Tuesday, 24 October 2017

អាជ្ញាធរ​ថា​ខ្មែរ​ក្រោម​នៅ​តែ​ពិបាក​ទទួល​បាន​ឯកសារ​បញ្ជាក់​ចុះ​ឈ្មោះ​បោះឆ្នោត


ដោយ អាស៊ីសេរី
2017-10-23 

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA



សង្គម​ស៊ីវិល និង​អាជ្ញាធរ​នៅ​មូលដ្ឋាន រក​ឃើញ​ថា ជនជាតិ​ដើម​ខ្មែរ​មកពី​ទឹកដី​ក្រោម ឬ​បច្ចុប្បន្ន​ជា​ទឹកដី​របស់​វៀតណាម ដែល​មក​រស់នៅ​កម្ពុជា នៅតែ​ពិបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ អត្តសញ្ញាណប័ណ្ណ ដើម្បី​យក​ទៅ​ចុះឈ្មោះ​បោះឆ្នោត។



ទោះជា​ខ្មែរ​ក្រោម​ខ្លះ អះអាង​ថា ពួកគាត់​នឹង​មិន​ទៅ​បោះឆ្នោត​នោះ​ទេ បើ​បក្ស​ប្រឆាំង​ត្រូវ​រដ្ឋាភិបាល​រំលាយ និង​យក​សំឡេង​របស់​ពួកគេ​ទៅ​ចែក​គ្នា ប៉ុន្តែ ពួកគាត់​នៅតែ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត។

យុវជន​ម្នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​កិច្ច​សន្ទនា​រវាង​យុវជន​អន្ដរ​ជនជាតិ ជាមួយ​ចៅសង្កាត់​អាណត្តិ​ទី​៤ ស្ដីពី​វប្បធម៌​សន្តិភាព​ក្នុង​សហគមន៍​ចម្រុះ​ជនជាតិ លើកឡើង​ពី​ផល​លំបាក​ទាំង​ការ​រស់នៅ និង​ការ​បញ្ជាក់​ឯកសារ​ពី​អាជ្ញាធរ នៅ​តែ​មាន​ភាព​រើសអើង​សម្រាប់​ជនជាតិ​ដើម​ខ្មែរ​ក្រោម។

ប្រធាន​លេខាធិការដ្ឋាន និង​ជា​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ទទួល​ស្គាល់​ថា ស្ថានភាព​របស់​ជនជាតិ​ដើម​ខ្មែរ​ក្រោម នៅ​កម្ពុជា​ពិតជា ពិបាក​ក្នុង​ការ​បញ្ជាក់​ឯកសារ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​មែន។

ក្រៅពី​ការពិបាក​ទទួល​បាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ ជនជាតិ​ដើម​ខ្មែរ​ក្រោម​ក៏​មាន​ក្ដី​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ តានតឹង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែរ​។ ចំពោះ​ក្ដី​បារម្ភ​របស់​ខ្មែរ​ក្រោម​នេះ លោក សឺន ជុំជួន ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ខ្មែរ​ក្រោម បច្ចុប្បន្ន​ប្រហែល​គ្មាន​លទ្ធភាព​ក្នុង​ការ​សម្ដែង​ការ​មិន​ពេញចិត្ត ជា​បាតុកម្ម ឬ​ការ​ដង្ហែ​ក្បួន ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល ដែល​មាន​គម្រោង​រំលោភ​ឆន្ទៈ​របស់​ជនជាតិ​ដើម​ខ្មែរ​ក្រោម​នោះ​ទេ។ ប៉ុន្តែ ការចូលរួម​របស់​ជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ក្នុង​បាតុកម្ម​ជាមួយ​ខ្មែរ​នៅ​បរទេស នៅ​តែ​មាន​ជា​ធម្មតា។

ការ​ចុះ​ឈ្មោះ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៧០​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា។ ការ​ចុះឈ្មោះ​បោះឆ្នោត​បាន ត្រូវ​ឲ្យ​ពលរដ្ឋ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ប្រសិនបើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ ពលរដ្ឋ​ត្រូវ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​វិញ ហើយ​ដើម្បី​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ពលរដ្ឋ​សាមី​ត្រូវ​ទៅ​ស្នើសុំ​ពី​សាលាឃុំ​-​សង្កាត់ ដែល​ខ្លួន​កំពុង​ស្នាក់​នៅ ដោយ​នាំទៅ​ជាមួយ​នូវ​សាក្សី ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​រស់​នៅ​ក្នុង​ឃុំ​-​សង្កាត់ ជាមួយគ្នា ចំនួន​២​នាក់ និង​រូបថត​ទំហំ ៣​គុណ​៤ ចំនួន​២​សន្លឹក។

ចៅសង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ អ្នកស្រី ច័ន្ទ សំណាង ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន ក៏​មាន​ការពិបាក​ក្នុង​ការ​ផ្ដល់​ឯកសារ​ឲ្យ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ដែរ ដោយសារ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ក្រសួងមហាផ្ទៃ​តម្រូវ។

ចំណែក​ចៅ​សង្កាត់រង​ទី​១ នៃ​សង្កាត់​ច្រាំងចំរេះទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ លោក ហួត ហៀង ថា ជនជាតិ​ដើម​ខ្មែរ​ក្រោម គឺជា​ខ្មែរ​ពី​កំណើត ហើយ​ការ​ដែរ​ពិបាក​ទទួល​បាន​ឯកសារ ដោយសារ កំហុស​បច្ចេកទេស មិនមែន​កត្តា​ច្បាប់​នោះ​ទេ។ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អ្នកនាំពាក្យ​គ.ជ.ប បាន​ទេ នៅ​ថ្ងៃ​ទី​២៣ តុលា។

នាយក​ប្រតិបត្តិ នៃ​អង្គការ​ខេមរអភិវឌ្ឍន៍​សហគមន៍ អ្នកស្រី ចាន់ សុខា ថ្លែង​ថា អង្គការ​អ្នកស្រី នឹង​ព្យាយាម​ជំរុញ​អង្គការ និង​រដ្ឋាភិបាល​អនុវត្តន៍​ច្បាប់ ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ស្នើ​ភាព​គ្នា។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថា ក្រៅពី​ការ​មិន​ទទួល​បាន​ឯកសារ​បញ្ជាក់​ដើម្បី​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជនជាតិ​ដើម​ខ្មែរ​ក្រោម​ក៏​បារម្ភ​អំពី​ការ​ចាប់ខ្លួន​ទាំង​បង្ខំ​បញ្ជូន​ទៅ​ទឹកដី​កំណើត​វិញ៕

1 comment:

Anonymous said...

Well, looks like everybody in Cambodia [the little people, young and old, and every rank and file of the Hun Sen regime included] has just had it with the HUN SEN Viet/CPP's oppression of the Khmer people in favor of the Viet/YUON. Down with the HUN SEN/Viet CPP regime in Phnom Penh!!! Bravo and long live the Khmer people!!!