Khmer Circle: What a fine mess the country now finds itself in. No wonder then Sihanouk [who, in 1993, couldn't wait to kick out Untac and UN monitoring missions] just wanted to die...
ដោយ ទីន ហ្សាការីយ៉ា
2017-10-05
សមាជិករដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា លើកដៃអនុម័តឲ្យតុលាការបន្តលើសំណុំរឿងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
RFA/Rann Samnang
អ្នកច្បាប់ និងអ្នកវិភាគនយោបាយពន្យល់ថា គណបក្សសង្គ្រោះជាតិ មិនអាចត្រូវតុលាការរំលាយបានទេ ដោយសាររដ្ឋធម្មនុញ្ញបានចែងអំពីអាណត្តិសភាមានរយៈពេល៥ឆ្នាំ បើសិនជា តុលាការរំលាយគណបក្សប្រឆាំងចោលមែន គឺស្ថាប័នសភាទាំងមូលក៏រលាយដែរ ហើយរដ្ឋាភិបាលនឹងក្លាយទៅជារដ្ឋាភិបាលមិនស្របច្បាប់។
ការដាក់ពាក្យប្ដឹងទៅតុលាការ ចង់រំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកច្បាប់មើលឃើញថា ជារឿងមិនសមហេតុផល និងមិនត្រូវតាមរដ្ឋធម្មនុញ្ញ។
ទាំងអ្នកច្បាប់ និងឃ្លាំមើលការបោះឆ្នោត ពន្យល់ថា គ្មានច្បាប់ណាមួយអាចរំលាយគណបក្សប្រឆាំងបានទេ ហើយគណបក្សចំនួនពីរដាក់ពាក្យប្ដឹងទៅតុលាការ ចង់រំលាយគណបក្សប្រឆាំងដូច្នេះ គណបក្សទាំងពីរនេះ គ្រាន់តែជាឧបករណ៍នយោបាយ ដែលលោក ហ៊ុន សែន រៀបចំឲ្យសំដែងនៅមុនពេល ការប្រកួតនៅលើសង្វៀននយោបាយឆ្នាំ២០១៨ មកដល់តែប៉ុណ្ណោះ។
មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មានប្រសាសន៍ថា ការពាក្យប្ដឹងទៅតុលាការកំពូលនេះ គ្មានហេតុផលអ្វីដែលគណបក្សយុវជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិចត្រូវប្ដឹងនោះទេ។ លោកបញ្ជាក់ថា ការផ្អាកសកម្មភាពណាមួយរបស់គណបក្សនយោ បាយបាននោះ លុះត្រាណាតែក្រសួងមហាផ្ទៃ។
ការលើកឡើងរបស់អ្នកច្បាប់ និងអ្នកឃ្លាំមើលការបោះឆ្នោតបែបនេះ នៅបន្ទាប់ពីគណបក្សយុវជន កម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់ពាក្យប្ដឹង ទៅតុលាការកំពូលជាបន្តបន្ទាប់ ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតរបស់គណបក្សហ៊្វុនស៊ិនប៉ិចផ្ញើជូនក្រសួងមហាផ្ទៃ ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៥ តុលា ដោយយោងតាមមាត្រាមួយចំនួននៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ។ នៅក្នុងលិខិតរបស់សម្ដេច ក្រុមព្រះ ព្រះអង្គបានសរសេររៀបរាប់សរសើរលោក ហ៊ុន សែន និងបានគាំទ្រចំពោះការចោទប្រកាន់ កឹម សុខា ថាក្បត់ជាតិ និងត្រូវរ៉ូវជាមួយបរទេស មានបំណងផ្ដួលរំលំរដ្ឋាភិបាលនោះ។
ទោះបីជាបែបនេះក្ដី សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានគេមើលឃើញថា ជាតួអង្គមួយសំខាន់ នៅពេលនេះ ក្នុងការកម្ទេចគណបក្សប្រឆាំង នៅក្រោយពេល លោក ញឹក ប៊ុនឆៃ ដែលជាសមភាគី របស់ព្រះអង្គត្រូវបានលោក ហ៊ុន សែន លែងត្រូវការ ហើយចាប់ដាក់គុកនោះ។ សម្រាប់បរិបទនៅពេលនេះវិញ គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ឈ្នះការបោះឆ្នោត ហើយទីបញ្ចប់គ្មាន ១អាសនៈ ផងនៅក្នុងរដ្ឋសភានោះ គឺគណបក្សហ៊្វុនស៊ិនប៉ិចទំនងជាត្រូវខំបង្គាប់ចិត្តបក្សកាន់អំណាច ដើម្បីទទួលបានផលខ្លះ អាចបន្តដំណើរនយោបាយទៅមុខទៀតនៅឆ្នាំ ២០១៨ខាងមុខ។
នរណាក៏ដឹងដែរថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទ្រង់ហ៊ានធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីបន្តអំណាច របស់ខ្លួនសូម្បីតែសម្ព័ន្ធមិត្តដែលធ្លាប់ប្ដូរផ្ដាច់និងគ្នា ក៏ព្រះអង្គហ៊ានក្បត់ដែរ។ ឧទាហរណ៍ដូចជានៅក្រោយការបោះឆ្នោតអាណត្តិទី៣ ឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គ មានឱកាសម្ដងទៀត ក្នុងការចាប់ដៃមួយគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាមិនអាចជិះសេះលែងដៃ បង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។
គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ បានបង្កើតសម្ពន្ធភាពជាមួយគ្នា ឈ្មោះថា សម្ពន្ធភាពអ្នកប្រជាធិបតេយ្យ ដែលធ្វើឲ្យស្ថានភាព នយោបាយជាប់គាំងជិត១ឆ្នាំ។ នៅទីបំផុតត្រូវបានគេមើលឃើញថា សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ក្បត់លោក សម រង្ស៊ី រត់ទៅចាប់ដៃជាមួយលោក ហ៊ុន សែន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ បែងចែកអំណាចគ្នា ដឹកនាំរដ្ឋាភិបាលចម្រុះជាមួយគ្នា ដោយសម្ដេចក្រុមព្រះ ទ្រង់ធ្វើជាប្រធានរដ្ឋសភា ទោះបីជាព្រះអង្គធ្លាប់បានប្ដេជ្ញាជាមួយលោកសម រង្ស៊ី ថាមិនចាញ់ល្បិចកលលោក ហ៊ុន សែន ម្ដងទៀតក្ដី។
ទោះបីជានៅពេលនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅពេលនេះ ហាក់បីដូចជាសកម្ម និងប្រឹងប្រែងនៅលើឆាកនយោបាយជាថ្មីវិញទៀតក្ដី ក៏ប៉ុន្តែការប្រឹងប្រែងនេះ ត្រូវបានអ្នកច្បាប់មើលឃើញថា នឹងមិនអាចទទួលបានដូចបំណងឡើយ។
លោក មេធាវី ហុង គឹមសួន ពន្យល់ថា ការប្ដឹងរបស់គណបក្សនយោបាយទាំងពីរ ចង់រំលាយគណ បក្សសង្គ្រោះជាតិ ដោយយោងតាមច្បាប់ស្ដីការធ្វើវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយនេះ មិនអាចទៅរួចទេ ព្រោះច្បាប់នេះកើតឡើងក្រោយពេល លោក កឹម សុខា និយាយនៅប្រទេសអូស្ត្រាលីអំពីការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ម្យ៉ាងវិញទៀត លោក មេធាវី សេក សុភណ្ឌ បញ្ជាក់ថា បើសិនជាការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដោយហេតុផលរដ្ឋាភិបាលចោទលោក កឹម សុខា ពីបទក្បត់ជាតិនេះ ក៏មិនអាចទៅ រួចដែរ ព្រោះលោក កឹម សុខា គ្រាន់តែជាជនត្រូវចោទ តុលាការមិនទាន់ចោទប្រកាន់ ឬមិនទាន់មានទោសនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះនេះ គឹមានប្រតិកម្មជាច្រើន ពីសហគមន៍ជាតិ និងអន្តរជាតិ។ តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កំពុងជំរុញឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trum) ដាក់គំនាបសេដ្ឋកិច្ចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីដោះស្រាយវិបត្តិនយោបាយតានតឹងនៅកម្ពុជា។
លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ ពីខាងគណបក្សប្រជាធិបតេយ្យ បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៤ ខែតុលា ថា លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសផ្ដាច់ការកាន់តែខ្លាំងឡើងៗ និងកំពុងប្រឆាំងទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោកអះអាងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា គឺជាជ្រើសដ៏ល្អមួយ ប្រសិនបើលោក ហ៊ុន សែន មិនព្រមដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបញ្ឈប់ការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញដល់តំណាងរាស្ត្រផ្សេងទៀតរបស់បក្សប្រឆាំង មន្ត្រីអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានឯករាជ្យ។
ចំពោះមន្ត្រីជាន់អង្គការសហប្រជាជាតិវិញ បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងបើកឲ្យមានការបោះឆ្នោតប្រកប ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើមិនអ៊ីចឹងទេ សហភាពអឺរ៉ុបនឹងមិនទទួលស្គាល់រដ្ឋាភិបាល និងពិចារណាលើទីផ្សាររបស់កម្ពុជានៅសហគមន៍អឺរ៉ុបជាដើម។
លោក យឿង សុធារ៉ា បន្ថែមថា បើសិនជាតុលាការរំលាយគណបក្សសង្គ្រោះជាតិមែននោះ គឺស្មើ នឹងការវាយគូរប្រកួតឲ្យសន្លប់នៅពេលថ្ងៃប្រកួតមកដល់។ បើដូច្នេះមែន ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខគ្មានន័យអ្វីទេ ហើយក៏គ្មានអ្នកណាទទួលស្គាល់ដែរ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរា បញ្ជាក់ថា គណបក្សគ្មានសំឡេងក្នុងរដ្ឋសភា ប្ដឹងលោកចង់រំលាយគណបក្សសង្គ្រោះជាតិនេះ មិនអាចទៅរួចឡើយ។ លោកបញ្ជាក់ថា បើតុលាការ ឬក្រសួងមហាផ្ទៃប្ដឹងរំលាយគណបក្សប្រឆាំងមែន មានន័យថា ស្ថាប័នសភា ក៏រលាយដែរ បើដូច្នេះមែនគឺផ្ទុយពីរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញមាត្រា៧៨ ចែងថា នីតិរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីស្បថចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។
ក្រុមអ្នកច្បាប់ រួមទាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បញ្ជាក់ថា បើសិនជារដ្ឋាភិបាល ឬតុលាការនៅតែចាត់ការបណ្ដឹងនេះទាំងបំពានច្បាប់នោះ កម្ពុជានឹងមិនអាច ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ តែឯកឯងបានទេ ព្រោះប្រទេសក្រីក្រមួយនេះ នៅតែត្រូវការកិច្ចគាំទ្រពីសហគមន៍អន្តរជាតិ។ ម្យ៉ាងទៀត ប្រសិនបើលោក ហ៊ុន សែន ចង់ឲ្យរដ្ឋាភិបាលរបស់ខ្លួនមានភាពស្របច្បាប់ នោះលោក ហ៊ុន សែន ត្រូវតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមប្រកួតប្រជែងគ្រប់ភាគី៕
1 comment:
Re: អ្នកច្បាប់ និងអ្នកវិភាគនយោបាយពន្យល់ថា គណបក្សសង្គ្រោះជាតិ មិនអាចត្រូវតុលាការរំលាយបានទេ ដោយសាររដ្ឋធម្មនុញ្ញបានចែងអំពីអាណត្តិសភាមានរយៈពេល៥ឆ្នាំ បើសិនជា តុលាការរំលាយគណបក្សប្រឆាំងចោលមែន គឺស្ថាប័នសភាទាំងមូលក៏រលាយដែរ ហើយរដ្ឋាភិបាលនឹងក្លាយទៅជារដ្ឋាភិបាលមិនស្របច្បាប់។
But then again, Hun Sen's big fat mouth is the Law of the Land in Cambodia!
Post a Comment