Monday, 25 December 2017
មន្ត្រីបក្សប្រឆាំងខេត្តប៉ៃលិនចូលប្រកាសទ្រព្យសម្បត្តិរួចបានប្រហែល៨៥ភាគរយ
ដោយ តាំង សារ៉ាដា
2017-12-24
អង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ មេសា ឆ្នាំ២០១៦
Photo: RFA
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត គិតត្រឹមថ្ងៃទី២៤ ខែធ្នូ មានប្រហែល៨៥% ហើយដែលបានប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។
អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន ឲ្យដឹងនៅថ្ងៃទី២៤ ធ្នូ ថា មន្ត្រីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តនេះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិមានចំនួន ២៥នាក់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុប២៩នាក់។ លោកបន្តថា នៅសល់តែសមាជិកចំនួន ៤នាក់ប៉ុណ្ណោះដែលមិនទាន់ប្រកាសទ្រព្យសម្បត្តិ ក្នុងនោះសមាជិក ២នាក់កំពុងរត់គេចខ្លួន ហើយ២នាក់ទៀតនឹងប្រកាសទ្រព្យសម្បត្តិយ៉ាងយូរត្រឹមថ្ងៃទី៣០ ធ្នូ។
កាលពីថ្ងៃទី១១ ខែធ្នូ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតជូនដំណឹងតម្រូវឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងអស់ដែលត្រូវបញ្ឈប់ពីមុខតំណែង ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេល ៣០ថ្ងៃជាកំហិត។
ក្រោយមក គឺនៅថ្ងៃទី១៧ ខែធ្នូ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ដែលមិនព្រមទៅប្រកាសទ្រព្យសម្បត្តិតាមបញ្ជារបស់អង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះពួកគេមិនទាន់បញ្ចប់កាតព្វកិច្ចនៅឡើយទេ។ លោកអះអាងថា រាល់មន្ត្រីគណបក្សប្រឆាំងណាក៏ ដោយពេលចូលកាន់តំណែងត្រូវប្រកាសទ្រព្យសម្បត្តិ ហើយពេលបញ្ចប់តំណែងក៏ត្រូវប្រកាសទ្រព្យសម្បត្តិវិញដែរ។
ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យ អង្គការប្រឆាំងអំពើពុករលួយអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នាគ្រប់គណបក្សនយោបាយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment