Wednesday, 11 October 2017

បទល្មើស​ព្រៃឈើ​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​កើត​មាន​ពេញបន្ទុក


Khmer Circle: "Ten thousand years of friendship", eh? Keep on plundering and raping the country while you still can...


ដោយ អាស៊ីសេរី
2017-10-10

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
 Photo courtesy of EIA



កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខែត្រ​ស្ទឹងត្រែង​អះអាង​ថា សន្ទុះ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​មូល​ចូល​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅតែ​បន្ត​កើន​ឡើង​ទាំង​យប់​ថ្ងៃ បើ​ទោះ​បី​ជា​ទំនប់​នេះ ស្ថាបនា​រួចហើយ​ក្ដី។ ពួកគាត់​ចាត់​ទុក​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​ថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។



កម្មករ​ដែល​ធ្វើការ​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៃ​ខែត្រ​ស្ទឹងត្រែង​រក​ឃើញ​ថា ចលនា​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ឆ្ងាយ​នៃ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង រួច​ដឹក​បន្លំ​ចូល​ក្រុមហ៊ុន​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅតែ​ជា​ប្រធានបទ​ក្ដៅ ដែល​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​បារម្ភ​ថា ទំហំ​ព្រៃឈើ​ទាំងមូល នឹង​ត្រូវ​រលាយ​ទាំងស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​រដ្ឋាភិបាល នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​បន្ត​កើតមានឡើង ពុំ​មាន​ការ​បង្ក្រាប។

កម្មករ​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី១០ តុលា ថា មាន​មនុស្ស​ជាច្រើន​ក្រុម​នាំគ្នា​កាប់​ឈើ​នៅ​តំបន់​ឆ្ងាយ នៃ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង ដោយ​ប្រើ​គោយន្ត និង​រថយន្ត​ប៉ាកុង ជា​មធ្យោបាយ​ដឹកជញ្ជូន រួចមក​ទុក​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លើស​ពី​នេះ នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ទំនប់ មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ពីរ​ទីតាំង​ធំៗ មាន​កម្មករ​រាប់​រយ​នាក់ អារ​ច្រៀក​ឈើ​មូល​ជា​បន្ទះ រួច​ដឹក​ចេញ​ក្រៅ​តាម​រថយន្ត​យីឌុប ក្នុង​មួយ​យប់ៗ​ចាប់ពី ៨​គ្រឿង ដល់​ជាង ២០​គ្រឿង។ ការ​បន្លំ​ឈើ​ចូល​បាត​អាង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​សម្គាល់​ថា ជា​ឈើ​ស្របច្បាប់ ឬ​ហៅថា ប៉េ.សេ (PC) រួច ទើប​គេ​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ខែត្រ​នានា៖ «បន្ទាប់​ពី​មក​សម្ពោធ​បិទទ្វារ​ទឹក របស់​សម្ដេច​នាយក​នេះ​ហើយ រយៈពេល​ប្រហែល ៤​ទៅ ៥​ថ្ងៃ ពី​ថ្ងៃ​ដែល​សម្ពោធ​ហើយ​មក ការ​ចរាចរ​ឈើ​ទាំង​យប់ ទាំង​ថ្ងៃ ជា​ឈើ​ច្រៀក មាន​គោយន្ត​កន្ត្រៃ មាន​រថយន្ត​រ៉េវ មាន​រថយន្ត​យី​ឌុប​ដឹក​ឈើ​យ៉ាង​គគ្រឹកគគ្រេង»។

បុរស​ដដែល​បន្ត​ថា កាលពី​ចុងខែ​កញ្ញា មាន​រថយន្ត​យី​ឌុប​ដឹក​ឈើ​ចេញពី​តំបន់​នោះ ១៤​គ្រឿង ហើយ​នៅ​យប់​ថ្ងៃទី១០ តុលាការ រថយន្ត​យី​ឌុប ៩​គ្រឿង និង​រថយន្ត​ប៉ាកុង ៥​គ្រឿង​បាន​ដឹក​ឈើ​ចេញ លើ​ខ្នង​ទំនប់​ទាំង​យប់ ដែល​ទំនងជា​យក​ទៅ​ប្រទេស​វៀតណាម។ លោក​បញ្ជាក់​ថា ទំហំ​ផ្ទៃ​អាង​ទំនប់​មាន​ទំហំ​ជាង ៣​ម៉ឺន​ហិកតារ គឺ​ក្រុមហ៊ុន​កាប់​ឈើ​សំអាត​អស់ហើយ ហើយ​ឈើ​ដែល​គេ​ដឹកជញ្ជូន​ចេញ​ក្រៅ មានមុខ​កាត់​ចាប់ពី ៤​តឹក​ឡើង​ដែល​ទើប​អារ​ថ្មីៗ គឺ​គេ​ដឹក​ពី​តំបន់​ផ្សេងៗ ដើម្បី​បន្លែង​ជា​ឈើ​ស្របច្បាប់។ បញ្ហា​នេះ​គឺជា​ភស្តុតាង​បញ្ជាក់​ថា អាជីវកម្ម​ឈើ​ខុសច្បាប់​នេះ ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដែល​បំផ្លាញ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា៖ «ការ​ចរាចរ​ឈើ​លើ​ខ្នង​ទំនប់ ដឹក​ឈើ​ចេញ​រាល់​យប់ រាល់ថ្ងៃ មិន​មាន​ការទប់ស្កាត់​ហ្នឹង លោក​មេត្តា​ចាត់​វិធានការ​ឲ្យ​បាន​ក្ដៅ ដូច​ចាប់​ដូច​បក្ស​ប្រឆាំង​ដែល​មើល។ ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ គឺជា​ជន​ក្បត់ជាតិ​មួយ ដែល​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​ច្បាស់ មាន​ភស្តុតាង​ពិតប្រាកដ​ណាស់ ពុំ​មែន​ចេះតែ​ចោទ​នោះ​ទេ»។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២។

មេឃុំ​ស្រែគរ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ចាត់​ទុក​ការ​លើក​ឡើង​របស់​ពល​រដ្ឋ​ថា ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ឋានៈ​ត្រឹម​ជា​មេឃុំ ពុំ​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ​បានទេ បាន​ត្រឹម​តែ​រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​ថ្នាក់លើ​ឆ្លើយ​ថា សំអាត​បាត​អាង និង​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ស្រុក។ លោក​ថា កន្លងទៅ​លោក​ធ្លាប់​រិះគន់​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​ដែរ ក៏ប៉ុន្តែ​អាជ្ញាធរ​ខែត្រ​ចោទប្រកាន់​លោក​ថា រិះគន់​ដើម្បី​កេង​ចំណេញ​នយោបាយ​ទៅវិញ៖ «អំណាច​វិមជ្ឈការ​រាល់​ថ្ងៃ​នេះ គ្រាន់​តែ​ចែង​ថា អាជ្ញាធរ​មាន​សិទ្ធិ​គឺ​ក្នុង​ដែនដី​សមត្ថកិច្ច​របស់​ខ្លួន​មាន​សិទ្ធិ​ការពារ​ធនធានធម្មជាតិ តែ​ផ្ទុយទៅវិញ​បើ​ការពារ​វា មាន​បញ្ហា​ប្រឈម​ដល់​យើង។ ព្រោះ​អំណាច​វិមជ្ឈការ​មាន​តែ​ក្នុង​ក្រដាស​ទេ តែ​ការអនុវត្ត​មិន​បាន​ទូលំទូលាយ ឲ្យ​តែ​ធ្វើ​ទៅ​មាន​បញ្ហា»។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល អង្កេត​ឃើញ​ថា ចលនា​កាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​ឆ្ងាយ រួច​បន្លំ​ចូល​បាត​អាង នៅតែ​កើត​ឡើងជា​ប្រព័ន្ធ​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ពុំ​ទាន់​មាន​ស្ថាប័ន​រដ្ឋាភិបាល​ណាមួយ​បង្ហាញ​ជំហរ​ច្បាស់លាស់​ស៊ើបអង្កេត និង​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​អង្កេត​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី បាន​ទៅ​សម្ពោធ​បិទទ្វារ​ទឹកជា​ស្ថាពរ​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​រួច​ហើយ​កាលពី​ចុងខែ​កញ្ញា ហេតុនេះ​ការ​ដឹក​ឈើ​ចេញពី​តំបន់​នោះ​ដោយ​យក​លេស​ថា សំអាត​បាត​អាង​លែង​មាន​ន័យ​ហើយ ព្រោះ​ផ្ទៃ​អាង​បច្ចុប្បន្ន​ក្រុមហ៊ុន​សំអាត​អស់ហើយ ដើម្បី​ផ្ទុក​ទឹក​បំពេញ​តួប៊ីន៖ «ការ​សំអាត​បាត​អាង​វា​អស់ហើយ អស់​មួយ​ឆ្នាំ​ពី​ឆ្នាំមុន​ហើយ។ គេ​លេស​សំអាត​បាត​អាង គឺជា​ឈើ​ខាងក្រៅ​មក​ដាក់​ក្នុង​ផ្ទៃ​អាង​ហ្នឹង និយាយ​ទៅ​ចង់​បន្លំ និង​យក​លេស តែ​ឥឡូវ​អស់​លេស​ហើយ គឺ​ពោល​ពេញ​ដោយ​ទឹក​ហើយ តើ​មាន​ព្រៃឈើ​ណា​ទៀត»។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ធ្លាប់​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ស៊ើបអង្កេត​រឿង​នេះ​ដែរ ខណៈ​ដែល​លោក​រក​ឃើញ​ថា សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​មាន​ឈ្មួញកណ្ដាល​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ការពារ​នៃ​ស្រុក​សៀមប៉ាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ក្រៅ។

ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) បាន​រក​ឃើញថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​រយៈពេល​នៃ​បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា ឈើ​ខុសច្បាប់​ចំនួន​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​កាប់ ជាពិសេស​ពី​តំបន់​ព្រៃ​ការពារ​ក្នុង​ឧទ្យានជាតិ រួច​ដឹក​យក​ទៅ​ប្រទេស​វៀតណាម។ របាយការណ៍​របស់ អ៊ី​.​អាយ​.​អេ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ឧសភា ស្ដីពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា "ជនល្មើស​មុខ​ដដែល៖ អាជីវកម្ម​ជួញដូរ​ឈើ​ខុសច្បាប់​របស់​វៀតណាម គ្មាន​ទី​បញ្ចប់" ស្រាវជ្រាវ​ឃើញ​ថា មន្ត្រី​កម្ពុជា ឃុបឃិត​ជាមួយ​យោធា​អាជ្ញាធរ​វៀតណាម ដែល​ពុករលួយ បាន​ប្រែ​រូប​ឈើ​ខុសច្បាប់​ពី​កម្ពុជា ទៅជា​ឈើ​ស្របច្បាប់​វិញ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ ក្រោយពី​របាយការណ៍​របស់ អ៊ី​.​អាយ​.​អេ ចេញផ្សាយ​ជា​សាធារណៈ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ស្គាល់​ថា ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា កំពុង​កក្រើក​ឡើងវិញ ហើយ​អះអាង​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​រឿង​នេះ៕

No comments: