Wednesday, 11 October 2017
តុលាការកំពូលបង្គាប់ឲ្យបក្សប្រឆាំងត្រៀមឯកសារឆ្លើយតបនឹងពាក្យបណ្ដឹងរំលាយបក្ស
ដោយ អាស៊ីសេរី
2017-10-10
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
តុលាការកំពូល បង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀមឆ្លើយតបនឹងពាក្យសុំរំលាយគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ខែតុលា។ រីឯគណបក្ស សង្គ្រោះជាតិ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយរង់ចាំជជែកជាមួយមេធាវីជាមុនសិន។
បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់ក្រសួងមហាផ្ទៃ ដោយយោងតាមពាក្យបណ្ដឹង របស់គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេច ក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ហាក់កំពុងមានឥទ្ធិពលខ្លាំងដោយតុលាការកំពុងចាត់ការ ទៅមុខយ៉ាងលឿនជាបន្តបន្ទាប់ ទោះបីជា មានសំឡេងរិះគន់យ៉ាងណាក្ដី។
យោងតាមដីកាតុលាការកំពូលដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី១០ ខែតុលា គឺ ចៅក្រមទទួល បញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រី សែម សក្ដិកូឡា បានចេញដីកាបង្គាប់ ទៅប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀមឆ្លើយតប ទៅនឹងពាក្យបណ្ដឹងសុំរំលាយ គណបក្សសង្គ្រោះជាតិក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ខែតុលា។
ឆ្លើយតបចំពោះបញ្ហានេះ ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បាន ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិ ២៥រាជធានី-ខេត្ត នៅទីស្នាក់ការ គណបក្សនៅថ្ងៃទី១០ តុលា ថា គណបក្សបានទទួលដីកាបង្គាប់នេះហើយ ប៉ុន្តែ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។ លោក សុន ឆ័យ បន្តថា គណបក្សនឹងជួបប្រជុំជាមួយ នឹងក្រុមមេធាវីជាមុនសិន។
លោក សុន ឆ័យ ក៏បានបង្ហើបដែរថា មានស្ថានទូតមួយចំនួនបានប្រាប់ថា គណបក្សប្រជាជន កម្ពុជា បានធានាជាមួយនឹងស្ថានទូតទាំងនោះថា ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនរំលាយគណ បក្សសង្គ្រោះជាតិដែរ។ ទន្ទឹមគ្នានេះ គណបក្សសង្គ្រោះជាតិ នៅតែព្យាយាមរកច្រកចរចាជាមួយ គណបក្សកាន់អំណាច ដើម្បីសម្រួលឲ្យស្ថានភាពនយោបាយវិលទៅរកប្រក្រតីភាព ដើម្បីផលប្រ យោជន៍ជាតិ និងប្រជាជន។
កាលពីថ្ងៃទី៦ តុលា មេធាវីមួយក្រុមរបស់ក្រសួងមហាផ្ទៃចំនួន៥នាក់ បានដាក់ពាក្យប្ដឹងទៅតុលាការកំពូល សុំរំលាយគណបក្សសង្គ្រោះជាតិ ពីបទឃុបឃិតនឹងបរទេស ដើម្បីរំលាយរដ្ឋាភិបាលកម្ពុជាជាដើម។
ទាក់ទិនបញ្ហានេះ លោកមេធាវី ហុង គឹមសួន បដិសេធមិនបកស្រាយផ្លូវច្បាប់អ្វីឡើយដោយលោក យល់ថា ករណីនេះមិនមែនជារឿងធម្មតា និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផង។
កាលពីថ្ងៃទី៦ ខែតុលា អង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ថ្កោលរដ្ឋាភិបាលកម្ពុជាភ្លាមៗ ក្រោយពីក្រសួងមហាផ្ទៃដាក់ពាក្យប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះ។
អង្គការអន្តរជាតិទាំងពីរ ប្រាប់ឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មកម្ពុជា ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប៉ុនប៉ងរំលាយគណបក្សប្រឆាំង។ មន្ត្រីផ្នែកយុទ្ធនាការ របស់អង្គការឃ្លាំមើលពិភព លោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ ថា “ក្រុមអ្នកមានអំណាច និងមានទ្រព្យ ដែលជាជនពុករលួយ មួយក្ដាប់តូច រយៈពេលចុងក្រោយនេះ កំពុងប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា ដើម្បីបន្តក្រាញអំណាច និងរក្សាទ្រព្យសម្បត្តិ ដែលធ្វើឲ្យពលរដ្ឋរងទុក្ខទូទាំងប្រទេស។
រីឯនាយករងប្រចាំតំបន់អាស៊ីសេរី នៃអង្គការអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ប៊ឺតសុន (Phil Robertson) ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលប៉ុនប៉ងរំលាយគណបក្ស ប្រឆាំង ថា ជាការធ្វើរដ្ឋប្រហាររបស់បុរសខ្លាំងលោក ហ៊ុន សែន ដែលកំពុងប្រែក្លាយខ្លួនទៅជាជនផ្ដាច់ការ ទាំងឥតអៀនខ្មាស។ លោក Phil Robertson បន្តទៀតថា ការចោទគណបក្សប្រឆាំង ថាដឹកនាំឲ្យមានចលនាបដិវត្តពណ៌ គឺជាការឃោសនា ផ្សព្វផ្សាយបោកបញ្ឆោតដើម្បីចំណេញនយោ បាយ ធ្វើយ៉ាងណាដើម្បីបំពេញលេសរបស់ខ្លួន ក្នុងការបង្ក្រាបអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកថា ការប្រើប្រាស់តុលាការកំពូល ដើម្បីរំលាយគណបក្សប្រឆាំង គឺជាផែនការគិតទុកជាមុនរបស់គណបក្សកាន់អំណាច ព្រោះចៅក្រមតុលាការកំពូល នឹងសម្រេចអ្វីទៅតាមតែការចង់បានរបស់លោក ហ៊ុន សែន បញ្ជាប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment