Sunday, 22 October 2017

លោក លឺ ឡាយស្រេង ប្រកាស​សុំ​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ


ដោយ ទីន ហ្សាការីយ៉ា
2017-10-21 

លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។
លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth



អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក លឺ ឡាយស្រេង បាន​ប្រកាស​បន្ទន់​ឥរិយាបថ និង​សូម​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ចំពោះ​សារ​បែក​ធ្លាយ​សន្ទនា ជុំវិញ​វិបត្តិ​នយោបាយ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រកាស​ជំហរ​ថា អ្វី​ដែល​បាន​កើត​ឡើង​វា​ហួស​ពេល​រួច​ទៅ​ហើយ ហើយ​កិច្ចការ​បន្ទាប់​នេះ គឺ​ទុក​ភារកិច្ច​ឲ្យ​តុលាការ​ជា​អ្នកចាត់ការ​បន្ត។



លោក លឺ ឡាយស្រេង ពេលនេះ​ហាក់​បង្ហាញ​ការភ័យខ្លាច ក្រោយ​ទទួល​បាន​ដំណឹង​ថា លោក​កំពុង​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ បន្ទាប់ពី​មាន​សារ​បែក​ធ្លាយ​ដែល​ទម្លាយ​ដោយ​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ​សីហា ជា​គណនី​ស្និត​នឹង​រដ្ឋាភិបាល ហើយ​ចោទប្រកាន់​លោក​ថា ប្រមាថ​ព្រះមហាក្សត្រ​តាមរយៈ​ការសន្ទនា​ជា​លក្ខណៈ​ឯកជន​របស់​លោក ជុំវិញ​វិបត្តិ​នយោបាយ​ចុងក្រោយ​នេះ។

ស្រប​ពេល​គណបក្ស ហ៊្វុនស៊ិនប៉ិច រង​ការ​រិះគន់​ថា ជា​គណបក្ស​ដែល​មាន​យីអ៊ុន​ឡើង​ខ្ពស់ ក្រោយពី​ចូល​ដៃ​ជាមួយ​លោក ហ៊ុន សែន ហើយ​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​រំលាយ​គណបក្សប្រឆាំង ក្រសួងមហាផ្ទៃ​ក៏​ចាត់ការ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ភ្លាមៗ​នោះ។ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ហាក់​លែង​ខ្វល់​អំពី​អ្វី​ក្រៅពី​ចង់​បាន​អំណាច​ទាំង​បំពាន ទោះបី​អតីត​អ្នក​នយោបាយ​រួម​អាជីព​ក៏​ព្រះអង្គ​នឹង​ប្ដឹង​ដែរ។

លោក លឺ ឡាយស្រេង អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តាមរយៈ​សារ​សន្ទនា ដែល​ត្រូវ​បាន​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា ទម្លាយ​ចេញ ហើយ​ទន្ទឹម​នឹង​នេះ​លោក​ក៏​អំពាវនាវ​សូម​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ដែរ។ លោក​បន្ត​ថា អ្វី​ដែល​បាន​កើត​ឡើង ក្នុង​សារ​សន្ទនា​នោះ គឺ​រូបលោក​ពុំ​មាន​ចេតនា​មើលងាយ​អង្គ​ព្រះមហាក្សត្រ​នោះ​ឡើយ។ជាង​នេះ​ទៀត​លោក លឺ ឡាយ ស្រេង រំពឹង​ថា ព្រះមហាក្សត្រ​ទ្រង់​នឹង​អនុគ្រោះ​តាម​ការ​ស្នើ​សុំ​ព្រះរាជទាន​លើកលែងទោស​នេះ។ បើ​ទោះ​ជា​បែប​ណា អ្នកនយោបាយ​ចាស់​វស្សា​រូប​នេះ អះអាង​ថា លោក​បាន​បង្ហោះ​សារ​សូមទោស​រួចហើយ​ដែរ ក្រោយពី​មាន​សារ​លេច​ធ្លាយ​នេះ។

គណនី​ហ្វេសប៊ុក​ឈ្មោះ "សីហា" ដែល​តែង​លួច​ថត​សារ​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​របស់​គណបក្ស​ប្រឆាំង លើក​នេះ​គណនី​ហ្វេសប៊ុក ដែល​រង​ការ​រិះគន់​ថា អាច​ជា​មនុស្ស​ដែល​ស្និត​នឹង​រដ្ឋាភិបាល បាន​លួច​បញ្ចេញ​សារ​សន្ទនា​លោក លឺ ឡាយស្រេង វិញ​ម្ដង នៅ​ថ្ងៃទី២១ ខែ​តុលា។

ការ​ប្រើ​ពេល​សន្ទនា​ប្រមាណ​ជាង ៤​នាទី ជាមួយ​និង​អតីតមន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដូចគ្នា គឺ​អ្នកស្រី គី លំអង នោះ​លោក លឺ ឡាយស្រេង អះអាង​ថា ប្រសិនបើ​ព្រះមហាក្សត្រ ទ្រង់​មិន​អាច​អន្តរាគមន៍ ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បានទេ ទ្រង់​គួរ​ដាក់រាជ្យ​វិញ​ទៅ។ ក្រៅ​ពី​នេះ លោក លឺ ឡាយស្រេង បាន​រិះគន់​សម្ដេចក្រុមព្រះ​ថា​ជា​អ្នកនយោបាយ ដែល​អង្គុយ​ចាំ​ទទួល​យក​តែ​ផល ដោយ​មិន​ចេះ​អៀន​ខ្មាស និង​ធ្វើ​ឲ្យ​បាត់​ព្រះ​កិត្តិនាម​ព្រះរាជវង្សានុវង្ស។

ជុំវិញ​នឹង​ការ​ថយ​វិញ​មួយ​ជំហាន​របស់​លោក លឺ ឡាយស្រេង នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ពី​ម្ចាស់​បណ្ដឹង គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើយ។ អ្នកនាំពាក្យ​គណបក្ស​នេះ​គឺ​លោក ញ៉េប ប៊ុនឈិន អះអាង​ថា ពេលនេះ​លោក​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី ក្នុង​ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ។ លោក​បន្ត​ថា ពេលនេះ​អ្វីៗ​វា​បាន​ហួសពេល​អស់​ទៅ​ហើយ។

តាមរយៈ​សារ​បែក​ធ្លាយ ដែល​ពុំបាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការសន្ទនា​នេះ លោក លឺ ឡាយស្រេង ឆ្លើយតប​និង​អ្នកស្រី គី លំអង ថា​លោក​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ជាមួយ​និង​បណ្ឌិត ឡៅ ម៉ុងហៃ ដើម្បី​ស្នើសុំ​អង្គ​ព្រះមហាក្សត្រ កុំ​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះ​ហត្ថលេខា លើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា​លោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​អះអាង​ថា លោក​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់ ជុំវិញ​វិបត្តិ​នយោបាយ​នេះ។ ទាក់ទិន​នឹង​គម្រោង​ចូល​គាល់​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍ សុំ​ឲ្យ​ព្រះអង្គ​កុំ​ឡាយ​ព្រះ​ហត្ថលេខា​នេះ​ដែរ លោក លឺ ឡាយស្រេង ហាក់​នៅ​ស្ទាក់​ស្ទើរ​ចិត្ត​នៅ​ឡើយ មក​ដល់​ពេល​នេះ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា អ្នក​ដែល ត្រូវ​គេ​លួច​ថត​សំឡេង​សន្ទនា​ឯកជន​នេះ ត្រូវ​ប្ដឹង​បក​ទៅ​តុលាការ​វិញ ឲ្យ​តុលាការ​វែក​មក​មុខ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ​សីហា ថា​តើ​អ្នកណា​ជា​ម្ចាស់​ពិត ដើម្បី​ឲ្យ​ទទួលទោស​តាមច្បាប់ ដែល​លួច​ថត​សំឡេង​ការសន្ទនា​ឯកជន​បែបនេះ ជា​រឿង​ខុស​នឹង​រដ្ឋធម្មនុញ្ញ ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​មួយ​ចំនួន​ទៀត ដែល​ធានា​សិទ្ធិ​ឯកជន។

ចំពោះ​លោក មេធាវី សេក សោភ័ណ វិញ ពន្យល់​ថា កម្ពុជា​កំពុងតែ​ជា​ប្រទេស​អសន្តិសុខ លោក​បាន​ឲ្យ​និយមន័យ​ថា អសន្តិសុខ​ពុំ​មែន​មានន័យថា​ប្រទេស​នោះ មាន​សង្គ្រាម ទើប​អសន្តិសុខ​នោះ​ទេ។ អសន្តិសុខ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​ពលរដ្ឋ​មានការ​ភ័យខ្លាច ការ​សន្ទនា​ឯកជន​លែង​ជា​ការ​សម្ងាត់​ជាដើម។

លោក សេក សោភ័ណ បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ចាប់​ជន​លួច​ថត​សំឡេង​គេ​នេះ យក​មក​ផ្ដន្ទាទោស​តាមច្បាប់។ អ្នក​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​នោះ គឺ​ព្រះរាជអាជ្ញា ដែល​ជា​អ្នកមាន​សិទ្ធិ​តំណាង​ឲ្យ​រដ្ឋាភិបាល​ក្នុង​ការ​ចាត់ការ​រឿង​នេះ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ យល់​ឃើញ​ថា ប្រសិនបើ​ការ​លើក​ឡើង​របស់​លោក លឺ ឡាយស្រេង ដោយ​គ្រាន់តែ​បង្ហាញ​ពី​ព្រះ​រាជកិច្ច​របស់​ព្រះមហាក្សត្រ​ឡើងវិញ វា​មិន​ល្មើស​នឹង​ច្បាប់​នោះ​ទេ។ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ យល់​ឃើញ​ថា រឿង​ដែល​ពិបាក​បំផុត​នោះ នៅត្រង់​ការ​បកស្រាយ​អំពី​ខ្លឹមសារ​នៃ​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ក្លាយ​ជា​រឿង​ដែល​ស្មុគស្មាញ​ទៅ​ហើយ។

អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ការរិះគន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បើ​គិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ​វិញ គឺ​ភាសា​គ្រោតគ្រាត​ជាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ ដោយសារ​នេះ​ជា​ទិដ្ឋភាព​នយោបាយ ទោះ​រឿង​នោះ មាន​ទំហំ​ល្មម​អាច​បញ្ចប់​បាន ក៏​ប្រឹង​រុញ​សភាពការណ៍​បន្ថែម​ឲ្យ​ក្លាយ​ជា​បញ្ហា​ចាក់ស្រេះ​ដោះ​មិន​ចេញ​ដែរ ប្រយោជន៍​ដើម្បី​អំណាច។

អ្នកវិភាគ​ពន្យល់​ថា រដ្ឋាភិបាល​បើក​ឲ្យ​មាន​អំពើ​បែបនេះ គឺ​រដ្ឋាភិបាល​កំពុងតែ​ខ្លាច ស្រមោល​ខ្លួនឯង ហើយ​លែង​ទុកចិត្ត​គេឯង ក៏​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​តាមដាន​បែបនេះ ទោះបីជា​ការសន្ទនា​ឯកជន​ក្ដី ទង្វើ​ទាំងនេះ អ្នកវិភាគ​ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុងតែ​ដឹកនាំ​ប្រទេស​ផ្ដាច់ការ ដែល​ធ្វើ​ឲ្យ​ប្រទេស​លែង​មាន​សន្តិសុខ និង​ប៉ះពាល់​ដល់​អ្នក​វិនិយោគ លែង​ហ៊ាន​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេស បែប​អានាធិបតេយ្យ ប្រព័ន្ធ​អនុវត្ត​ច្បាប់​ស្ថិត​នៅ​ក្រោម​បញ្ជា​រដ្ឋាភិបាល បែបនេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច អ្នកស្រី គឺ លំអង ត្រូវ​បាន​ហ្វេសប៊ុក ឈ្មោះ សីហា បញ្ចេញ​សារ​សន្ទនា ជាមួយ​លោក លឺ ឡាយស្រេង ជា​លើក​ទី​២​ទៀត កាលពី​ថ្ងៃ​ទី​២១ តុលា ក្រោយពេល​សារ​សន្ទនា​លើក​ទី​១ ត្រូវ​បាន​ប្រភព​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទម្លាយ​ចេញ ហើយ​ចោទ លោក លឺ ឡាយស្រេង ថា ប្រមាថ​ព្រះមហាក្សត្រ។

ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២​នេះ អ្នកស្រី គី លំអង សម្ដែង​ការភ័យខ្លាច ក្រោយ​ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា លួច​ថត​សំឡេង ហើយ​យក​មក​ផ្សព្វផ្សាយ​ជាសាធារណៈ​ឥត​ក្រែង​រអា​ច្បាប់​អ្វី​ឡើយ។ អ្នកស្រី​ស្នើ​ឲ្យ​អតីត​សហការី ដែល​ជា​រៀមច្បង​របស់​ខ្លួន គឺ​លោក លឺ ឡាយស្រេង ចេញ​ឃ្លីប​វីដេអូ សុំទោស​ជា​សាធារណៈ ហើយ​ជួយ​ប្រាប់​ថា អ្នកស្រី​មិនបាន​ពាក់ព័ន្ធ​អ្វី​ទេ ផ្ទុយទៅវិញ អ្នកស្រី​បាន​កោត​សរសើរ​លោក ហ៊ុន សែន អំពី​ការ​អភិវឌ្ឍ គ្រាន់​តែ​លោក ហ៊ុន សែន ស្ដាប់​ពួក​អាម៉ីអាថោង តែប៉ុណ្ណោះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកស្រី គី លំអង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​ករណី​នេះ​បន្ថែម​បានទេ នៅ​ពី​ថ្ងៃ​ទី​២១ តុលា៕

No comments: