Monday, 25 December 2017
សហគមន៍ព្រៃឡង់ខកចិត្តចំពោះវិធានការបង្ក្រាបបទល្មើសព្រៃឈើខេត្តកំពង់ធំ
ដោយ ទីន ហ្សាការីយ៉ា
2017-12-24
បណ្ដាញស្នូលការពារព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ចុះល្បាតព្រៃសហគមន៍ក្បាលខ្លា ប្រទះឃើញការកាប់ឈើនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧
Photo: RFA
សហគមន៍ការពារព្រៃឡង់ក្នុងខេត្តកំពង់ធំ ចាត់ទុកថា មន្ត្រីឧទ្យានុរក្សស្នាក់ការអូរងាវ ស្រុកសណ្ដាន់ មិនបានអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងបានអនុញ្ញាតឲ្យជនសង្ស័យបទល្មើសព្រៃឈើរួចខ្លួន។ បញ្ហានេះកើតឡើងនៅក្នុងពេលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ចុះល្បាតព្រៃរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ។
សហគមន៍ការពារព្រៃឡង់ ក្នុងខេត្តកំពង់ធំ ខកចិត្តចំពោះវិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើរបស់មន្ត្រីឧទ្យានុរក្សនៃខេត្តនេះ។
អ្នកសម្របសម្រួលបណ្ដាញការពារព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ថ្លែងនៅថ្ងៃទី២៣ ធ្នូ ថា បណ្ដាញសហគមន៍ជាង១០នាក់ ពីឃុំសណ្ដាន់ ឃុំមានរិទ្ធ ឃុំដងកាំបិត ស្រុកសណ្ដាន់ បានសហការជាមួយមន្ត្រីឧទ្យានុរក្សមកពីក្រសួងបរិស្ថាន និងមន្ត្រីប៉ូលិសប៉ុស្តិ៍ ចុះល្បាតបទល្មើសព្រៃឈើក្នុងដែនអភិរក្សជម្រកសត្វព្រៃរយៈពេល៣ថ្ងៃ។ សកម្មភាពល្បាតនេះ សហគមន៍បានរកឃើញម៉ាស៊ីនរណាយន្ត២គ្រឿង អាវុធកែច្នៃ១ដើម គ្រាប់កាំភ្លើងម៉ាកអាកា (AK) ៥គ្រាប់ នៅនឹងរោងអារឈើ ឈើកកោះ និងឈើផ្សេងទៀត ប្រហែល៥ម៉ែត្រគុប។ ប៉ុន្តែ អ្វីដែលសហគមន៍ខកចិត្តបំផុតនោះគឺម្ចាស់គោយន្តម្នាក់មានទាំងរណាយន្តដែលកំពុងធ្វើសកម្មភាពដឹកឈើក្បែរតំបន់ក្រុមហ៊ុនវៀតណាម ស៊ីអស៊ីខេ (CRCK) ស្ថិតនៅក្នុងឃុំដងកាំបិត នោះត្រូវបានមន្ត្រីឧទ្យានុរក្សស្នាក់ការអូរងាវ ដោះលែងទៅវិញដោយសុវត្ថិភាព ក្រោមហេតុផលថា ការកាប់ឈើនេះមានច្បាប់។ លោក ហឿន សុភាព យល់ថា ការធ្វើដូច្នេះគឺជាការអនុវត្តច្បាប់ដែលគ្មានប្រសិទ្ធភាព និងមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេ៖ «កម្លាំងតិចពេកយើងសុំកម្លាំងស្នាក់ការអូរងាវ ទៅជួយព្រោះមនុស្សធ្វើសកម្មភាពអត់សូវល្អរៀងគំរាមកំហែងដល់ក្រុមពួកខ្ញុំ។ ប៉ុន្តែរឿងគួរឲ្យហួសចិត្តនៅពេលដែលយើងហៅមន្ត្រីឧទ្យានុរក្សគេបែរទៅជាដោះលែងគោយន្តឲ្យរួចខ្លួនទៅវិញ ដោយគេយកលេសថាគោយន្តនោះមានច្បាប់ ក្រុមពួកខ្ញុំបានសុំច្បាប់មើលគេអត់ឲ្យមើលទេ យើងប្រុងរៀបចំបញ្ជូនស្រាប់តែមន្ត្រីឧទ្យានុរក្សគេនិយាយត្រូវរ៉ូវគ្នាជាមួយប្រធានមន្ត្រីអីយ៉ាងម៉េចទេ ក៏គេដោះលែងបាត់ទៅ។ ខ្ញុំគិតថាយើងនៅតែចុះបើយើងអត់ចុះទេ យើងបណ្ដោយឲ្យក្រសួងបរិស្ថានធ្វើតែឯងខ្ញុំគិតថា មិនសល់ទេព្រៃឈើ បើការអនុវត្តច្បាប់អត់មានប្រសិទ្ធភាពដូចយើងឃើញជាក់ស្ដែងហើយ»។
ទាក់ទងរឿងនេះដែរ ក្រុមស្នូលនៃបណ្ដាញសហគមន៍ការពារព្រៃឡង់ ភូមិស្រែវាល ឃុំដងកាំបិត ខេត្តកំពង់ធំ លោក សុខ ប្លោក ចាត់ទុកថា ទង្វើនិងភាពមិនច្បាស់លាស់របស់មន្ត្រីឧទ្យានុរក្សគឺជាការបោកប្រាស់សហគមន៍ទាំងស្រុង និងទំនងជាមានភាពមិនប្រក្រតីចំពោះការដោះលែងជនសង្ស័យដោយងាយៗបែបនេះ៖ «ខំចាប់គោយន្តដាក់ឈើលើនោះស្រាប់បណ្ដើរ ៣គីឡូដីចេញពីក្នុងព្រៃ។ ប៉ុន្តែអ្វីដែលពួកខ្ញុំមិនអស់ចិត្តគឺពួកខ្ញុំអត់ឃើញច្បាប់ បើឃើញក៏ពួកខ្ញុំមិនថាអីដែរ ព្រោះយើងធ្វើរាល់ថ្ងៃក៏យើងមិនអត្តនោម័តិអីដែរ យើងរក្សាទុកដើម្បីធ្វើផ្ទះធ្វើសម្បែងអីខ្លះៗដែរ។ ប៉ុន្តែនេះហាក់បីដូចជាបោកប្រាស់ក្រុមបណ្ដាញព្រៃឡង់ទាំងស្រុង។ គាត់ថា ប្រធានមន្ត្រីបរិស្ថានលោក តុប កក្កដា អ្នកបញ្ជាឲ្យដោះលែងគាត់ថា ឈើហ្នឹងគេមានច្បាប់ ប៉ុន្តែមិនទាន់យកមកដល់ទេចាំយកមកតាមក្រោយ។ ប្រហែលជាបរិស្ថាន ប្រធានក្រុមអូរងាវ ទាំងប្រធានមន្ទីរ ប្រហែលជាអាចពាក់ព័ន្ធនឹងរឿងលុយកាក់ជាមួយច្បាស់បទល្មើសហ្នឹងព្រោះដោះលែងស្រួលពេក»។
ជុំវិញការការពារព្រៃឈើនេះ កាលពីចុងខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានរៀបចំវេទិកាស្ដីពីការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការពារនិងអភិរក្សធនធានធម្មជាតិ។
វេទិកានេះមានគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី សំដៅពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា សហគមន៍។
ប៉ុន្តែ សហគមន៍ការពារព្រៃឡង់ ក៏ត្អូញត្អែរដែរថា ថ្មីៗនេះអាជ្ញាធរបានតម្រូវឲ្យពួកគាត់ត្រូវដាក់លិខិតស្នើសុំជាសិន មុននឹងចុះល្បាតព្រៃឡង់។ ការតម្រូវនេះពួកគេយល់ថា ជាការរឹតបណ្ដឹងចំពោះសកម្មភាពការងារការពារធនធានធម្មជាតិរបស់សហគមន៍ និងជាការរំលោភសិទ្ធិសហគមន៍ គឺផ្ទុយពីគោលនយោបាយរបស់ក្រសួងបរិស្ថាន ដែលតែងតែលើកទឹកចិត្តឲ្យសហគមន៍ចូលរួម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment