Wednesday, 27 December 2017

មេធាវី​ការពារ​​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី​គ្រោង​ប្ដឹង​សាទុក្ខ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​​បណ្ដោះអាសន្ន


ដោយ ហេង សកល
2017-12-26 

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA



មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គ្រោង​ប្ដឹង​សាទុក្ខ​នឹង​សាលដីកា​សម្រេច​បដិសេធ​មិន​ឱ្យ​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ លោក​មេធាវី កែវ វ៉ាន់នី ការពារ​ក្តី​ឱ្យ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ខែ​ធ្នូ​នេះ បាន​សម្រេច​បដិសេធ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ដោយ​តម្កល់​ដីកា​សម្រេច​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ដោយ​លើក​មូល​ហេតុ​ថា រឿង​ក្តី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត។



អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​លួច​ផលិត ព័ត៌មាន​បញ្ជូន​មករ​ដ្ឋ​ធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី៧ ទៅ ១៥​ឆ្នាំ។

លោក កែវ វ៉ាន់នី បញ្ជាក់​ថា មូលហេតុ​នេះ​លោក​មិន​អាច​ទទួលយក​ការសម្រេច​របស់​តុលាការ​បាន ដោយ​ហេតុ​ថា កូន​ក្តី​របស់​លោក​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នេះ​ឡើយ ហើយ​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​តុលាការ​បន្ត​ឃុំខ្លួន​កូន​ក្តី​របស់​លោក​ទាល់តែ​សោះ ដោយសារ​តែ​គោលការណ៍​ច្បាប់​ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព ហើយ​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​នឹង​មិន​បង្ក​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​ការ​ច្របូកច្របល់​ឡើយ។

​លោក កែវ វ៉ាន់នី បាន​ឱ្យ​ដឹង​ថា កូន​ក្តី​ទាំង​ពីរ​របស់​លោក បាន​លើក​មូល​ហេតុ​ថា ពួកគាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​បញ្ជូន​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ទៅ​ឱ្យ​បរទេស​ណា​ឡើយ ព្រោះ​កាល​នៅ​ធ្វើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី ពួកគាត់​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី សង្គម ដែល​ច្បាប់​មិនបាន​ហាម​ឃាត់​ឡើយ។ ពួកគាត់​ក៏បាន​សន្យា​ថា​នឹង​មិន​គេចវេះ​ទៅ​ណា​ឡើយ ដោយ​នឹង​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​គ្រប់​ពេល ហើយ​ពួកគាត់​ក៏បាន​ប្រគល់​លិខិតឆ្លងដែន​ឱ្យ​តុលាការ​អស់ហើយ។

កាលពី​ថ្ងៃទី​២៥ ធ្នូ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក៏​បាន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ជុំវិញ​បទចោទប្រកាន់​បញ្ជូន​ព័ត៌មាន​ឱ្យ​បរទេស។អ្នកច្បាប់​ជាតិ និង​អង្គការ​អន្តរជាតិ​អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌ ហើយ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងពីរ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ មក​ទល់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​នេះ ចូល​ថ្ងៃ​ទី​៤៣​ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំខ្លួន​អ្នក​ទាំងពីរ៕

No comments: