Tuesday 5 December 2017

“ការ​ដោះស្រាយ​ផល​ប៉ះពាល់​តំបន់​សេសាន​នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ​ទោះ​ពលរដ្ឋ​បាត់​ប្រយោជន៍”


ដោយ សេក បណ្ឌិត
2017-12-04 
rfa
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
Photo Provided



គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ​ស្ទឹងត្រែង សម្រេច​មិន​ទទួល​ខុសត្រូវ រាល់​ការ​បាត់បង់​ផល​ប្រយោជន៍ ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​នោះ​ទេ។ គណៈកម្មការ​នេះ​បាន​ដាក់​ឱសានវាទ នៃ​ការ​បិទ​បញ្ចប់​ដំណោះស្រាយ​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រឹម​នៅ​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០១៧។ មន្ត្រី​សង្គម​ស៊ីវិល ចោទ​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។



ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​អ្នកឃ្លាំមើល​បរិស្ថាន​ចាត់​ទុក​ការ​បដិសេធ​មិន​សាងសង់​ភូមិ​ថ្មី ជូន​ពលរដ្ឋ​ដែល​មិន​ទទួល​សំណង គឺជា​ទង្វើ​ល្មើស​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល។ កាលពី​ខែ​តុលា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ បិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ស្ថាពរ។ កាល​ពេល​នោះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង​រស់នៅ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាល​រមាស​ចាស់ អាច​តាំង​ទីលំនៅ​ភូមិ​ថ្មី​បាន។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង នៅ​ភូមិ​ក្បាល​រមាសចាស់ លោក ប្រច់ រិទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៤ វិច្ឆិកា​ថា ពលរដ្ឋ ៥៧​គ្រួសារ​ប្រកាន់​ជំហរ​ក្រាញននៀល​មិន​ចាក​ចេញពី​ភូមិ ដោយសារ​ពួកគាត់​មិន​អាច​បោះបង់ចោល​ប្រពៃណី វប្បធម៌ ដី​ព្រៃ​ឈើ ផ្នូរ​ដូនតា និង​ភូមិ​កំណើត។ លោក​បញ្ជាក់​ថា អ្នកភូមិ​ក្បាល​រមាស​មួយ​ចំនួន​បាត់បង់​ដីស្រែ​ធ្វើ​កសិកម្ម និង​ខូចខាត​ផលដំណាំ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទទ្វារ​ទឹកជា​ស្ថាពរ។ លើស​ពី​នេះ អ្នក​ភូមិ​ខ្លះ​មក​រស់នៅ​ដីចម្ការ​វិល​ជុំ និង​មួយ​ចំនួន​ទៀត មក​សង់​ខ្ទម​នៅ​ទួល​ខ្ពស់​ជា​បណ្ដោះអាសន្ន។ «»

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​គេ​ដក​ពី​តំណែង​ឲ្យ​ដឹង​ថា រយៈពេល​ជាង ២​សប្ដាហ៍​ចុងក្រោយ​នេះ​មាន​អ្នកភូមិ ៦​គ្រួសារ​ថ្មី​ទៀត ប្ដូរ​ឥរិយាបថ​ព្រម​ទទួល​សំណង និង​បាន​ទៅ​រស់នៅ​ភូមិ​ថ្មី​រួចហើយ ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​ពលរដ្ឋ ៥០​គ្រួសារ មិន​រាប់បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញពី​ភូមិកំណើត។ លោក​ថា ក្រុមហ៊ុន​អះអាង​ថា នឹង​មិន​សាងសង់​ភូមិ​ថ្មី​ជូន​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​នោះ​ទេ ព្រោះ​ការសាងសង់​ភូមិ​ថ្មី ត្រូវ​ចំណាយ​ថវិកា​ច្រើន។ លោក​បញ្ជាក់​ថា ភូមិ​ថ្មី​ដែល​ពលរដ្ឋ​គ្រោង​ស្នើសុំ​នោះ ហ៊ុមព័ទ្ធ​ដោយ​ទឹក លំបាក​ធ្វើដំណើរ គ្មាន​សាលារៀន និង​មន្ទីរពេទ្យ ហើយ​ផែនការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ត្រូវ​ចំណាយ​ធនធាន​ច្រើន បូក​ផ្សំ​ពេលវេលា​ច្រើន​ផង បង្ក​កុមារ​ខកខាន​មិនបាន​រៀន​សូត្រ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ជួប​ឧបសគ្គ​ច្រើន។ «»

លិខិត​ជូនដំណឹង​របស់​អភិបាលខែត្រ​ស្ទឹងត្រែង​លោក មុំ សារឿន ចុះ​ថ្ងៃ​១១ តុលា ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​អះអាង​ថា នឹង​បន្ត​សហការ​ដោះស្រាយ​ផល​ប៉ះពាល់ ផ្អែក​តាម​គោលនយោបាយ​សមស្រប​ជូន​ពលរដ្ឋ​ផ្ទាល់។

អ្នកឃ្លាំមើល​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា អាជ្ញាធរ និង​ក្រុមហ៊ុន​គួរ​ទទួល​យក​សំណូមពរ​ពលរដ្ឋ​ដោះស្រាយ និង​អនុវត្ត​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​ថា តើ​មាន​ចំណុច​ណាខ្លះ ដែល​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្បែរ​ភូមិ​ចាស់​បាន ជា​ទឹកដី​កំណើត​របស់​គាត់។ លោក​កត់សម្គាល់​ថា ការស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ បាន​អូស​បន្លាយ​ពេល រហូត​បច្ចុប្បន្ន ហើយ​អាជ្ញាធរ​ខែត្រ​នៅតែ​ព្យាយាម​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​សំណង ដែល​ពួកគាត់​មិន​ពេញចិត្ត។ «»

អ្នកភូមិ​ក្បាល​រមាស និង​ស្រែគរ នៅតែ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ការ​ខូចខាត​ផលដំណាំ​កសិកម្ម ផ្ទះសម្បែង ផ្នូរ​ដូនតា ព្រៃឈើ និង​កុមារ​ជាង ៨០​នាក់ នៅ​ភូមិ​ក្បាល​រមាស​បោះបង់​ការសិក្សា​ដោយសារ​ការ​បិទទ្វារ​ទឹកជា​ស្ថាពរ​របស់​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បណ្ដាល​លិច​ផ្ទះសម្បែង​ពួកគាត់​ទាំងស្រុង។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ មិន​រាប់បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) មាន​ភាគហ៊ុន ៣៩​ភាគរយ និង​ក្រុមហ៊ុន ឆាយណា ហាយដ្រូឡានឆាង អ៊ីនធឺណេសិនណល អ៊ីននើជី (China's Hydrolancang International Energy) ប្រទេស​ចិន ភាគហ៊ុន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម​-​អន្តរជាតិ (EVN) មាន​ភាគហ៊ុន ១០%។ គម្រោង​នេះ​ជា​គម្រោង​ខ្នាត​ធំ​ទី​១ នៅ​ប្រទេស​កម្ពុជា ដែល​អនុម័ត​ដោយ​សម័យប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ចំណាយ​ប្រាក់​ជាង ៨០០​លាន​ដុល្លារ។ គម្រោង​នេះ​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជិត ៩០​ភាគរយ ទទួលយក​គោលនយោបាយ​សំណង និង​ព្រម​ចាក​ចេញទៅ​រស់នៅ​តំបន់​តាំង​លំនៅ​ថ្មី៕

No comments: