Thursday, 21 December 2017
"កម្ពុជាមិនអាចពឹងលើការធ្វើពាណិជ្ជកម្មដោយគ្មានទំនាក់ទំនងវិនិយោគជាមួយប្រទេសខាងក្រៅ"
ដោយ តាំង សារ៉ាដា
2017-12-20
ពិព័រណ៍ពាណិជ្ជកម្មថៃ-ខ្មែរ នៅក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥។
Photo: RFA
ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជាមិនអាចពឹងផ្អែកលើការធ្វើពាណិជ្ជកម្មបិទជិតដោយគ្មានទំនាក់ទំនងវិនិយោគជាមួយបណ្ដាប្រទេសខាងក្រៅ ជាពិសេសបណ្ដាប្រទេសលោកសេរីនោះទេ ដោយសារប្រទេសកម្ពុជា គឺជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
អង្គការលើកស្ទួយខាងវិស័យការងារនៅកម្ពុជា បានលើកទឹកចិត្តអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើនគុណភាពខាងវិស័យកសិកម្ម និងវិស័យឧស្សាហកម្មក្នុងប្រទេសខ្លួនអោយខ្លាំង ហើយស្រូបយកកម្លាំងពលកម្មរបស់ខ្មែររាប់លាននាក់ដែលកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដើម្បីប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិវិញ ប្រសើរជាងការប៉ុនប៉ងបិទទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសលោកសេរី។
មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សដែលហៅកាត់ថា សង់ត្រាល់ (Central) លោក មឿន តុលា បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា អ្វីដែលកម្ពុជា ត្រូវស្តារសេដ្ឋកិច្ចរបស់ខ្លួនអោយកាន់តែរឹងមាំថែមទៀតនៅក្នុងពិភពនៃទីផ្សារសេរីបើកចំហនោះ គឺកម្ពុជា ត្រូវបង្កើនគុណភាពនៃកម្លាំងពលរដ្ឋរបស់ខ្លួន បង្កើនការផលិតរបស់ខ្លួន និងបង្កើនការនាំចេញរបស់ខ្លួនជាជាងការបិទច្រករកស៊ីរបស់ខ្លួនជាមួយពិភពខាងក្រៅ៖ «ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងសម័យសកលភាវូបនីយកម្មនេះ យើងក៏មិនអាចថា ខ្លួនឯងហ្នឹងរស់ដោយមិនអាចពឹងផ្អែកទីផ្សារបរទេសដែរ។ ដូចជាប្រទេសថៃក្តី ប្រទេសម៉ាឡេស៊ី ក្តី ទោះបីជាប្រទេសគេមានចំណូលមធ្យមអីអ៊ីចឹងមែន ក៏ប៉ុន្តែនៅពឹងផ្អែកដដែល។ ដូចប្រទេសថៃ នាំចេញគ្រឿងសមុទ្ររបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប ទៅអង់គ្លេសអីច្រើនណាស់។ នៅក្នុងសម័យសកលភាវូបនីយកម្មនេះ គឺយើងមិនអាចថា យើងមិនពឹងផ្អែកទៅលើទីផ្សារអន្តរជាតិទេ គឺត្រូវតែពឹង។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺធ្វើយ៉ាងណាបង្កើតឱកាសការងារអោយបានច្រើនសម្រាប់ពលរដ្ឋអត់មានជំនាញ ឬមានជំនាញតិចតួចហ្នឹង»។
លោកបន្តថា កម្ពុជាជាសមាជិករបស់អង្គការពាណិជ្ជកម្មអន្តរជាតិ ដូច្នេះកម្ពុជាត្រូវតែអនុវត្តតាមគោលការណ៍របស់អង្គការនេះ។ គោលការណ៍របស់អង្គការ WTO ដែលកម្ពុជា សុំចូលជាសមាជិកកាលពីឆ្នាំ២០០៥ គឺតម្រូវអោយមានការដករាល់របាំងពាណិជ្ជកម្មរបស់ប្រទេសទាំងឡាយណាដែលជាសមាជិករបស់ខ្លួន ដើម្បីអាចអោយប្រទេសទាំងនោះអាចមានលទ្ធភាពក្នុងការនាំទំនិញទៅលក់នៅក្រៅប្រទេស និងទទួលទំនិញមកលក់ក្នុងប្រទេសរបស់ខ្លួនវិញ។
លោក មឿន តុលា បញ្ជាក់ថា ប្រសិនបើកម្ពុជា ចង់បិទទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសខាងក្រៅ លុះត្រាតែលោក ហ៊ុន សែន ដកខ្លួនចេញពីសមាជិក WTO នេះសិន។ ការអះអាងរបស់មន្ត្រីឃ្លាំមើលសិទ្ធិការងាររូបនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីព្រឹកថ្ងៃពុធ នៅចំពោះមុខកម្មករ កម្មការិនីជាង ១ម៉ឺននាក់ក្នុងទីក្រុងភ្នំពេញថា កម្ពុជាមិនត្រូវពឹងផ្អែកលើការដកដង្ហើមពីខាងក្រៅនោះទេ ហើយកម្ពុជា ក៏មិនត្រូវពឹងផ្អែកលើវិស័យតែមួយនោះដែរ គឺកម្ពុជា ត្រូវតែអភិវឌ្ឍលើគ្រប់វិស័យ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «យើងមិនត្រូវពឹងផ្អែកលើផ្នែកមួយ ហើយភ្លេចផ្នែកមួយនោះទេ គឺយើងត្រូវតែអភិវឌ្ឍលើគ្រប់វិស័យ។ យើងអភិវឌ្ឍទាំងក្នុងវិស័យកសិកម្ម យើងអភិវឌ្ឍន៍ដោះស្រាយទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងសេវាកម្មដែលសុទ្ធសឹងតែរួមចំណែកក្នុងការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេស។ យើងមិនធ្វើជាអ្នកដែលតែងទទួលរង់ចាំអុកស៊ីហ្សែនពីគេទេ»។
លោក ហ៊ុន សែន ព្រមានថា នៅប៉ុន្មានឆ្នាំខាងមុខនេះ កម្ពុជានឹងត្រូវកាត់ផ្តាច់ការអនុគ្រោះពន្ធដោយសារតែកម្ពុជា បានចាកចេញពីប្រទេសក្រីក្រមកនៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយត្រូវបានព្យាករថា នៅឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដែលនឹងលែងមានការអនុគ្រោះពន្ធតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ លោក មឿន តុលា អះអាងថា កម្ពុជាអាចលំបាកគេចផុតពីប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយសារគម្លាតរវាងអ្នកមាន និងអ្នកក្រនៅមានកម្រិតដាច់ឆ្ងាយពីគ្នាពេក ហើយម្យ៉ាងទៀត កម្ពុជាអាចប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីក្រុមប្រទេសអ្នកបញ្ជាទិញផលិតផលពីកម្ពុជា ដោយសារកម្ពុជា បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយលំបាកឈានទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នោះណាស់។
រហូតមកទល់ពេលនេះ កម្ពុជាបាននាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប មានទឹកប្រាក់ចំនួនជាង ៤ពាន់លានដុល្លារ ហើយបានរួចពន្ធចំនួនជាង ៦០០លានដុល្លារ រីឯទំនិញទៅកាន់សហរដ្ឋអាមេរិក មានជាង ២ពាន់លានដុល្លារ ហើយបានរួចពន្ធជាង ២០០លានដុល្លារ។ ដូច្នេះប្រសិនបើបណ្តាប្រទេសទាំងនេះបិទប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាមែន គឺកម្ពុជានឹងខាតប្រាក់ចំណេញពីពន្ធរបស់ខ្លួនចំនួនជាង ៨០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ដែលចំនួនទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ ស្មើនឹងប្រាក់ចំណាយរបស់ជាតិទាំងមូលក្នុងមួយឆ្នាំៗ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment