសុន ថាស្ថាប័នរដ្ឋទាំងមូលនៅកម្ពុជា រួមទាំងប្រព័ន្ធតុលាការ ដែលជាស្ថាប័នសម្រាប់រកយុត្តិធម៌ជូនសង្គម បានក្លាយជាឧបករណ៍នយោបាយ ដ៏មុតស្រួចរបស់លោក ហ៊ុន សែន។
លោកបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលដែលអាចកើតមានឆាប់ៗនេះ សហគមន៍អន្តរជាតិ ម្ចាស់ជំនួយមិនត្រូវនៅស្ងៀមទៀតទេ។ ពួកគេត្រូវតែដាក់ទណ្ឌកម្មរដ្ឋាភិបាលលោកហ៊ុន សែន អោយបានធ្ងន់។ ទណ្ឌកម្មទាំងនោះរួមមាន៖ ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប ត្រូវបញ្ឈប់ជំនួយបច្ចេកទេសលើការបោះឆ្នោត ហើយប្រទេសសំខាន់ៗ មានដូចសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ត្រូវឈប់ផ្ដល់ទិដ្ឋាការធ្វើដំណើរអោយមន្ត្រីសំខាន់ៗ និងក្រុមគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ដែលមានកូនៗកំពុងរៀន សូត្រនៅក្នុងប្រទេសធំៗទាំងនោះ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែននោះ រដ្ឋាភិបាលទាំងមូលនឹងអស់តម្លៃជារដ្ឋាភិបាលទៀតហើយ។ ជាងនេះទៀត ស្ថាប័ន រៀបចំការបោះឆ្នោតឆ្នោតជាតិ ដែលកកើតពីគណបក្សនយោបាយទាំងពីរនេះ ក៏ត្រូវរំលាយចោលដែរ។ អ្នកវិភាគរូបនេះបន្តថា កុំថាឡើយការបែងចែកអាសនៈរបស់បក្សប្រឆាំង ដែលមាននៅក្នុងរដ្ឋសភា ឲ្យទៅបក្សនយោបាយផ្សេងទៀតនោះ សូម្បីធម្មនុញ្ញភាព ទាំងរដ្ឋាភិបាល និង ស្ថាប័នគ.ជ.ប ក៏នឹងត្រូវនឹងបាត់បង់ដែរ លើកលែងតែការអនុវត្តនោះធ្វើឡើងទាំងបំពានច្បាប់។
អ្នកវិភាគនយោបាយ ចាត់ទុកថា នេះជាការបរាជ័យរបស់លោក ហ៊ុន សែន ក្នុងការធានាឲ្យមានរបបប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសថាតើអាចនឹងមានដំណើរការប្រកបដោយ សេរី និងយុត្តិធម៌ក្នុងការបោះឆ្នោត នាងពេលខាងមុខនេះដោយរបៀបណា បើសំឡេងបក្សជំទាស់ ត្រូវបានរដ្ឋាភិបាលកម្ចាត់ចេញពីឆាកនយោបាយទៅហើយនោះ៕
No comments:
Post a Comment