Thursday, 26 October 2017
សហគមន៍ខែត្រព្រះវិហារថា ព្រៃព្រះរកាកំពុងរងការកាប់បំផ្លាញកាន់តែខ្លាំងឡើង
ដោយ អាស៊ីសេរី
2017-10-26
ដើមឈើដែលត្រូវគេកាប់រំលំនៅក្នុងព្រៃព្រះរកា ឋិតក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកជ័យសែន ខេត្តព្រះវិហារ។ រូបថតថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦
RFA/Chuop Sereyroth
សកម្មភាពកាប់ឈើយកទៅជួញដូរខុសច្បាប់នៅព្រៃព្រះរកា កំពុងកើតមានជារៀងរាល់ថ្ងៃ។ ចំណែកសហគមន៍នៅតំបន់នោះ តែងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធឱ្យជួយបង្ក្រាប ប៉ុន្តែមិនមានចំណាត់ការណាមួយឱ្យមានប្រសិទ្ធភាពទេ។ សកម្មភាពកាប់ឈើនោះ បង្កឲ្យប៉ះពាល់ដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ជនជាតិដើមភាគតិចកួយរាប់ពាន់ដើម។
តំបន់ព្រៃព្រះរកា ដែលឋិតក្នុង តំបន់ប្រជុំភូមិសាស្ត្របីស្រុក គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ កំពុងរងការកាប់បំផ្លាញគ្រប់ទម្រង់ រីឯវិធានការទប់ស្កាត់របស់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សនៅទន់ជ្រាយនៅឡើយ។ សហគមន៍ចោទថា មន្ត្រីជំនាញ និងអាជ្ញាធរទាំងនោះពុំមានឆន្ទៈការពារសម្បត្តិធម្មជាតិតាមតួនាទីនោះទេ បែរជាចាំតែស្ទាក់ទារប្រាក់ពីអ្នកដឹកឈើ ជាថ្នូរនៃការដោះលែងទៅវិញ។
ទីប្រឹក្សាសហគមន៍ការពារព្រៃឈើព្រះរកា ដែលទើបត្រឡប់ពីចុះល្បាតព្រៃ លោកស្រី នួន ម៉ុម ឲ្យដឹងនៅថ្ងៃទី២៦ តុលា ថា ការលួចកាប់ឈើតូច និងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីព្រៃព្រះរកាបានកើតមានទាំងយប់ថ្ងៃ ប៉ុន្តែមន្ត្រីជំនាញ និងសមត្ថកិច្ចធ្វើមិនដឹងមិនឮ បើទោះបីជាសហគមន៍បានជូនដំណឹងច្រើនសាក្ដី។ លោកស្រីកត់សម្គាល់ថា នៅគ្រាដែលសហគមន៍ចាប់គោយន្ត និង ម៉ាស៊ីនអារឈើ រួចប្រគល់ជូនមន្ត្រីជំនាញអនុវត្តច្បាប់ មន្ត្រីជំនាញទាំងនោះ បានសម្របសម្រួលជាមួយជនល្មើសដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យរួចប្រគល់វត្ថុតាងវិញ។ មួយរយៈក្រោយមកក្រុមជនល្មើសទាំងនោះចូលព្រៃអារឈើដដែល។ លោកស្រីរកឃើញថា សកម្មភាពកាប់ឈើនោះ ធ្វើឲ្យប៉ះពាល់ដើមឈើផលិតជ័រទឹក របស់ជនជាតិដើមភាគតិចរាប់ពាន់ដើម បង្កឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមជីវិតជនជាតិដើមភាគតិចកួយច្រើនគ្រួសារ ត្បិតជីវភាពរបស់ពលរដ្ឋនៅតំបន់នោះមួយផ្នែកពឹងផ្នែកលើការប្រមូលអនុផលព្រៃឈើ។
លោកស្រី នួន ម៉ុម កត់សម្គាល់ថា ការសម្របសម្រួលឲ្យអ្នកភូមិទទួលយកប្រាក់សំណងតិចតួច ពីការកាប់បំផ្លាញដើមឈើផលិតជ័រទឹកជាថ្នូរ គឺជាយន្តការដោះស្រាយរបស់អាជ្ញាធរ ដើម្បីបញ្ចប់ការរកយុត្តិធម៌តាមផ្លូវច្បាប់។ លោកស្រីថ្លែងថា ដើមច្បោះជ័ររបស់សហគមន៍នៅសេសសល់ចុងក្រោយ នឹងរងការកាប់បន្តទៀត ប្រសិនក្រុមអាជ្ញាធរមិនយកចិត្តទុកដាក់ទប់ស្កាត់ ឬស៊ើបអង្កេតរកជនល្មើសមកផ្ដន្ទាទោស។
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខែត្រព្រះវិហារ គឺទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ជាង ៤ឆ្នាំមកហើយ។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង ប្រធានមន្ទីរបរិស្ថាន ខែត្រព្រះវិហារ លោក ពីង ទ្រីដា ដើម្បីសុំការអធិប្បាយរឿងនេះបានទេ នៅថ្ងៃទី២៦ តុលា។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិ របស់អង្គការពន្លកខ្មែរ ប៉ិក សោភ័ណ សម្ដែងក្ដីបារម្ភខ្លាំងពីជោគវាសនាព្រៃព្រះរកា នឹងបាត់បង់ទាំងស្រុងនៅពេលខ្លីខាងមុខ ប្រសិនបើស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល នៅតែបណ្ដោយឲ្យបទល្មើសព្រៃឈើបន្តកើតមានគ្មានទីបញ្ចប់។ លោកថា សកម្មភាពកាប់បំផ្លាញព្រៃព្រះរកា បានគំរាមកំហែងធ្ងន់ធ្ងរដល់ដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចកួយ រីឯវិធានការបង្ក្រាបរបស់សមត្ថកិច្ចពាក់ព័ន្ធមានតិចតួចបំផុត។ លោកកត់សម្គាល់ថា នៅគ្រាដែលសហគមន៍ប្រទះឃើញ សកម្មភាពកាប់ឈើក្នុងព្រៃ រួចបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធទាំងនោះហាក់ធ្វើមិនដឹងមិនឮ។
លោក ប៉ិក សោភ័ណ បន្ថែមថា សហគមន៍រាយការណ៍ថា មានមន្ត្រីមួយចំនួនបានចាំទារប្រាក់ពីអ្នកកាប់ឈើដោយតម្រូវឲ្យបង់ខែ។ ម៉ាស៊ីនអារឈើមួយគ្រឿង ត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចចាប់ពី ១៥ម៉ឺនរៀល ទៅ២៥ម៉ឺនរៀលក្នុងមួយខែ រីឯអ្នកដឹកឈើតាមគោយន្តត្រូវបង់ក្នុងមួយគោយន្ត ៥ម៉ឺនរៀលឡើងទៅ ទើបអាចដឹកជញ្ជូនឈើចេញពីតំបន់នោះបាន។ លោកអំពាវនាវឲ្យរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ រកមធ្យោបាយការពារព្រៃព្រះរកា ឲ្យគង់វង្ស ព្រោះព្រៃនេះ គឺព្រៃធំ ទី២ បន្ទាប់ពីព្រៃឡង់ ដែលមានសក្កានុពល ដុះលូតលាត់លាស់ឈើមានតម្លៃច្រើនប្រភេទ ជាពិសេសដើមឈើផលិតជ័រទឹក ដែលជាប្រភពប្រាក់ចំណូលរបស់សហគមន៍ ជនជាតិដើមភាគតិច។
ប្រពៃណីជនជាតិដើមភាគតិចកួយ គឺដងជ័រទឹក បោចវល្លិ រកថ្នាំបុរាណ និងរកឃ្មុំជាដើម។ ការគាំពារព្រៃឈើឲ្យគង់វង្ស គឺជាក្ដីប្រាថ្នារបស់ជនជាតិដើមភាគតិចកួយ ដែលជាផ្នែកមួយជួយអភិរក្សបរិស្ថានធម្មជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment