Thursday, 21 December 2017

លោក ហ៊ុន សែន ឲ្យ​មន្ត្រី​៨០​នាក់​សរសេរ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជូន​អ.ស.ប​ផ្ទាល់


Khmer Circle: You write what you want...as long as Angka Leu has the final say on your report!


ដោយ អាស៊ីសេរី
2017-12-19

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
Screenshot



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ធ្នូ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​មួយ​ដែល​មាន​មន្ត្រី​ចំនួន ៨០​នាក់ ឲ្យ​ដឹកនាំ​ការងារ​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ (អ.ស.ប) ដោយ​ផ្ទាល់។



ការ​សម្រេច​បង្កើត​ក្រុម​ការងារ​នេះ គឺ​ក្រោយពេល​ដែល​រដ្ឋាភិបាល​កម្ពុជា រង​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នៅ​លើ​ពិភពលោក​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា។

​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​នៃ​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​កោះ​ប្រជុំ​តំណាង​ប្រទេស​មួយ​ចំនួន រួម​ទាំង​តំណាង​របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ ដើម្បី​ពិភាក្សា​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​ទាំង ៨០​នាក់ មាន​តួនាទី​រៀបចំ​សេចក្ដី​ព្រាង​របាយការណ៍​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជ​សាសន៍។ ថ្វីបើ​មន្ត្រី​ទាំង ៨០​នាក់ ត្រូវ​សរសេរ​របាយការណ៍​សិទ្ធិមនុស្ស​ទាំង​នេះ ដាក់​ដោយ​ផ្ទាល់​ទៅ​អង្គការ​សហប្រជាជាតិ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​សេចក្ដី​សម្រេច​បញ្ជាក់​ថា របាយការណ៍​ទាំង​នោះ​ត្រូវ​ដាក់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ជា​មុន​សិន មុន​នឹង​បញ្ជូន​ទៅ​អង្គការ​សហប្រជាជាតិ។

ក្រុម​បង្កើត​ថ្មី​ដែល​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នេះ ក៏​មាន​តួនាទី​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​របាយការណ៍​ដែល​អង្គការ​សហប្រជាជាតិ​ស្នើ​សុំ និង​ត្រូវ​លើក​យោបល់​ជូន​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​របាយការណ៍​នានា របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ប្រទេស​កម្ពុជា ជាប់​កាតព្វកិច្ច​សរសេរ​របាយការណ៍​របស់​ខ្លួន​ជា​ទៀងទាត់ ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​អនុវត្តន៍ និង​ការ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ខ្លួន​បាន​ប្ដេជ្ញា​អនុវត្ត​តាម​កតិកាសញ្ញា និង​អនុសញ្ញា​ទាំង​នោះ៕

No comments: