Wednesday, 27 December 2017

តុលាការ​ចោទ​ស្ត្រី​ដែល​និយាយ​ថា​លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី


ដោយ តាំង សារ៉ាដា
2017-12-25 
rfa
ស្ត្រី​ដែល​​ឈ្មោះ​ក្នុង​ហ្វេសប៊ុក (Facebook) ថា ហេង លក្ខិណា ត្រូវ​តុលាការ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដែល​ស្ត្រី​ម្នាក់​នេះ​ចោទ​ថា លោក ហ៊ុន សែន សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។
ស្ត្រី​ដែល​​ឈ្មោះ​ក្នុង​ហ្វេសប៊ុក (Facebook) ថា ហេង លក្ខិណា ត្រូវ​តុលាការ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដែល​ស្ត្រី​ម្នាក់​នេះ​ចោទ​ថា លោក ហ៊ុន សែន សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។



ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ ៣៧​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ»។ បទចោទប្រកាន់​មួយ​នេះ អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។



​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី២២ ធ្នូ​ បាន​បើកសវនាការ​ជំនុំ ជម្រះ​ស្ត្រី​ម្នាក់​នេះ​ពី​បទ​ជេរប្រមាថ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី។

​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ដក​ស្រង់​សម្ដី​លោក អ៊ី ថាវរៈ ជា​ចៅក្រម​ជំនុំជម្រះ និង​អ្នកស្រី ម៉ាក់ នី ដែល​ជា​តំណាង​អយ្យការ​ចុះ​ផ្សាយ​ថា តុលាការ​បាន​សម្រេច​រក្សា​បទ​ចោទ​ប្រកាន់​នៅ​ដដែល និង​ផ្ដន្ទាទោស​ស្ត្រី​ឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា តាម​ច្បាប់។ ក្រោយ​ការ​សួរ​ដេញ​ដោយ​តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ។

​ស្ត្រី ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ម្តុំ​បេនឡាន រិទ្ធីមុនី ក្រោយ​ពី​ស្ត្រី​រូប​នោះ​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេសប៊ុក ឈ្មោះ ហេង លក្ខិណា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ដោយ​បាន​ហៅ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា ជា​ឃាតក នៅ​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ពិធីបុណ្យ​រំលឹក​ខួប ១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ ដែល​រៀបចំ​ឡើង​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ពាក់ព័ន្ធ​ការ​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​អ្នក​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ កន្លង​មក​សមត្ថកិច្ច​កម្ពុជា បាន​ផ្ដន្ទាទោស​មនុស្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ ដោយសារ​ពួកគេ​បាន​រិះគន់​ដល់​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​ពួក។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​បង្កើត​មាត្រា​ថ្មី​មួយ​ទៀត​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​ថែម​ទៀត។

​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា កន្លង​មក​មាន​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​គ្មាន​ច្បាប់​ចែង​ដាក់​ទោស​ទណ្ឌ ទើប​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​អាច​នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន។ ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ធ្វើ​ឡើង​ស្រប​ពេល​មាន​ជន​អនាមិក​មួយ​ចំនួន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ប្រមាថ​អង្គ​ព្រះមហាក្សត្រ។

​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ព្យាយាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ក្រុម​អ្នក​រិះគន់ ថា​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​អោយ​ចំណាត់​ថ្នាក់​ដល់​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​សេរីភាព។ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៃ​របប​របស់​លោក ហ៊ុន សែន កំពុង​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ចំនួន​ជាង ២០​នាក់ យ៉ាង​វេទនា​ដោយសារ​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ៕

No comments: