ដោយ អាស៊ីសេរី
2017-10-04
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីអំឡុងខែមីនា ឆ្នាំ២០១៥។ RFA
Photo: RFA
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មិនភ្ញាក់ផ្អើលទេ ដែលតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងអ្នកស្រី មូរ សុខហួរ ផង ត្រូវចាកចេញពីកម្ពុជាដើម្បីសុវត្ថិភាព។
ប៉ុន្តែ លោកភ្ញាក់ផ្អើល ដែលសហគមន៍អន្តរជាតិ ជាពិសេសប្រទេសម្ចាស់ជំនួយរបស់កម្ពុជា សុខចិត្តទុកឲ្យលោក ហ៊ុន សែន បន្តធ្វើព្យុះធ្វើភ្លៀងបានតាមតែអំពើចិត្ត។ លោកចោទជាសំណួរ ថាតើសហគមន៍អន្តរជាតិ អត់ដឹងទេឬ ថាការនៅស្ងៀមស្ងាត់របស់ខ្លួនបែបនេះ គឺវាមិនខុសអ្វីពីការយល់ព្រមទុក ឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើអ្វីបានស្រេចតែចិត្តនោះទេ?
លោក ហ្វីល រ៉ូប៊ឺតសុន ថ្លែងប្រាប់អាស៊ីសេរីថា មេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន គ្មានញញើតនឹងបញ្ជាឲ្យមានអំពើហិង្សា ដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងបញ្ជាលើប្រព័ន្ធតុលាការ ដែលគ្មានឯករាជ្យរបស់គាត់។ លោកបន្តថា លោក ហ៊ុន សែន កំពុងមានមហិច្ឆតានាំប្រទេសកម្ពុជា ទៅរកការបោះឆ្នោតមួយ ដែលគ្មានគណបក្សប្រឆាំងដ៏ធំជាងគេ ចូលរួមប្រកួតប្រជែង។
លោក ហ្វីល រ៉ូប៊ឺតសុន បញ្ជាក់ថា ល្មមដល់ពេលដែលសហគមន៍អន្តរជាតិ ចាត់វិធានការលើរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ លោកស្នើឲ្យប្រទេសម្ចាស់ជំនួយ ប្រកាសអំពីការមិនទទួលស្គាល់ការបោះឆ្នោតជាតិខាងមុខ និងពិចារណាដាក់ទណ្ឌកម្ម លើគណបក្សប្រជាជនកម្ពុជា។ បើមិនដូច្នេះទេ ការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តគំរាមកំហែងមន្ត្រីគណបក្សប្រឆាំង ដោយយកលេសចោទប្រកាន់តាមបែបរវើរវាយ ទៅលើមន្ត្រីគណបក្សប្រឆាំង ថាពួកគាត់ធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាល ដែលប្រការនេះធ្វើឲ្យមន្ត្រីបក្សប្រឆាំង មិនអាចបន្តមានវត្តនៅកម្ពុជា និងត្រូវបង្ខំចិត្តចាកចេញទៅក្រៅប្រទេស ដែលនាំឲ្យប្រជាធិបតេយ្យនៅកម្ពុជា រលាយសាបសូន្យយ៉ាងប្រត្យក្ស។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជិតពាក់ក្នុងចំណោមតំណាងរាស្ត្រ ៥៥នាក់ រួមនិងអនុប្រធាន អ្នកស្រី មូរ សុខហួរ ចាកចេញពីប្រទេសកម្ពុជា ដើម្បីសុវត្ថិភាព ដោយសាររងការគំរាមកំហែង តាមចាប់ខ្លួនពីសំណាក់លោក ហ៊ុន សែន ដែលបានថ្លែងការណ៍ ព្រមានអ្នកស្រី និងមន្ត្រីបក្សសង្គ្រោះជាតិដទៃទៀតកុំឲ្យព្រហើន និងគំរាមចាប់ខ្លួនមនុស្សបន្ថែមទៀត ដែលលោកចោទថា មានជាប់ពាក់ព័ន្ធនឹងករណីលោក កឹម សុខា ក្នុងបទចោទនៃអំពើក្បត់ជាតិ និងការឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល៕
1 comment:
តាមមើលទៅ ម្ចាស់ចំនួយទាំងនោះគេបិទភ្នែកហើយ ៗគេនឺងបន្ថែមប្រាក់ជុំនួយឲ្យ ហ៊ុន សែន ផង សុំចាំមើលទៅ បើគេខ្វល់គេចេញមុខនិយាយហើយ។
Post a Comment